Thursday, April 28, 2016

ក្រសួងព័ត៌មាន ស្នើអោយកែសំរួលព័ត៌មានថា ផ្លូវរថភ្លើងពីភ្នំពេញទៅព្រះសីហនុ កសាងក្នុងសម័យអាណានិគមបារាំង

13055872_1112503225466864_2316418667138937671_o


News New: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងព័ត៌មាន បានចេញលិខិតជម្រាបជូនម្ចាស់វិទ្យុ ទូរទស្សន៍ និងចាងហ្វាងកាសែត ទស្សនាវដ្តី គេហទំព័រ ស្តីពីការផ្សព្វផ្សាយព័ត៌មានអំពីផ្លូវរថភ្លើង ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ" ដោយធ្វើការបង្ហោះជាសាធារណ:តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook របស់ក្រសួងព័ត៌មាន។


នៅក្នុងលិខិតនេះ មានខ្លឹមសារថា" យោង: លិខិតលេខ១៩៥/១៦ រវ.សជណ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ របស់ព្រះបរមរាជវាំង និងចំណាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងចាងហ្វាងកាសែត ទស្សនាវដ្តី គេហទំព័រ ទាំងអស់ជ្រាបថា កន្លងមកមានបណ្តាញសារព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានខុសឆ្គងដោយអចេតនាថា ផ្លូវរថភ្លើងខ្សែទី២ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ បានកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង។ បញ្ហានេះ ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជ្រាបថា ផ្លូវរថភ្លើងខ្សែទី២ ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ "ព្រះករុណា ព្រះបរមរតនកោដ្ឋ" ដែលកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ពុំមែនកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំងឡើយ ហើយនៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវរថភ្លើងខ្សែទី២ នេះត្រូវបានស្តារអោយដំណើរការឡើងវិញ។ ដូច្នោះក្រសួង ព័ត៌មាន ស្នើអោយធ្វើការកែសម្រួលឡើងវិញនៅព័ត៌មាននេះ និងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីជៀសវាងធ្វើអោយមហាជនមានការភាន់ច្រឡំ ៕

0 comments:

Post a Comment