Tuesday, May 10, 2016

មុខវត្តថាន់ ត្រូវបានគេលំអ ដោយគំនរសំរាម

13181057_799071250223434_1982664976_n

News New: យើងសង្កេតឃើញថា សំរាមមានស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ជាពិសេសពេលយប់។ ក្នុងនោះដែរ កន្លែងខ្លះក៏មានការរៀបចំ ទុកបានល្អ ឯកន្លែងខ្លះទៀត មិនបានរៀបចំ ទុកដាក់បានល្អឡើយ ដោយពង្រាយពាសវាលពាសកាល ហាក់បីដូចជា ទីដាក់សំរាមនោះ ជាវាលស្រែហោរដ្ឋាន មិនមែនជាទីក្រុងអ៊ីចឹង ហើយទីកន្លែងខ្លះទៀត មិនសមនឹងបោះសំរាមចោលសោះ ដូចជា៖ មុខវត្តអារាម ដែលជាកន្លែងសក្ការ:បូជា ព្រះបរមរាជវាំង វត្តភ្នំ និងទិកន្លែងមួយចំនួន ទៀត។ ប៉ុន្តែប្រជាពលរដ្ឋយើង បានយកសំរាមទៅចាក់ ទៅបោះកន្លែងទាំងនោះរួចទៅហើយ។ ជាក់ស្តែង News New សូមលើកយកកន្លែងមួយមកនិយាយចុះ គឺ មុខរបងវត្តនួនមុនីរាម ហៅវត្តថាន់ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលយប់ព្រលប់ឡើង គេប្រទះសំរាមចាក់ឡើងគរ មុខវត្តជិតខ្លោងទ្វារចូលក្នុងវត្ត ដែលមានក្លិនស្អុយគគ្រុក ។ តាមពិតមុខវត្តអារាម ដែលជាទីសក្ការ:បូជា បែបនេះ គួរត្រូវបានលំអដោយសួនច្បារ ឬដើមផ្កា និងដើមរុក្ខជាត់លំអផ្សេងៗ។ ម្យ៉ាងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ដែលជាផ្លូវធំ និងមានអ្នកធ្វើដំណើរចំរុះទៅដោយជាតិសាសន៍ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ប៉ុន្តែផ្ទុយទៅវិញ តំបន់ដ៏ល្អប្រពៃនេះ បែរជាត្រូវប្រជាពលរដ្ឋយើង នាំគ្នាយកសំរាមទៅចាក់គរដូចភ្នំ ដើម្បីលំអសោភ័ណភាពមុខវត្ត និងតាមដងផ្លូវដ៏ធំនេះទៅវិញ។

តើទាំងនេះជាកំហុសអ្នកណា? ត្រង់នេះ អ្នកមានកំហុសច្រើនជាងគេ គឺប្រជាពលរដ្ឋខ្មែរ អ្នកកាន់នូវព្រះពុទ្ធសាសនា ដែលដឹងហើយលឺហើយ បែរជាកំពុងតែ បង្អាប់បង្អោនវត្តអារាមជាទីសក្ការបូជារបស់ខ្លួន និងមិនគិតពីមុខមាត់ទីក្រុងដ៏ស្រស់ស្អាតរបស់ខ្លួន។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដីក៏ចូលរួមក្នុងការខុសដែរ ដោយមិនបានផ្សព្វផ្សាយ និងត្រួតពិនិត្យមើលជាប្រចាំ ។ ចំណែកឯខាងក្រុមហ៊ុន ស៊ិនទ្រី គួរតែបន្ថែមធុងសំរាមដាក់អោយបានច្រើនកន្លែង។ ដោយឡែកព្រះសង្ឃ ដែលគង់នៅវត្តថាន់ទាំងមូល គួរបិទបំរាមកុំអោយប្រជាពលរដ្ឋយកសំរាមមកដាក់នៅទីនេះ។

News New សូមអោយប្រជាពលរដ្ឋទាំងអស់ នាំគ្នាគិតគូអំពីបញ្ហាសំរាមនេះឡើងវិញ ព្រោះការចោលសំរាមពាសវាលពាសកាលនេះ វាធ្វើអោយបាត់បង់សោភ័ណភាពទីក្រុង និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ រួមគ្នាធ្វើយ៉ាងណាបំបាត់សំរាមនេះ ដោយផ្តើមចេញពីយើងម្នាក់ៗ ចាប់ពីពេលនេះតទៅ៕

13153341_799071303556762_28451955_n

13181023_799071270223432_1510896570_n

 

0 comments:

Post a Comment