Thursday, March 10, 2016

សម្ដេច ស ខេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យរថយន្តដឹកដី ធ្លាក់ដីខូចបរិស្ថាន ខូចផ្លូវ និងបើកបរលឿន

12841190_796765530463468_4780476195612876196_o
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាពិនិត្យ និងចាត់វិធានការឡើងវិញចំពោះបញ្ហារថយន្តដឹកដីណាឥតសណ្តាប់ធ្នាប់ ដែលធ្វើឲ្យមានធ្លាក់ដីខូចបរិស្ថានក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានា ខណៈ ដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើន បានរអ៊ូរទាំពីបញ្ហាប្រឈម នៃរថយន្តដឹកដីធ្វើអាជីវកម្មមួយចំនួននោះ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងពីប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង នៅក្រោយកិច្ចប្រជុំបូកសរុបលទ្ធផលការងារសប្ដាហ៍ទី១ ខែមីនា របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ថា សម្រាប់បញ្ហារថយន្តបើកបរធ្វើអាជីវកម្មដឹកដី ធ្វើឲ្យខូចផ្លូវ ធ្លាក់ដី ហុយដី បង្កឲ្យការប៉ះពាល់បរិស្ថាន និងបើកបរមិនគោរពសិទ្ធអាទិភាពអ្នកដទៃ នឹងត្រូវបានចាត់វិធានការធ្ងន់ធ្ងរមួយទៅតាមច្បាប់កំណត់។សម្រាប់រថយន្តធុនធំដឹកដីកំពុងបានបើកបរបច្ចុប្បន្នភាគច្រើនគឺ គេឃើញមានរថយន្តមួយចំនួន ដឹកដីហៀរ អត់គ្រប ធ្លាក់ធ្វើដីហុយប៉ះពាល់ដល់សុខភាព សំលៀកបំពាក់ អ្នកធ្វើដំណើរដោយម៉ូតូ ។ សម្រាប់បញ្ហានេះ សម្តេចក្រឡាហោម ស ខេង ថានឹងចាត់វិធានការ ។ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលា ថា តើត្រូវអនុវត្តនៅពេលណានោះទេ ? ក្នុងកិច្ចប្រជុំនោះផងដែរ សម្តេចក្រឡាហោម ស ខេង មានមោទនភាពចំពោះកងកម្លាំងនគរបាលចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកជួយធ្វើឲ្យអាត្រានៃគ្រោះថ្នាក់ចរាចរណ៍ ទាំងការស្លាប់ និងរបួស បានធ្លាក់ចុះជាលំដាប់គួរអោយកត់សំគាល់ ។ បើតាមរបាយការណ៍បញ្ជាក់ថា នៅក្នុងសប្តាហ៍ទី១ ក្នុងខែមីនានេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ៨២លើក ថយចុះ ១៤លើក បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃសប្តាហ៍ទី១ នៅក្នុងខែកុម្ភៈនោះ ។ នៅក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ៨២លើកនេះ គឺបានបណ្តាលឲ្យមនុស្សស្លាប់ ៣៦នាក់ ថយចុះ ១៦នាក់ ក្នុងនោះស្លាប់ដោយសារការមិនពាក់មួកសុវត្ថិភាព មាន ១៨នាក់ និងបង្កឲ្យមានអ្នករបួស ១៥២នាក់ កើនម្នាក់ ។ បញ្ហាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺកើតដោយសារ កត្តាល្បឿនហួសកំណត់ ៤៧% វ៉ាជែង ១៦% កត្តាស្រវឹង ១១% មិនគោរពសិទ្ធិអាទិភាព ១០% ហើយក្រៅពីនេះគឺ កើតដោយសារកត្តាមិនប្រកាន់ស្តាំ បត់ និងកត្តាងងុយដេក ជាដើម៕

10634012_796765233796831_7493815340373844746_o


10679707_796765717130116_6073474443288588915_o


1276669_796765933796761_4312065552537692496_o


0 comments:

Post a Comment