Wednesday, May 25, 2016

កំដៅនយោបាយថយចុះ បន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយមេ

13244647_134279796985866_8130300270583697817_n

News New: ក្នុងបទវិភាគនយោបាយរបស់News New នារាត្រីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ខ្ញុំសុំលើកយកបញ្ហាកំដៅនយោបាយនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ មកបង្ហាញជូនបងប្អូនអ្នកមើលកំសាន្តលេង ក្រោមចំណងជើងថា" កំដៅនយោបាយថយចុះ បន្ទាប់ពីមេឃធ្លាក់ភ្លៀងមួយមេ " ។ ការវិវត្តន៍នៃបញ្ហានយោបាយនៅកម្ពុជាយើង មានការប្រែប្រួល ឡើងចុះជារឿងធម្មតារបស់អ្នកនយោបាយទៅហើយ បើយើងនាំគ្នាតាមដានវាពេក វានាំអោយយើងឈឺក្បាលទៅវិញ។ប៉ុន្តែបើយើងមិនតាមដានវាសោះ វាធ្វើអោយយើងមិនដឹងពីស្ថានភាពស្រុកទេសដើម្បីត្រៀមលក្ខណ:ការពារខ្លួន ឬធ្វើការវិនិច្ឆ័យរកអ្នកល្អ និងអ្នកអាក្រក់ឃើញដែរ។ ដូច្នោះយើងគ្រប់រូបគួរចំណាយពេលខ្លះៗ ដើម្បីដឹងបញ្ហានយោបាយប្រចាំថ្ងៃនៅកម្ពុជានេះ។ ខ្ញុំ សូមបង្ហាញពីរបថនយោបាយបច្ចុប្បន្នខ្លះៗ តាមរយ:ការសង្កេតយ៉ាងយកចិត្តទុកដាក់ ឃើញថា គណបក្សធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាប្រឈមមុខដាក់គ្នាក្នុងអំឡុងពេលចុងក្រោយនេះ ស្របពេលដែលកំដៅអាកាសធាតុ ក្តៅខ្លាំងរហូតដល់ ហួតហែងបឹងបួរ អូរត្រពាំង ប្រឡាយ ធ្វើអោយប្រជាពលរដ្ឋខ្មែរយើងនៅតំបន់មួយចំនួន ជួបការខ្វះខាតទឹកប្រើប្រាស់នោះ។ កំដៅនយោបាយ និងកំដៅអាកាសធាតុ បានដើរទន្ទឹមគ្នា ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួនធំ មានការព្រួយបារម្ភ ។ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបាន តុលាការចាប់ខ្លួនជាបន្តបន្ទាប់ មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ទាក់ទងទៅនឹងរឿងអំពើពុករលួយ។ សូម្បីតែលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវនិរទេសខ្លួន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏រងនូវការចោទប្រកាន់រឿងអាស្រូវស្នេហា។ ប៉ុន្តែមកដល់ថ្ងៃនេះ បញ្ហាកំដៅនយោបាយនេះ ហាក់បីដូចជា ថយចុះកំដៅខ្លាំង និងអាចឈានទៅដល់ភាពត្រជាក់វិញ ក្នុងពេលឆាប់ៗខាងមុខ ព្រោះគណបក្សទាំងពីរនេះ នឹងជ្រើសរើសយកវប្បធម៌សន្ទនា មកប្រើដូចពីមុន ។ ជាក់ស្តែងក្នុងរយ:ពេលខ្លីនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពិសេសលោក កឹម សុខា បានប្រកាសថា គណបក្សសង្គ្រោះជាតិ នៅតែរក្សានូវវប្បធម៌សន្ទនា ដូចពីមុនដដែល។ ចំណែកឯអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងន័យសម្របសម្រួល និងផ្សះផ្សាជាតិ ឈរលើស្មារតីជាតិជាធំ ។ ដូច្នោះមិនយូរទេ វប្បធម៌សន្ទនា នឹងកើតឡើងវិញរវាងគណបក្សធំៗទាំងពីរនេះ នៅពេលនោះហើយ កំដៅនយោបាយត្រូវថយចុះទាំងស្រុង កម្ពុជាក៏ទទួលបាននូវសុខសន្តិភាពកាន់តែបរិបូរណ៍ថែមទៀត ទាំងនេះគឺជាអ្វី ដែលប្រជាពលរដ្ឋខ្មែរយើងចង់បាន ព្រោះពួកគាត់ខ្លាចណាស់អារឿងសង្គ្រាម។ ជាក់ស្តែង ប្រទេសកម្ពុជាយើង បានឆ្លងកាត់សង្គ្រាមច្រើនមកហើយ ដែលសង្គ្រាមទាំងនោះភាគច្រើនកើតឡើងពីការបែកបាក់សាមគ្គី និងពីការចង់បានអំណាច ដណ្តើមអំណាចគ្នាទៅវិញទៅមក។ ប៉ុន្តែខ្មែរគួរចាំពាក្យមួយឃ្លាថា" សាមគ្គីរស់ បែកបាក់ស្លាប់" ព្រោះដោយសារតែខ្មែរបែកបាក់ ទើបខ្មែរស្លាប់រាប់លាននាក់៕

អត្ថបទ៖ វណ្ណ:អារុណ

0 comments:

Post a Comment