Wednesday, April 20, 2016

ទំព័រដំណោះស្រាយវិបត្តិ៖ តើខ្ញុំគួរបញ្ចប់ ឬបន្តស្នេហាជាមួយនាង? បើបន្តគួរធ្វើយ៉ាងណា? បើនាងមិនព្រមជួបខ្ញុំសោះ

13046200_789458381184721_1730714594_n

News New: សាច់រឿងរបស់ប្អូនគន្ធ៖ ខ្ញុំបាទ បានស្រលាញ់នារីម្នាក់ជាង ២ឆ្នាំហើយ និងចាស់ទុុំក៏បានដឹងលឺ និយាយគ្នាខ្លះដែរ។ ប៉ុន្តែមិនទាន់ជាផ្លូវការទេ គ្រាន់តែ និយាយតែមាត់ ដោយគ្មានផ្លែឈើ  ឬពាក់ចញ្ជៀន ឬមានចាស់ទុំផ្សេងៗដឹងលឺឡើយ ។ ខ្ញុំ និងនារីនោះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។ ស្រាប់តែ រយ:ពេលមួយខែ នាងស្រាប់តែឈប់និយាយស្តីជាមួយខ្ញុំ ព្រោះមានបុរសម្នាក់ទៀតគេចូលមកបំបែកបំបាក់ តែបុរសមិនបានស្រលាញ់នាងទេ គឺគ្រាន់តែមានគំនិតបំបែកបំបាក់នាង ពីខ្ញុំ ដោយបុរសនោះ មិនត្រូវគ្នាជាមួយខ្ញុំប៉ុណ្ណោះ។ ទោះបីខ្ញុំព្យាយាមនិយាយជាមួយនាងយ៉ាងណា ក៏នាងមិនព្រមជួបខ្ញុំ និងនិយាយជាមួយខ្ញុំឡើយ គឺនាងជឿបុរសនោះទាំងស្រុង ដោយមិនគិតពីអនុស្សាវរីយ៍រវាងខ្ញុំ និងនាងរហូតមក។ខ្ញុំចង់សួរទៅ ទំព័រដំណោះស្រាយវិបត្តិ របស់News New ថា តើខ្ញុំគួរបន្តជាមួយនាងទៀត ទេ? បើខ្ញុំត្រូវបន្ត តើខ្ញុំត្រូវធ្វើយ៉ាងណា?

បើតាមការបកស្រាយរបស់លោក ទូច វណ្ណ: ប្រធានអង្គការសបី និងជាអ្នកដោះស្រាយវិបត្តិ ក្នុងវិទ្យុបេះដូងខ្មែរ FM 99.3 ម៉ោង9-10យប់ និងវិទ្យុសំលេងជនពិការ FM 90.3 ខេត្តស្វាយរៀង FM 92.3 ខេត្តសៀមរាប និង FM 88.8 ខេត្តព្រះសីហនុ ម៉ោង7-8យប់ បានបកស្រាយដូចខាងក្រោម៖

ដំណោះស្រាយ៖ ប្អូនគន្ធ ជាទីរាប់អាន! រឿងរបស់ប្អូន ជារឿងមួយគួរអោយឈឺចាប់ណាស់ ដែលបានជួបនារីម្នាក់ មានចរិករឹងរូស មិនព្រមស្តាប់ហេតុផល ពិសេសគឺ ជាមនុស្សស្រី ត្រចៀកស ខ្វះការពិចារណា ។ ធម្មតាមនុស្សស្រលាញ់គ្នា ត្រូវជឿជាក់លើគ្នា មានរឿងអីត្រូវយកមកពិភាក្សាគ្នា សួរនាំគ្នា មុននឹងដាក់ទោស។ ប៉ុន្តែនារី ម្នាក់នេះបែរជាជឿលើសំដីតែម្ខាង ហើយក៏ប្រញ៉ាប់សម្រេចចិត្តដាក់ទោសបែបនេះ។ខ្ញុំសូមអោយជាយោបល់ប្អូន សូមអោយប្អូនបន្តទៀត ដើម្បីអោយអស់ចិត្ត។ប៉ុន្តែសំរាប់ខ្ញុំ នារីម្នាក់នេះ មិនគួរអោយប្អូនជ្រើសរើសយកនាងធ្វើជាគូរឡើយ ព្រោះមនុស្សស្រីមានត្រចៀកស ថ្ងៃក្រោយប្អូនបានរស់នៅជាមួយនាងក៏ពិបាកដែរ គឺគង់ ត្រូវបែកគ្នា ពេលណាមួយមិនខានឡើយ។

អ្វីដែលប្អូនត្រូវធ្វើនៅពេលនេះគឺ ប្អូនត្រូវព្យាយាមរកមធ្យោបាយផ្សេងៗទៀត ដើម្បីជួបនាង និងបាននិយាយពីរឿង ដែលបណ្តាលអោយនាងខឹងនឹងប្អូន។ បន្ទាប់ មកប្អូនក៏ត្រូវសិក្សាពីខ្លួនឯងដែរ ថាតើ ប្អូនមានបានធ្វើអ្វីខុសឆ្គងលើគាត់ទេ? ក្នុងរយ:ពេលចុងក្រោយនេះ មុននឹងប្អូនទៅជួបគាត់ ដើម្បីបានរកដំណោះស្រាយ អោយហើយ។ ចំណែកនារីនោះ ក៏ប្អូនត្រូវសិក្សាពីគាត់ដែរ តើគាត់មានទំនាក់ទំនងស្នេហាជាមួយអ្នកណាផ្សេងទៀតទេ? ជាពិសេសគឺ បុរសដែលបំបែកបំបាក់ពួក ប្អុននោះតែម្តង។ បើសិនជាប្អូនធ្វើបែបនេះហើយ នៅតែមិនអាចជួបនាងបាន ប្អូនត្រូវទៅជួបឪពុកម្តាយនាង និយាយប្រាប់គាត់ពីរឿងនេះ។ ផ្ទុយទៅវិញ ករណី វិធីទាំងពីរនេះ នៅតែគ្មានប្រយោជន៍ទេនោះ ប្អូនត្រូវប្រញ៉ាប់បញ្ចប់ទំនាក់ទំនងជាមួយនាងតែម្តងទៅ ព្រោះនាងមិនសមជាគូរ និងប្អូនឡើយ៕

(បើមិត្តយុវវ័យ មានវិបត្តិស្នេហា វិបត្តិគ្រួសារ វិបត្តិការសិក្សា និងវិបត្តិការងារ សូមផ្ញើសារជាសាច់រឿង និងសំណួរ មកកាន់Facebook ឈ្មោះ" សារព័ត៌មាន ញូញូ " )

0 comments:

Post a Comment