Sunday, May 1, 2016

ក្រសួងអប់រំ ផ្លាស់ប្តូរម៉ោងរៀនរបស់សិស្ស ដើម្បីការពារគ្រោះផ្សេងៗក្នុងរដូវក្តៅនេះ

13161305_546337455548237_1901835301_o

News New: ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសរបស់ខ្លួនអំពី ការអនុវត្តបង្រៀន និងរៀន ក្នុងរដូវក្តៅ ដល់គ្រប់ប្រធានមន្ទីរខេត្ត រាជធានី ដោយសារស្ថានភាពឡើងកម្ដៅខ្លាំងក្នុងរដូវប្រាំងនាពេលកន្លងមក ហើយកំដៅអាចអូសបន្លាយពេលវេលាបន្តទៀតក្នុងឆ្នាំ២០១៦នេះ ដែលនៅតំបន់ខ្លះ ពេលខ្លះ ថ្ងៃក្ដៅរហូតដល់៤២ ឬ៤៣អង្សា ។ ដូច្នោះដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ចំពោះសិស្សានុសិស្ស ដែលបណ្ដាលមកពីការឡើងកម្ដៅខ្ពស់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ និងសម្រួលដល់ពេលវេលារៀនសូត្រប្រចាំថ្ងៃរបស់សិស្ស ជាពិសេសសិស្សតូចៗ ក្នុងពេលឡើងកម្ដៅ ចាប់ពីខែឧសភា រហូតដល់ផុតរយៈពេលក្ដៅខ្លាំង នាឆ្នាំ២០១៦នេះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំអោយអនុវត្តសំរាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ដូចខាងក្រោម៖
- ពេលព្រឹកចូលរៀននៅម៉ោង ៧:០០ព្រឹក ដល់ ១០:៣០ព្រឹក និងពេលរសៀល ១៣:៣០រសៀល ដល់ ១៧:០០ល្ងាច
- គ្រប់សាលាត្រូវត្រៀមទឹកសម្រាប់គ្រូ សិស្សប្រើប្រាស់ និងណែនាំអោយសិស្សយកទឹកឆ្អិនមកទទួលទាន
- ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវអោយសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥នាទី ហើយ
ពេលរៀនត្រូវបើកទ្វារ បង្អួចបន្ទប់រៀនអោយស្រឡះល្អ និងពេលចេញលេងអោយសិស្សលេងក្នុងម្លប់
- ធ្វើរបាយការណ៍បូកសរុបប្រចាំខែ ពីស្ថានភាពសិក្សាក្នុងរយៈពេលឡើងកម្ដៅ និងរបាយការណ៍ពិសេស ក្នុងករណីមានប្រធានសក្តិ រួចផ្ញើជូនតាមឋានានុក្រមដើម្បីស្នើសុំអន្តរាគមន៍
-ក្នុងករណីមានរលកកម្ដៅលើសប្រក្រតី ត្រូវទាក់ទងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដើម្បីសុំគោលការណ៍ និងវិធានការដោះស្រាយ៕


អត្ថបទ៖ លោក ភោគ ថន (សារ៉ន)

 

0 comments:

Post a Comment