Sunday, April 24, 2016

ឯកអគ្គរដ្ឋទូតសឹង្ហបុរី កោតសរសើរចំពោះការរីកចំរើនរបស់កម្ពុជា

13040957_1002387136476450_4310243857113120907_o


News New: នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយលោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។ ក្នុងកិច្ចជំនួបនោះលោក Kevin Cheok បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលតែងតែគាំទ្របេសកកម្មការទូតរបស់លោក ហើយទទួលបានជោគជ័យនៅកម្ពុជានេះ។ ជាងនេះទៅទៀត លោក Kevin Cheok ក៏បានមើលឃើញ ផងដែរ អំពីការអភិវឌ្ឍនៅកម្ពុជា ដែលកំពុងបោះជំហានទៅមុខ ទាំងនៅទីក្រុង និងបណ្តាខេត្តនានា។ ហើយលោក Kevin Cheok បានអរគុណសម្ដេច ដែលបានអញ្ជើញបំពេញទស្សនកិច្ច នៅសឹង្ហបុរីចំនួនពីរលើកក្នុងមួយឆ្នាំ។ ក្នុងនោះ ទីមួយចូលរួមគោរពវិញ្ញាណសព លោក លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួមបុណ្យឯករាជ្យជាតិរបស់សឹង្ហបុរី ។ ចំពោះវត្តមានប្រទេសសឹង្ហបុរីនៅកម្ពុជា គឺជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាយើង។ លើសពីនេះទៀត សឹង្ហបុរី ក៏មានបើក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្ស នៅកម្ពុជាផងដែរ។ក្នុងនោះមាន ផ្នែកព័ត៌មានវិទ្យា,ពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត ហើយមកដល់ពេលនេះ គឺបានហ្វឹកហ្វឺនសិស្ស-និស្សិតប្រមាណជា ១ម៉ឺន ២ពាន់នាក់ ហើយសឹង្ហបុរី ក៏កំពុងពិចារណា ដើម្បីពង្រីកមជ្ឈមណ្ឌលនេះថែមទៀត សម្រាប់គ្របដណ្ដប់លើមុខវិជ្ជាផ្សេងៗទៀតដើម្បីជួយដល់យុវជនកម្ពុជា។


ថ្លែងក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន មានមោទនភាពណាស់ ដែលបានធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងប្រជាជនសឹង្ហបុរី ។ ជាពិសេស កាលពីឆ្នាំ២០០០ សឹង្ហបុរី បានធ្វើការផ្ដួចផ្ដើមសមាហរកម្មអាស៊ាន ដែលក្នុងនោះសឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស។ សម្ដេចតេជោ គាំទ្រ និងស្នើអោយសឹង្ហបុរី បន្ដជួយជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងតំបន់អាស៊ានទាំងមូល។ ជាងនេះទៅទៀត សម្តេច បានកោតសរសើរចំពោះការរីកចម្រើនលើវិស័យសុខាភិបាល នៅសឹង្ហបុរី  ដែលប្រទេសនេះមានមន្ទីរពេទ្យទំនើបៗ ព្យាបាលប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈខ្ពស់។ ក្នុងនោះកម្ពុជាយើង ក៏ត្រូវមើលអំពីការរីកចម្រើនទាំងឡាយ ដែលសឹង្ហបូរីមាន ពិសេសបញ្ហាធនធានមនុស្ស សន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាដើម។

ជាទីបញ្ចប់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំរគុណ លោក Kevin Cheok ដែលបានមកបំពេញបេសកកម្ម និងបានរឹតនូវចំណងមិត្តភាព និងសហប្រតិ បត្តិការល្អ រវាងប្រទេសទាំងពីរ និងជូនពរលោកទទួលបានជោគជ័យក្នុងបេសកកម្មថ្មីៗជាបន្ដទៀត។ សម្តេច ក៏បានបង្ហាញពីក្តីរីករាយ និងរងចាំស្វាគមន៌ជានិច្ចទទួលការអញ្ជើញមកបំពេញទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសឹង្ហបូរីនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕

13086773_1002387219809775_5390194072795374413_o

13055854_1002387186476445_5374502411770157622_o

13048268_1002387109809786_5287873055878098835_o

ប្រភព៖ Facebook សម្តេចនាយករដ្ឋមន្ត្រី

0 comments:

Post a Comment