Sunday, February 28, 2016

ពលរដ្ឋសំណូមពរជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

12734203_1558416317806140_6171238474078262298_n

ភ្នំពេញ៖​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​​ និងជា​ប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​ នៅក្នុងកិច្ចប្រជុំ​ ត្រួតពិនិត្យ​លទ្ធផល​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មី​ កាលល្ងាច​ថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០១៦​ កន្លងទៅ​ បានបញ្ជាឲ្យ​មន្រ្តីពាក់ព័ន្ធ​នឹងការបែងចែក​ថវិកា​ ដែលទទួលបាន​ពីការផាកពិន័យ​បទល្មើសចរាចរណ៍​ផ្លូវគោក​ ទៅមន្រ្តី​ថ្នាក់ក្រោម​ឲ្យបានត្រឹមត្រូ​វ ហើយមន្រ្តីនគរបាល​ទាំងអស់​ ត្រូវបើកគណនី​នៅធនាគារ​រៀងៗខ្លួន​ ដើម្បី​បើកប្រាក់​ទាំងអស់នេះ​ ។​
ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គស្នងការរង​នគរបាលជាតិ​ បានថ្លែងថា​ សម្តេចក្រឡាហោម​ ស​ ខេង​ កំណត់ឲ្យ​មន្រ្តីនគរបាល​ទាំងអស់​ ត្រូវបើក​គណនី​ធនាគារ​ ដើម្បីបើកប្រាក់​លើកទឹកចិត្ត​ ដែលទទួលបាន​ពីការផាកពិន័យ​ ហើយសម្តេច​ ក៏បានបញ្ជាក់ថា​ ការបើកប្រាក់នេះ​ ត្រូវតែធ្វើឲ្យបាន​ត្រឹមត្រូវ​ទៅតាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ ។​
រយះពេលកន្លងទៅ​រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់ថា​ ប្រាក់ផាកពិន័យ​​​ ពីបទល្មើសច្បាប់ចរាចរណ៍​ ៥ភាគរយ​ ត្រូវដាក់ចូលទៅ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ហើយ​នៅសល់​ ៩៥ភាគរយ​ ត្រូវបែងចែក​ជូនដល់​កងកម្លាំងនគរបាល​ ។​ ក្នុងនោះនគរបាលចរាចរណ៍​ ចុះប្រចាំការតាមដងផ្លូវ​ ទទួលបាន​ ៧០ភាគរយ​ ជូនអង្គភាព​ប្រតិបត្តិការ​របស់កងកម្លាំង​ ២៥ភាគរយ​ ។​
គួរបញ្ជាក់ដែរថា​ គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ រយៈពេលជិត​ ២ខែ​ នៃការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោកថ្មីនេះ​ ថវិកាជិត​ ៤ពាន់លានរៀល​ ត្រូវបាន​ផាកពិន័យ​ពីអ្នក​បើកបរល្មើសច្បាប់​ចរាចរណ៍​ ។​ ដោយឡែក​ មន្រ្តីនគរបាលចរាចរណ៍​ ដែលចុះអនុវត្ត​ច្បាប់​លើដងវិថី​​ ជារៀងរាល់ថ្ងៃនោះ​ ក៏ត្រូវបាន​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបត្ថម្ភ​ក្នុងម្នាក់​ ៤,០០០រៀល​ទៀត​ ជារៀងរាល់ថ្ងៃ​ផងដែរ​ ។​


តាមរយ:​ការបែងចែកប្រាក់​ ដែលទទួលបាន​ពីការផាកពិន័យ​ខាងលើនេះ​ បានលើកទឹកចិត្ត​ដ៏ធំធេង​ដល់កងកំលាំង​នគរបាលចរាចរណ៍​ សក្តិសម​ទៅនឹងអ្វី​ ដែល ពួកគាត់​ បានលះបង់​ ក្នុងការបំរើ​ប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃ​ដូចជា៖​ ការសម្រួលចរាចរណ៍​គ្រប់ពេលវេលា​ ការដោះស្រាយបញ្ហា​ទាំងយប់​ព្រលប់​ចោលប្រពន្ធកូន​ នៅ ផ្ទះ​ ការស៊ូទ្រាំ​នឹងកំដៅថ្ងៃ​ ការអត់ធន់​នឹងដំណក់ទឹកភ្លៀង​ និងការទទួលរង​នូវការប្រមាថ​ម៉ាក់ងាយ​ពីមនុស្សមួយចំនួន​ ។​ ពិសេស​ការលើកទឹកចិត្តនេះ​ បានបង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ អោយកាន់តែ​មានប្រសិទ្ធភាព​ថែមទៀត​ ក្នុងគោលដៅ​កាត់បន្ថយ​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ដែល​តែងតែ​កើតឡើង​ជារៀងរាល់ថ្ងៃ​គួរអោយខ្លាច​ ដោយសារតែ​អ្នកបើកបរ​មួយចំនួនធំ​ មិនគោរព​ច្បាប់ចរាចរណ៍នោះ​ ។​

News New​ សង្កេតឃើញថា​ ក្នុងរយ:ពេលជិត​ ២ខែ​​ នៃការអនុវត្ត​ច្បាប់ចរាចរណ៍ថ្មី​ បើទោះបី​ជាកងកំលាំងនគរបាលចរាចរណ៍​ ទទួលបាននូវ​ប្រាក់លើកទឹកចិត្ត​ច្រើនក៏ពិតមែន​ ប៉ុន្តែក្នុងការអនុវត្តនោះ​ មិនឃើញមាន​ការចាប់ផាកពិន័យ​ដោយបំពាន​ ដោយគំរាមកំហែង​ រឺប្រើអំពើមិនគប្បី​ ណាមួយ​មកលើ​អ្នកបើកបរ​ឡើយ​ មិនដូច​ការលើកឡើង​ពីសំណាក់​មនុស្សមួួយចំនួនតូចថា​ នគរបាល​ខំចាប់អោយបានច្រើន​ ដើម្បីបានលុយច្រើន​ដែរនោះទេ​ ។​ មានន័យថា​ នគរបាលចរាចរណ៍​ មិនបាន​  យកលេសនេះ​ លេសនោះ​ ដើម្បីធ្វើការផាកពិន័យឡើយ​ ។​

សំណូមពរប្រជាពលរដ្ឋ៖​ ទោះបីការអនុវត្ត​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ​ មិនបានបំពាន​លើពលរដ្ឋ​ក៏ពិតមែន​ ប៉ុន្តែបើតាម​News New ​ធ្វើការស្រង់មតិ​ប្រជាពលរដ្ឋ​ មួយចំនួន​ លើកឡើងថា​ ពួកគាត់​មានការព្រួយបារម្ភ​ ក្រែងពេលយូរៗទៅ​ កងកំលាំងនគរចរាចរណ៍​ កាន់តែបង្កើន​ការចាប់ផាកពិន័យ​ខ្ពស់ទៅៗ​  និងប្រើស្នៀត​ផ្សេងៗ​ ដើម្បីបានលុយច្រើន​ ដោយមិនគិត​ពីប្រជាពលរដ្ឋ​ ។​ ជាងនេះទៅទៀត​ ប្រជាពលរដ្ឋ​បានលើកជា​សំណូមពរដូចខាងក្រោម៖​

១.​ សូមមានការយោគយល់​ និងអធ្យាស្រ័យ​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួនតូច​ ដែលក្រីក្រ​ មានតែ​ម៉ូតូកញ្ច្រាស់​សំរាប់ជិះទៅធ្វើការ​ ឬដឹកឪវ៉ាន់​ចិញ្ចឹមជីវិត​ តែពុំមាន​ឯកសារ​គ្រប់គ្រាន់​ ។​

២.​ ប្រជាពលរដ្ឋខ្លះ​ ដែលគាត់​នៅតំបន់ឆ្ងាយៗ​ មិនសូវយល់ដឹង​ពីច្បាប់ចរាចរណ៍​ ប៉ុន្តែគាត់​មិនមានគំនិត​មិនគោរពច្បាប់ចរាចរណ៍នោះទេ​ សូមមានការ​ពន្យល់​គាត់អោយបានច្បាស់​ មុននឹងចាប់​ផាកពិន័យគាត់ ​អោយគាត់ទទួលយក​ការផាកពិន័យ​ដោយអស់ចិត្ត​ ។​

៣.​ សូមសមត្ថកិច្ច​បន្ថែមកំលាំង​ត្រួតពិនិត្យ​ជាតិអាល់កុល​ គ្រឿងស្រវឹង​ អោយបានច្រើនផ្លូវ​ និងកុំផ្សព្វផ្សាយ​ពីផ្លូវដែលត្រូវចាប់​ តាមព័ត៌មានផ្សេងៗ​ ដែលធ្វើ​អោយគាត់ដឹងមុន​ និងរកផ្លូវវាងនោះ​ ហើយបញ្ហា​គ្រោះថ្នាក់ចរាចរណ៍​នៅតែកើតឡើង​ដដែលនោះ​ ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ ភាគច្រើន​កើតឡើង​ពីការស្រវឹង​ ហើយបើកបរ​ មិនមែន​កើតឡើងពីការ​ អត់ប័ណ្ណបើកបរ​ អត់មួក​ អត់កាតគ្រីម៉ូតូ​នោះទេ​ ។​

0 comments:

Post a Comment