Recent Posts

Seo Services

ដំណោះស្រាយស្នេហា៖ តើនាងខ្ញុំគួរយកកូនចេញជាលើកទី២ ទៀតទេ?

13046200_789458381184721_1730714594_n

News New: សាច់រឿង៖ នាងខ្ញុំបានស្រលាញ់បុរសម្នាក់ជាង ១ឆ្នាំមកហើយ។ កាលពី ៥ខែមុន នាងខ្ញុំមានកូនជាមួយគាត់ ។ ប៉ុន្តែត្រូវគាត់បង្ខំអោយយកចេញ បើ មិនយក គាត់នឹងផ្តាច់ទំនាក់ទំនងជាមួយខ្ញុំ។ ពេលនោះខ្ញុំក៏យកកូននោះចេញតាមគាត់ ។ ក្រោយមក ខ្ញុំជួលផ្ទះនៅជាមួយគាត់ដូចប្តីប្រពន្ធ ហើយឥលូវខ្ញុំមានកូន ១ទៀត។ ប៉ុន្តែគាត់អោយខ្ញុំយកចេញទៀត។ ម្តងនេះ គាត់ប្រាប់ខ្ញុំថា បើមិនយកចេញទៀតទេ ត្រូវចប់គ្នា។ ប៉ុន្តែបើយកចេញ គាត់អោយខ្ញុំទៅនៅផ្ទះខ្ញុំ រួចទៅ រៀនអ៊ុតសក់ រៀនចេះមានការងារធ្វើ គាត់នឹងចូលស្តីដណ្តឹងរៀបការជាមួយខ្ញុំ។ គាត់ថា ពេលនោះទើបខ្ញុំមានមុខមាត់ដែរ។ នាងខ្ញុំ សូមសួរNews New ថា តើនាង ខ្ញុំគួរយកកូនចេញទៀតទេ? ឬគួរធ្វើយ៉ាងណា?

ដំណោះស្រាយ៖

ជាបឋម យើងសិក្សាពីគំនិតបុរសនោះសិន ។ តើបុរសនោះ ជាមនុស្សរបៀបម៉េច ? គាត់គិតពីមុខមាត់របស់ប្អូន ឬគិតពីមុខមាត់របស់គាត់ ? បើគាត់គិតពីមុខមាត់របស់ប្អូន តាំងពីលើកទី១ ម៉េចក៏គាត់មិនព្រមគិត? គាត់មិនគួរអោយប្ងូនមកជួលផ្ទះនៅជាមួយគាត់ទេ។ ហើយគាត់ក៏មិនត្រូវបណ្តោយអោយប្អូនមានកូន ម្តងទៀតដែរ? ឥលូវបើគាត់ពិតជាគិតគូដល់មុខមាត់ប្អូនមែន គាត់គួរតែគិតគូរៀបការ ឬសែនព្រេនរួមរស់ជាមួយប្អូនជាប្តីប្រពន្ធតែម្តង មិនចាំបាច់អោយប្អូន យកកូនចេញ និងអោយប្អូនទៅរៀនសូត្ររហូតដល់មានការងារធ្វើ ទើបចូលស្តីដណ្តឹងនោះទេ ព្រោះអង្ករបានក្លាយជាបាយទៅហើយ។ បើគាត់ចេះគិតបែបនេះ មិន បណ្តោយអោយប្អូនមានកូនបន្តបន្ទាប់បែបនេះឡើយ។ ខ្ញុំគិតថា អ្វីដែលជាគំនិតរបស់គាត់ គឺមានពីរ៖

ទី១៖ បុរសនោះចង់គេចវេសពីការទទួលខុសត្រូវ ទើបអោយប្អូនយកកូនចេញ ព្រោះគាត់ដឹងថា បើសិនទុកកូននេះ ហើយបែរជាប្អូនមិនសុខចិត្តដោយទាមទារអោយគាត់ទទួលខុសត្រូវ គាត់ត្រូវជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយប្អូន ឬត្រូវប្រឈមនឹងផ្លូវច្បាប់។

ទី២៖ គាត់មានបំណងចង់យកលេសដើរចេញពីប្អូន ទើបគាត់អោយប្ងូនទៅនៅផ្ទះ ហើយទៅរៀនអ៊ុតសក់រហូតចេះ និងមានការងារធ្វើ រួចគាត់ចូលស្តីដណ្តឹង។ តើ រយ:ពេលនេះ គាត់រងចាំប្អូនទេ? ចំណែកប្អូនវិញអាចធ្វើចិត្តរងចាំគាត់បានទេ? ពេលវេលាទាំងពីរ គឺបើគាត់មិនបោះបង់ប្អូន ក៏ប្អូនបោះបង់គាត់ដែរ។ ដូច្នោះគឺ គាត់បានរួចខ្លួនដូចបំណងហើយ។ ណាស់ហើយ! អ្វីទាំងអស់នេះ ក៏ជាកំហុសប្អូនដែរ ព្រោះតាំងពីដំណាក់កាលដំបូង បើប្អូនជ្រុលតែមិនអាចទប់ចិត្តបាន គួរណាស់ ក៏ប្អូនចេះការពារខ្លួន កុំអោយមានកូនដែរ។ បន្ទាប់មក ប្អូនមានកូនទី១ គួរតែប្អូនដោះស្រាយជាមួយគាត់ តាំងពីពេលនោះម្លេះ បើកើតមិនកើត ត្រូវបញ្ចប់ ឬក៏ ត្រូវបន្តតាំងពីពេលនោះអោយហើយ។ អន់ណាស់ក៏ប្អូនបានដឹងពីគំនិតគាត់ ហើយឈប់បណ្តោយអោយមានកូនជាលើកទី២ ទៀតដែរ។ នេះដោយសារតែប្អូនប្រើ មនោសញ្ចេតនារបស់ប្អូនលើសលប់ពេក មិនចេះទប់ស្កាត់ខ្លះ។

ឥលូវដំណោះស្រាយរបស់ប្អូនគឺ ត្រូវទៅពិភាក្សាអោយដាច់ស្រេចពីរឿងនេះ ដោយសុំអោយគាត់គិតគូរៀបការ ឬសែនព្រេនជាមួយប្អូន ក្នុងរយ:ពេលខ្លីបំផុត គឺប្អូនប្រាប់គាត់ថា ប្អូនមិនអាចយកកូនចេញជាលើកទី២ ព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរ និងទទួលផលបាបដោយយើងសំលាប់ជីវិតមនុស្ស ។ ប៉ុន្តែបើគាត់មិនព្រម ហើយតម្រូវអោយប្អូនយកកូនចេញ និងអោយប្អូនទៅរៀនដដែលទេនោះ ទើបចូលស្តីដណ្តឹង រៀបការជាមួយប្អូន គឺប្អូនត្រូវពិចារណា ឬសំរេចនូវគមនិតទាំងពីរ៖

គំនិតទី១៖ តើប្អូនអោយគាត់ទទួលខុសត្រូវទេ? បើប្អូនអោយគាត់ទទួលត្រូវ ប្អូនត្រូវទៅពិភាក្សាជាមួយឪពុកម្តាយប្អូនដោយកុំខ្លាច ឬខ្មាស់អៀនអោយសោះ!ដើម្បីអោយពួកគាត់ជួយរកដំណោះស្រាយ ឬឈានទៅរកសមត្ថកិច្ចធ្វើការប្តឹងផ្តល់តាមផ្លូវច្បាប់ ជាដើម។

គំនិតទី២៖ បើប្អូនមិនចង់អោយគាត់ទទួលខុសត្រូវ ព្រោះប្អូនយល់ថា រស់នៅជាមួយមនុស្សមិនទទួលខុសត្រូវបែបនេះ មិនមានសុភមង្គលដដែល ប្អូនត្រូវយកកូន ចេញ ហើយផ្តាច់ទំនាក់ទំនងជាមួយគាត់ ប្រឹងប្រែងពង្រឹងសមត្ថភាពខ្លយនឯង តុបតែងខ្លួន រៀនសូត្រ ឬធ្វើការងារអោយបានល្អប្រសើរ ដើម្បីអោយគាត់ស្តាយ ប្អូននៅពេលក្រោយវិញ។ ហើយប្អូនចាត់ទុកថា ជាសុបិន្តអាក្រក់មួយទៅចុះ ជាមេរៀនមួយ ឬជាបទពិសោធមួយសំរាប់ប្អូនគិតគូ ចាប់ពីពេលនេះតទៅ៕

ដោះស្រាយដោយ៖ លោក ទូច វណ្ណ: អ្នកដោះស្រាយវិបត្តិតាមវិទ្យុ និងជាប្រធានអង្គការវីត្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី ។

បងប្អូនអាចផ្ញើសាច់រឿង និងសំណួរមកកាន់Account Facebook : សារព័ត៌មាន ញូញូ ។ (រាល់វិបត្តិស្នេហា គ្រួសារ ការសិក្សា និងវិបត្តិការងារ )
ដំណោះស្រាយស្នេហា៖ តើនាងខ្ញុំគួរយកកូនចេញជាលើកទី២ ទៀតទេ? ដំណោះស្រាយស្នេហា៖ តើនាងខ្ញុំគួរយកកូនចេញជាលើកទី២ ទៀតទេ? Reviewed by Unknown on 7:45:00 PM Rating: 5

No comments:

Powered by Blogger.