Wednesday, February 17, 2016

អាជីវករឆ្នេរអារីស្តុន ៧៥តូប តវ៉ានៅមុខរដ្ឋសភា

12751707_755819381215288_1054323982_o

12736747_755819617881931_1981548873_o

ភ្នំពេញ៖ ​អាជីវករ​ ៧៥តូប​ ដែលមាន​ទីតាំង​លក់ដូរ​នៅតាម​ឆ្នេរអារីស្តុន​ ស្ថិតក្នុង​ភូមិ៤​ សង្កាត់៤ ​ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​​ បាននាំគ្នា​មកដាក់ញ្ញត្តិ​​ និងតវ៉ា​នៅមុខ​រដ្ឋសភាជាតិ​ នាព្រឹក​ថ្ងៃទី១៨​ ខែកុម្ភ:​ ឆ្នាំ២០១៦នេះ​ ។​ បើតាម​ការរៀបរាប់​នៅក្នុងលិខិត​ ដែលក្រុមអាជីវករ​ សរសេរជូន​លោក​ យន្ត មីន​ អភិបាលខេត្ត​ព្រះសីហនុ​ ថា​៖​ អាជ្ញាធរខេត្ត​ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ ការរុះរើ​សំណង់អាជីវកម្ម​ចេញពីចំណីផ្លូវ​ឆ្នេរអារីស្តុន​ ដើម្បីរៀបចំ​តំបន់នេះ​ ជាតំបន់​ឆ្នេរគំរូសំខាន់​ កាលពី​ថ្ងៃទី១២​ ខែកុម្ភ:​​ ឆ្នាំ២០១៦​ ចាប់អនុវត្ត​ពីថ្ងៃទី១៣​ ខែកុម្ភ:​​ ឆ្នាំ២០១៦​ ដោយទុក​រយ:ពេល​ ១ខែ​គឺ​ រហូតដល់​ថ្ងៃទី១៣​ ខែមីនា​ ​ឆ្នាំ២០១៦ ។​ នៅក្នុង​លិខិត​ដដែល​ ក្រុមអាជីវករ​ ស្នើសុំ​ ២ចំណុច​គឺ ៖​

ទី១: ​រៀបចំ​តូបលក់ដូរ​ជាស្តង់ដារ​តាមគំរូ​ដូចតូប​នៅឆ្នេរអូរឈើទាល​ ដែលអាជ្ញាធរខេត្ត​ បានអនុវត្ត​កន្លងមក​ ដូចមាន​ភ្ជាប់ប្លង់ស្រាប់​ ដោយក្រុមអាជីវករ​ ជាអ្នក​អភិវឌ្ឍខ្លួនឯង​ ។​

ទី២:​ បើរាជរដ្ឋាភិបាល​ត្រូវការ​អភិវឌ្ឍ​តំបន់ឆ្នេរអារីស្តុន​ ជាឆ្នេរគំរូសំខាន់​ ក្រុមអាជីវករ​ស្នើសុំ​អាជ្ញាធរ​រៀបចំ​ឆ្នេរតំបន់ផ្សេង​ ដើម្បី​ទុកអោយ​ពួកគាត់​បានប្រកប​មុខរបរ​លក់ដូរនេះ​បន្តទៀត​ គ្រាន់បាន​កំរៃផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។​

News New​ ចង់សួរថា​ តើជាកំហុស​អ្នកណា​ សម្រាប់រឿងនេះ?​ ធម្មតា​តំបន់ឆ្នេរសមុទ្រ​ ជាតំបន់សាធារណ:​ ជាកម្មសិទ្ធិរបស់រដ្ឋ​ រដ្ឋចង់យកអភិវឌ្ឍ​មានអីខុស ។​ ប៉ុន្តែអ្វី​ដែលសំខាន់​ អ្នកណា​អោយពួកគាត់​លក់ដូរ​កន្លងនោះ?​ ដឹងហើយថា​ជាដីរបស់រដ្ឋ​ គង់តែរដ្ឋយកវិញ ។​ ដល់តែពេល​អោយពួកគាត់​លក់ដូរ​យូរៗទៅ​ ពួកគាត់​ប្រាកដជា​គិតថា​ ជារបស់គាត់​ ពេលរដ្ឋយកវិញ​ ពួកគាត់​នឹងមិន​សុខចិត្តនោះទេ​ ។​ ជាទូទៅ​ អាជ្ញាធរដែនដី​ របស់ខ្មែរយើង​មួយចំនួនធំ​ មិនបានគិត​ពីផលវិបាក​នៅពេលក្រោយឡើយ​ ច្រើន​បណ្តែតបណ្តោយ​អោយប្រជាពលរដ្ឋ​សាងសង់​លំនៅដ្ឋាន​ កន្លែង​លក់ដូរ​នៅលើដីរដ្ឋ​ និងអាជ្ញាធរ​មួយចំនួនតូចទៀត​ ក៏ទទួលបាន​ផលប្រយោជន៍​តិចតួច​ពីរឿងនេះ ។​ កន្លងមក​សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ធ្លាប់បាន​លើកបញ្ហានេះ​ ទាំងការសាងសង់​លំនៅដ្ឋាន​ និង​សំណង់ផ្សេងៗ​បំពានលើច្បាប់​ គឺមិនគោរពតាម​ច្បាប់កំណត់​ចម្ងាយពីផ្លូវថ្នល់​ទៅទីកន្លែងសាងសង់​ និងការ​បណ្តោយ​អោយប្រជាពលរដ្ឋ​លក់ដូរ​លើទ្រូងផ្លូវ​នាំអោយ​ស្ទះចរាចរណ៍​ជាដើម។ ​មិនតែប៉ុណ្ណោះ​ News New​ សង្កេតឃើញថា​ តំបន់មួយចំនួនទៀត​ដូចជា: ​នៅអមសងខាង​ផ្លូវរថភ្លើង​ ក៏មានការ​សាងសង់​លំនៅដ្ឋាន​ច្រើនសន្ធឹក​សន្ធាប់ ។​ តើអាជ្ញាធរ​ លោកមានបានគិតថា​ ប្រជាពលរដ្ឋទាំងនោះ​ អាចប្រឈម​នឹងគ្រោះថ្នាក់​ រឺពេលណាមួយ​រដ្ឋត្រូវការ​អភិវឌ្ឍ​ផ្លូវរថភ្លើងនោះ​ ។​ តើប្រជាពលរដ្ឋ​ទាំងនោះ​ទៅណា?​ បាតុកម្ម​នឹងកើតឡើងទៀត​ ។​ អ្នកណា​ដោះស្រាយ​ ?​

(ព័ត៌មានមួយចំហៀងពីក្រុមអាជីវករ)

0 comments:

Post a Comment