
ព្រៃវែង៖ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នេះ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាប្រធានសហភាសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជន ខេត្តព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះស្តេច រួមនឹងសិស្សានុសិស្សវិទ្យាល័យ ប្រមូលព្រហ្ម ចំនួន ៣០០នាក់ ធ្វើការបរិច្ចាកឈាម ជូនមន្ទីរពេទ្យ ដើម្បីទុកជួយសង្គ្រោះជីវិតមនុស្ស ពេលជួបគ្រោះថ្នាក់ ឬត្រូវការឈាមបន្ទាន់ ។ នៅក្នុងឱកាសនោះ លោក ស សុខា ក្នុងនាមយុវជនមួយរូប លោកបានបញ្ជាក់ថា ការបរិច្ចាកឈាម នេះ មានសារ:សំខាន់ណាស់ ព្រោះឈាមយើងមួយប្លោក អាចសង្គ្រោះជីវិតមនុស្សបានមួយនាក់ ហើយមនុស្សនោះ យើងមិនដែលស្គាល់ មិនដឹងនៅឯណា ? ដូច្នោះឈាមយើង បានទៅភ្ជាប់និស្ស័យជាមួយឈាមមនុស្សម្នាក់ផ្សេងទៀត ដោយមិនដឹងមុន អាចចាតិទុកថា ជានិស្ស័យពីជាតិមុន ។ ជាងនេះទៅទៀត លោក ស សុខា បានបញ្ជាក់ថា ក្រោមពាក្យស្លោកមួយឃ្លាពោលថា" ឈាម ១ប្លោកមិនត្រឹមតែសង្គ្រោះជីវិតមនុស្ស ១នាក់ គឺរួមចំនែករក្សាធនធានមនុស្សក្នុងសង្គមជាតិទាំងមូល " ។
លោក ស សុខា ក្នុងនាមជាយុវជនមួយរូប លោកសូមសំណូមពរដល់យុវជនទាំងឡាយ មេត្តាចូលរួមផ្តល់ឈាមទាំងអស់គ្នា ដើម្បីជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលកំពុងជួបគ្រោះថ្នាក់ផ្សេងៗ និងត្រូវឈាមបន្ទាន់ តាមដែលអាចធ្វើទៅបាន ។
បញ្ជាក់: តាមគោលការណ៍ពេទ្យ មនុស្សប្រុសអាចធ្វើការផ្តល់ឈាមក្នុងពេល ៣ខែម្តង ហើយស្ត្រីអាចផ្តល់ឈាមក្នុងពេល ៦ខែម្តង ៕







No comments: