Monday, March 28, 2016

អ្នកឧកញ៉ា គិត ម៉េង ជួបធុរជនរុស្ស៊ី

12901383_994656177238679_328601375370658887_o

News New: អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំជំនួបពាណិជ្ជកម្មរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងធុរជនរុស្ស៊ី ដែលដឹកនាំដោយ លោក អាឡិចហ្សិនឌើ ឌីអាណូវ(Alexander Dianov)អគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ីអាហ្វ្រិក និងអាមេរិកឡាទីន នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី។ជំនួបពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅនៅសាលសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។ គណៈប្រតិភូធុរកិច្ចរុស្ស៊ី ដែលអញ្ជើញចូលរួមក្នុងកិច្ចជំនួបពាណិជ្ជកម្មនោះ រួមមាន ១៩ក្រុមហ៊ុន ក្នុងចំណោមដ ៤៣ក្រុមហ៊ុន ដែលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា គឺសុទ្ធសឹងតែជាក្រុមហ៊ុនធំៗនៅប្រទេសរុស្ស៊ី ជាប្រភេទក្រុមហ៊ុនរបស់រដ្ឋ និងរបស់ឯកជន។


អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ស្វាគមន៍ធុរជនរុស្ស៊ី និងបានលើកឡើងពីសក្តានុពលរបស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ។ ក្នុងនោះដែរអ្នកឧកញ៉ា បានលើកឡើងពីការកសាងហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យការរីកចម្រើនរបស់វិស័យឯកជន រួមមានដូចជា ៖ ផ្លូវថ្នល់ និងផ្លូវដែកជាដើម ។ ជាងនេះទៅទៀត អ្នកឧកញ៉ា ក៏បានជម្រាបជូនភ្ញៀវអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងការបញ្ឈប់ការ យកប្រាក់ឆ្លងកាត់ផ្លូវជាតិលេខ៤ ដែលនេះជាហេតុជួយកាត់បន្ថយយ៉ាងច្រើនដល់ថ្លៃដឹកជញ្ជូនទំនិញទៅកំពង់ផែក្រុងព្រះសីហនុ។
អ្នកឧកញ៉ា បានលើកទឹកចិត្តឲ្យរុស្ស៊ីមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍ ។ ក្នុងន័យនេះ អ្នកឧកញ៉ា បានស្នើទៅតំណាងស្ថានទូតរុស្ស៊ីនៅកម្ពុជា ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ សូមជួយស្នើទៅរដ្ឋាភិបាលរុស្ស៊ី និងវិនិយោគិនរុស្ស៊ី សូមធ្វើការពិចារណាក្នុងការរៀបចំឲ្យមាន ការហោះហើរត្រង់ពីរុស្ស៊ី មកកម្ពុជា និងស្នើឲ្យមានការលើកលែងទិដ្ឋាការទៅកាន់រុស្ស៊ី។

ឯកឧត្តម អាឡិចហ្សិនឌើ ឌីអាណូវ (Alexander Dianov) មានប្រសាសន៍ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ដែលបានចែករំលែកនូវព័ត៌មានដ៏មានតម្លៃ អំពីការវិនិយោគនៅកម្ពុជា ហើយឯកឧត្តម នឹងជម្រាបជូនទៅវិនិយោគិនរុស្ស៊ី ក៏ដូចជារដ្ឋាភិបាលរុស្ស៊ី អំពីគំនិតផ្តួចផ្តើមនានារបស់សភាពាណិជ្ជកម្មកម្ពុជា ហើយឯកឧត្តម បានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះគោលគំនិតទាំងអស់នេះផងដែរ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរ បានឯកភាពគ្នាឲ្យមានទំនាក់ទំនងផ្ទាល់ៗរវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរ និងគ្រោងដាក់សំណើទៅរដ្ឋាភិបាល សុំឲ្យមានកិច្ចប្រជុំទ្វេភាគីរវាងវិនិយោគិនកម្ពុជា និងរុស្ស៊ី ក្នុងអំឡុងនៃដំណើរទស្សនកិច្ច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅរុស្ស៊ីនៅខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ៕

12593525_994658843905079_7512093891288030172_o

12792243_994658960571734_8060195541049602465_o

12593791_994658387238458_7700385974559536971_o

12593525_994658440571786_8750273570903728194_o

11255012_994659587238338_2602228809866468894_o

12513694_994660013904962_8172591878276456177_o

12891556_994659077238389_9214794017100318613_o

0 comments:

Post a Comment