Monday, May 23, 2016

សម្តេច ស ខេង គោរពជូនពរ សម្តេច ហេង សំរិន ក្នុងឱកាសខួបកំណើតគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ

12345585_542162959290517_2483205241199499657_n

News New: នៅក្នុងឱកាសដ៏វិសេសវិសាលនៃខួបកំណើតគម្រប់ ៨២ ឈានចូល ៨៣ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ បានគោរពជូនពរជ័យ ដែលមានខ្លឹមសារថា" យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ សូមអនុញ្ញាតចូលរួមសំដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយក្រៃលែង និងសូមគោរពជូនពរសម្តេច សូមប្រកបដោយកំលាំងពលំមាំមួន អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំអង្គការបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា សំរេចបានជោគជ័យថ្មីៗថែមទៀត។

នាឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុតចំពោះស្នាដៃដ៏ឧដុង្គឧត្តមរបស់សម្តេចអគ្គមហា ពញាចក្រីកិត្តិព្រឺទ្ធបណ្ឌិត ប្រធានរដ្ឋសភា  ដែលសម្តេច បានខិតខំយកអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ដែលជាអង្គការ បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា អោយការវិវត្តន៍រីកចំរើនឥតឈប់ឈរ ពិសេសការកសាងច្បាប់នានា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ លើសពីនេះទៅទៀត សម្តេច បានយកចិត្តទុកដាក់បំផុតចំពោះភាពសុខសាន្ត ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ថែរក្សារដ្ឋធម្មនុញ្ញ ការពាររាល់សមិទ្ធិផលសង្គមជាតិ ក្នុងដំណើរការឆ្ពោះទៅកាន់មាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ ព្រមទាំងបន្តបង្កើន ការងារជូនប្រជាពលរដ្ឋអោយកាន់តែមានជីវភាពធូរធារជាបន្តបន្ទាប់។ ទន្ទឹមនោះ សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ក៏បាន ចំណាយទ្រព្យធនផ្ទាល់ ក្នុងការកសាងសមិទ្ធផលជាច្រើនសំរាប់សង្គមជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងទុកសំរាប់កូនចៅជំនាន់ក្រោយ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា ជូន សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតអំពី យើងខ្ញុំ" ៕

គោរពជូនពរនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ហត្ថលេខា និងត្រា

សម្តេចក្រឡាហោម ស ខេង

13227427_1003495596373084_8974347744103518947_o

អត្ថបទ៖ អារុណ

0 comments:

Post a Comment