Recent Posts

Seo Services

លោក ប្រាស៊ីត និងឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញពីហេតុផលដែលសម្តេច ហេង សំរិន គួរទទួលបានពានរង្វាន់

10403123_588081571365322_3049798074525424319_n


News New: នៅពេលដែលប្រទេសកម្ពុជាយើងធ្លាក់ចូលក្នុងសង្រ្គាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោកបានស្ថិតនៅជាមួយប្រជាជន ការពារប្រជាជន និងបានរំដោះប្រទេសជាតិចេញពីសង្រ្គាម។ចាប់តាំងពីឆ្នាំ១៩៧៩ មក សម្តេចបានចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ រហូតដល់មានការបោះឆ្នោតជាសកល ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ។ បន្តមកទៀត ដោយមានការគំាទ្រពីប្រជាពលរដ្ឋ សម្តេចចក្រី ហេង សំរិន បានបន្តចូលរួមចំណែកដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ។ សម្តេចបានដឹកនាំស្ថាប័នរដ្ឋសភា និងបានតាក់តែងច្បាប់ជាច្រើន សម្រាប់ការគ្រប់គ្រង កសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមបែបលទ្ធិប្រជាធិបតេយ្យរហូតមក។ នេះគឺជាការគូសបញ្ជាក់របស់ លោក ប្រាស៊ីត សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ហៅកាត់ថា UMA នៅក្នុងឱកាសពិធី ប្រគល់ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នេះ នៅវិមានរដ្ឋសភា។


លោក ប្រាស៊ីត សែនរុងរឿង បានគូសបញ្ជាក់ទៀតដែរថា “យើងខ្ញុំជាក្រុមអ្នកកាសែតអាជីព ដែលមានបទពិសោធន៍ច្រើនឆ្នាំលើកិច្ចការនយោបាយ សេដ្ឋកិច្ច និងសង្គម បានមើលឃើញពីគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេច ដូច្នេះហើយយើងខ្ញុំក៏សម្រេចរួមគ្នាផ្តល់ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍជូនសម្តេច”។គ្រាន់តែលោក ប្រាស៊ីត សែនរុងរឿង ថ្លែងដូច្នេះចប់ សំលេងទះដៃអបអរសាទរ បានលាន់ឮ កងរំពង ពេញសាលប្រជុំនៃរដ្ឋសភា។ យើងសង្កេតឃើញថា វត្តមានអ្នកចូលរួម អបអរសាទរក្នុងពិធីប្រគល់ពានរង្វាន់ជូនសម្តេចប្រធានរដ្ឋសភា នៅពេលនេះមានប្រមាណជាជាង ២០០នាក់ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នសំខាន់ៗ ដូចជា ៖ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមន្ទីរ ពិសេសវត្តមានថ្នាក់ដឹកនាំ សមាជិកនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ជាច្រើននាក់ផងដែរ។


សូមបញ្ជាក់ថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ហៅកាត់ថា UMA គឺបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១០ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិក សមាជិការបស់ UMA ប្រមាណ ២០០នាក់ ហើយមកដល់ពេលនេះ UMA មានសមាជិក ជិត ៥ពាន់នាក់ ដែលសុទ្ធសឹងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ មកពី ៥ប្រទេស រួមមាន៖  កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ។ បន្ទាប់ពីលោក ប្រាស៊ីត សែនរុងរឿង បានឡើងប្រកាសពីមូលហេតុ ដែលស្ថាប័នលោកសម្រេចផ្តល់ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួចមក ។ ក្នុងនោះដែរឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជា ណាចក្រកម្ពុជា បានលើកឡើងថា ថ្ងៃនេះគឺជាឱកាសដ៏វិសេសវិសាលមួយ និងមានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលអគ្គលេខាធិការនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានសម្រេចប្រគល់ពានរង្វាន់ “សន្តិភាព និងការអភិវឌ្ឍ” ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលកន្លងមកសម្តេចបានលើកស្ទួយ និងជួយជ្រោមជ្រែងឲ្យមានសេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងលំហូរសារព័ត៌មានដោយសេរី និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈបញ្ញត្តិច្បាប់នានានៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ នៅត្រង់ចំនុចនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកជាឧទាហរណ៍ជាក់ស្តែងថា ក្នុងនោះការអនុម័តច្បាប់ស្តីពី របបសារព័ត៌មានរបស់រដ្ឋសភា ដែលច្បាប់នោះមិនតម្រូវអោយមានការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ និងគ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិឡើយ ក៏ដូចជាការពង្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ទាំងអស់នេះហើយ សុទ្ធតែជាកត្តាបញ្ជាក់ពីអន្តរនីតិប្បញ្ញត្តិ ដែលបាន និងកំពុងជួយជ្រោមជ្រែង លើកស្ទួយសេរីភាពសារព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍បន្តថា តាងនាមឲ្យមន្រ្តីរាជការក្រសួងព័ត៌មាន និងសមាជិកសមាជិកា UMA សូមថ្លែងអំណរគុណ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលសម្តេចតែងតែគំាទ្រ ជួយជ្រោមជ្រែង ព្រមទំាងបានលើកស្ទួយវិស័យព័ត៌មាននៅកម្ពុជា និងអាស៊ានឲ្យរឹតតែមានភាពល្អប្រសើរឡើងជាលំដាប់។ ឯកឧត្តមក៏បានសំដែងនូវការចូលរួមអបអរសាទរជាមួយសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដែលបានជ្រើសរើសប្រគល់ពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍ ជូនសម្តេច ដែលជាឥស្សរជនគួរឲ្យគោរព មានព្រហ្មវិហារធម៌ និងបានដឹកនាំនាវាកម្ពុជា លើផ្លូវដ៏ត្រឹមត្រូវទំាងថ្នាក់តំបន់ និងអន្តរជាតិ។ បន្ទាប់ពីសន្ទរកថា របស់ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ចប់ លោក ប្រាស៊ីត សែនរុងរឿង ក៏បានលើកពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ។


ថ្លែងនៅក្នុងឱកាសដ៏អស្ចារ្យនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា "ពានរង្វាន់នេះ គឺជាកិត្តិយស និងជាការលើកទឹកចិត្ត ដ៏ធំ ធេងដល់រូបខ្ញុំ ចំពោះការបំពេញភារកិច្ច បម្រើប្រទេសជាតិកន្លងមក ហើយក៏ជាការជម្រុញទឹកចិត្តឲ្យខ្ញុំខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាបន្តទៀត" ។ សម្តេចក៏បានគូសបញ្ជាក់បន្តថា ចំពោះកិត្តិយសដ៏ធំ ដែលសម្តេចបានទទួលនៅពេលនេះ សម្តេចសូមចែករំលែកដល់ប្រជាជាតិខ្មែរទំាងមូល រួមជាមួយថ្នាក់ដឹកនាំទំាងអស់ ដែលខិតខំប្រឹងប្រែងរួមគ្នាតំាងពីដើមរៀងមក ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រជាជាតិខ្មែរទំាងមូល។ ជាងនេះទៅទៀត សម្តេចថ្លែងថា “ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមចែករំលែកកិត្តិយសនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានជួយគំាទ្រ ដល់ការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ក្នុងការស្វែងរកសន្តិភាព និងកិច្ចអភិវឌ្ឍប្រទេសជាតិរហូតដល់បច្ចុប្បន្ន”។លើសពីនេះទៅទៀត សម្តេចប្រធានរដ្ឋសភា បានលើកឡើងដែរថា សន្តិភាព និងប្រជាជន ប្រៀបបានទឹក និងត្រី។ ដូចេ្នះសន្តិភាព ត្រូវតែផ្សាភ្ជាប់មិនអាចកាត់ផ្ដាច់បានពីសេរីភាព និងប្រជាធិបតេយ្យ។ ជាចុងបញ្ចប់សម្តេចបានអំពាវនាវដូច្នោះថា “ខ្ញុំសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិជួយគាំទ្រយើងខ្ញុំតទៅទៀត។ ខ្ញុំសូមអំពាវនាវឲ្យថ្នាក់ដឹកនាំទំាងឡាយក្នុងពិភពលោក ជ្រើសយកមាគ៌ា សន្តិភាព សេរីភាព និងប្រជាធិបតេយ្យ ដើម្បីបង្កើតបរិយាកាសសុខសាន្ត ជូនប្រជាជនទំាងអស់ក្នុងសាកលលោក ដែលចង់បានសន្តិភាព និងការអភិវឌ្ឍ “៕


12923237_588076971365782_5812676542682124728_n


943836_588081548031991_4491521731709583744_n


10644856_1091855754198278_1798952504546345116_n


12919637_588081554698657_1251864510609437317_n


12592516_1868678286692040_6601453177306647625_n


 
លោក ប្រាស៊ីត និងឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញពីហេតុផលដែលសម្តេច ហេង សំរិន គួរទទួលបានពានរង្វាន់ លោក ប្រាស៊ីត និងឯកឧត្តម ខៀវ កាញារីទ្ធ បង្ហាញពីហេតុផលដែលសម្តេច ហេង សំរិន
គួរទទួលបានពានរង្វាន់ Reviewed by Unknown on 12:34:00 AM Rating: 5

No comments:

Powered by Blogger.