Thursday, March 10, 2016

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាអោយបើកការត្រួតពិនិត្យទ្រង់ទ្រាយធំរកអាវុធជាតិផ្ទុះខុសច្បាប់

12800244_796226490517372_6304057555135029451_n

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ នេត សាវឿន បានបញ្ជាឲ្យស្នងការ និងអធិការនគរបាលស្រុក ខណ្ឌ ក្នុងទាំងអស់ ត្រូវបើកយុទ្ធនាការទ្រង់ទ្រាយធំរបស់ខ្លួន បើកការត្រូតពិនិត្យ គ្រប់ច្រកល្ហកទាំងអស់ ស្រាវជ្រាវរកឲ្យឃើញ ការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ ដើម្បីធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការធានាបាននូវអំពើចោរប្លន់ប្រដាប់អាវុធ ។ ការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងនៅក្នុងសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់គណ:បញ្ជាការដឹកនាំអនុវត្ត ផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កំលាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ល្ងាចថ្ងៃទី៩ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ ។ ឯកឧត្តម នាយឧត្តមសេនីយ នេត សាវឿន បន្តថា បច្ចុប្បន្ន គ្រប់អាវុធជាតិផ្ទុះ ដែលមានប្រើប្រាស់នៅក្នុងអង្គភាពជួរកងកំលាំងនគរបាល និងអង្គភាពជួរកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ត្រឹមត្រូវគឺ យើងគ្រប់គ្រងបាន ។ ប៉ុន្តែអាវុធជាតិផ្ទុះខុសច្បាប់ ដែលកំពុងបានប្រើប្រាស់ដោយក្រុមជនល្មើស ប្រើប្រាស់គំរាមគេគំរាមឯង រហូតដល់មានការប្លន់ប្រដាប់អាវុធ បាញ់សម្លាប់គឺ យើងមិនទាន់គ្រប់គ្រងបានទេ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា សម្រាប់ការងារនេះ គ្រប់បណ្តាស្នងការខេត្ត រាជធានី អាធិការស្រុក ក្រុង ខណ្ឌ មួយចំនួន ពេលត្រលប់ទៅវិញ ត្រូវសហការជាមួយកំលាំងកងរាជអាវុធហត្ថរាជធានី ខេត្ត និងប្រធានគណ: បញ្ជាការឯកភាពខេត្ត រាជធានី  ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវធ្វើការងារនេះ សំដៅធ្វើយ៉ាងណាត្រួតពិនិត្យ ស្វែងរកគ្រប់អាវុធជាតិផ្ទុះ ឲ្យខាងតែបាន ដើម្បីកុំឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានការភ័យខ្លាច ដោយសារជនខិលខូច ជនល្មើសប្រើប្រាស់អាវុធគំរាម ប្លន់ បាញ់សម្លាប់ជាដើម ៕

0 comments:

Post a Comment