Thursday, March 24, 2016

សម្តេច ស ខេង បន្ទោសមន្ត្រីមួយចំនួនចេះតែ ស៊ីញ៉េ និងប្រថាប់ត្រាមិនគិតពីផលប៉ះពាល់

72337_1145585082142352_864943656437937161_n
News New:  កាលពីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងតួនាទី អភិបាលនៃគណ:អភិបាល និងអភិបាលរងខេត្តកំពង់ស្ពឺ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់មន្ត្រីរាជការទាំងអស់ ត្រូវតែចេះរួបរួមសាមគ្គីគ្នា ដើម្បីបំពេញកាត្វកិច្ច និងភារកិច្ចបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរបំផុត ។
លោកអ៊ូ សំអួន អតីតជាអភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវរាជរដ្ឋាភិបាលផ្លាស់ប្តូរទៅកាន់មុខដំណែងថ្មីក្នុងទីស្តីការក្រសួងក្នុងជួរគណៈរដ្ឋមន្ត្រី ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្តប្រគល់តួរនាទី ភារកិច្ចជួន លោក វ៉ី សំណាង អភិបាលរងខេត្តកំពង់ស្ពឺជា អភិបាលនៃគណ:អភិបាលខេត្ត ដើម្បីបន្តការដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យមានភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះដែរក៍មានការតែងតាំងលោក ព្រំ វណ្ណៈ ជាអភិបាលរងខេត្តកំពង់ស្ពឺផងដែរ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្ទេរភាកិច្ច តែងតាំងផ្លាស់ប្តូរតួនាទីភារកិច្ចដល់មន្ត្រីរាជការនេះ វាជារឿងធម្មតា សម្រាប់ក្របខណ្ឌមន្ត្រីរាជការ យោងតាមគោនយោបាយរបស់រាជរដ្ឋាភិបាល មានអភិបាលខេត្ត និងរដ្ឋមន្ត្រីមួយចំនួនផងដែរ។ សម្តេច បន្តថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងថ្នាក់ក្រោមជាតិ ត្រូវតែបំពេញភារកិច្ចមួយចំនួនដូចជា ៖ ថែរក្សាការពារសន្តិសុខ សុវត្ថិភាពជួនប្រជាពរដ្ឋ សង្គមជាតិទាំងមូល និងត្រូវដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ ជាពិសេសមន្ត្រីអ្នកអនុវត្តច្បាប់ មិនត្រូវមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់មនុស្សជា មធ្យមពី ៧ ទៅ៨នាក់នៅក្នុង ១ថ្ងៃៗ ហើយខេត្តកំពង់ស្ពឺនេះ គឺជាប់ចំណាត់ខ្ពស់បញ្ហាគ្រោះថ្នាក់ចរាចក្នុងចំណោមខេត្តមួយចំនួនទៀត។ ដូច្នេះត្រូវតែរឹតបណ្តឹង អប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ចរាចរអោយបានទូរលំទូលាយ និងបញ្ហាគ្រឿងញៀន ដែលកំពុងវាយលុកក្នុងស្រទាប់យុវជន ដែលជាសរសទ្រូងរបស់ប្រទេសជាតិ សូមអស់លោក បង្កើនការបង្ក្រាបក្រុមជនល្មើសទាំងនោះ យកមកធ្វើការផ្តន្ទាទោសតាម ច្បាប់ ជាខាច់ខាតកុំឱ្យមានការចរាចគ្រឿងញៀននេះ កាន់តែរីកដុះដាលដល់តាមតំបន់ជនបទទៀត។
សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ចំពោះបញ្ហាបម្រែបម្រួលនៃអាកាសធាតុ ការកើនឡើងនៃកំដៅព្រះអាទិត្យ បានធ្វើឱ្យប្រភពមួយចំនួនត្រូវរីងស្ងួត។ដូច្នេះយើងត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សូម្បីតែនៅប្រទេសវៀតណាម ទឹកសមុទ្របានហូរចូលមកគ្របដណ្តប់លើដែនទឹកសាប អស់ប្រមាណជាង ១០០គីឡូម៉ែត ដោយកំពស់នីវ៉ូទឹកសមុទ្រខ្ពស់ជាង ។ អំពីបញ្ហាទំនាស់ដីធ្លី ដែលកើតមានឡើង មន្ត្រីពាក់ព័ន្ធត្រូវចុះស្រាវជ្រាវរកមូលហេតុ ដែលបង្ករឱ្យមានទំនាស់។ ក្នុងនោះមន្ត្រីយើងមួយចំនួន ចេះតែស៊ីញ៉េ ប្រថាប់ត្រាមិនគិតពីផលប៉ះពាល់ ។ជាងនេះទៅទៀត សម្តេច ក៏បានបន្ទោសការលប់ដីអាងស្តុបទឹកអូរក្រាំងអំបិល ដែលឈ្មួញកំពុងតែចាក់រាល់ថ្ងៃស្ទើរអស់មួយជំហៀងហើយនោះដែរ។ នៅពេលសួរនាំទំលាក់កំហុសទៅលើប្រជាពលរដ្ឋជាអ្នកលក់៕ប៉ុន្តែអស់លោកគឺបានដឹងហើយថា ដីទាំងនោះជាដីរបស់រដ្ឋ ហេតុអី ស៊ីញ៉េ ប្រថាប់ត្រាទាំងបំពានបែបនេះ ខណៈបឹងបួរ ប្រឡាយ ត្រូវបានស្តារ និងជីកឡើងវិញនោះ ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ពាក់ព័ន្ធការជ្រើសតាំងមន្ត្រីថ្នាក់ក្រោមជាតិ គឺរាជរដ្ឋាភិបាលកម្ពុជា តម្រូវជ្រើសរើសអ្នកនៅក្នុងមូលដ្ឋានផ្ទាល់ ព្រោះពួកគាត់មានស្គាល់ពីភូមិសាស្ត្រច្បាស់លាស់ សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែត្រូវមានទាំងសមត្ថភាព និងបទពិសោធការងារផងដែរ ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវផ្តល់សេវាបំរើជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចជា៖ ការចុះបញ្ជីកំណើតឱ្យមានគ្រប់គ្នា ព្រោះមានសារ:សំខាន់ណាស់ គឺត្រូវតែបំពេញកាត្វកិច្ច តួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ។ ការថែទាំសុខមាលភាពប្រជាពលរដ្ឋ ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលឱ្យបានគ្រប់ផែនការ ផ្តល់ជូនពលរដ្ឋ ដែលមានអាយុចាប់់ពី ១៥ឆ្នាំឡើង ដោយសារវាមានសារៈសំខាន់បំផុត ក្នុងការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខ ព្រោះក្រៅពីអត្តសញ្ញាណប័ណ្ណ ដូចជា៖ កាតមន្ត្រីរាជការ កាតប៉ូលីស ទាហាន លិខិតឆ្លងដែន កាតព្រះសង្ឃ និងឯកសារផ្សេងៗ មិនអាចចុះឈ្មោះបោះឆ្នោតបានទេ ក្នុងច្បាប់បោះឆ្នោត ។
សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញអោយអាជ្ញាធរត្រូវជំរុញការធ្វើកសិកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម ធនធានខ្សាច់ ថ្មភ្នំ សុទ្ធតែជាប្រភពនៃចំណូលរបស់រដ្ឋ ដូច្នេះក្នុងមូលដ្ឋានយើង ត្រូវគ្រប់គ្រងឱ្យបាន និងស្វែងយល់ សិក្សាស្រាវជ្រាវធនធានផ្សេងៗទៀត ដើម្បីទាញយកអ្នកវិនិយទុនមករកស៊ីក្នុងមូលដ្ឋានយើង ដើម្បីបង្កើនចំណូល និងការងារជួនប្រជាពលរដ្ឋ ។ ក្នុងនោះបន្តការគ្រប់គ្រងជនអន្តោប្រវេសន៍ (ជនបរទេស) ដោយសហការជាមួយនគរបាលអន្តោប្រវេសន៍ឱ្យមានល្អប្រសើរ ដោយសារខេត្តកំពង់ស្ពឺ មានតំបន់រោងចក្រឧស្សាកម្មច្រើន ។
ជាចុងក្រោយសម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា នៅក្នុងកិច្ចការងារគ្រប់គ្រងរដ្ឋបាលខេត្តឱ្យបានល្អប្រសើរនោះ អភិបាលខេត្តថ្មី ត្រូវមានសាមគ្គីភាពយ៉ាងស្អិតរមួតជាមួយប្រធានក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល អភិបាលរង សមាជិកក្រុមប្រឹក្សា មន្ត្រីក្រោមឱវាទទាំងអស់ ក្នុងការបំរើប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងខេត្ត និងសង្គមជាតិទាំងមូលផងដែរ ៕

0 comments:

Post a Comment