Recent Posts

Seo Services

៦មតិខ្វែងគ្នា ជុំវិញចំណាត់ការ ឯកឧត្តម ជា សុផារ៉ា ដាក់អ្នករំលោភដីពលរដ្ឋក្នុងបញ្ជីខ្មៅ

13124603_873289039466983_8896127817172509955_n

News New: បន្ទាប់ពីឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា" ខ្ញុំនឹងដាក់បញ្ចូលក្នុងបញ្ជីខ្មៅសម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី និងរាយការណ៍ជូនសម្តេច រាល់បុគ្គលណា ដែលតែងតែមានករណីរំលោភយកដីរបស់ប្រជាពលរដ្ឋ ទោះឋានៈធំប៉ុណ្ណាក៏ដោយ" រួចមកគឺមានមតិលើកឡើងជាច្រើនផ្សេងៗគ្នា ដែលគួរអោយចាប់អារម្មណ៍ណាស់ រហូតដល់ News New លើកយកមកផ្សាយជាសាធារណ: ។ ខាងក្រោមគឺជាមតិលើកឡើង៖

មតិ១៖ ពួកយើងខ្ញុំជាប្រជាពលរដ្ឋសប្បាយចិត្តណាស់ បន្ទាប់ពីលឺ និងឃើញការសរសេរបង្ហោះក្នុងPage ក្រសួង ដនស ក្រុមប្រតិកម្មរហ័ស នូវចំណាត់ការដ៏អស្ចារ្យនេះរបស់ឯកឧត្តម ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់បញ្ចូលបញ្ជីខ្មៅ សំរាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី និងរាយការណ៍ទៅសម្តេច រាល់បុគ្គលណា ដែលតែងតែរំលោភលើដីប្រជាពលរដ្ឋ ទោះឋាន:ធំប៉ុណ្ណាក៏ដោយ ពិតជាអស្ចារ្យណាស់ឯកឧត្តម ។ យើងខ្ញុំសង្ឃឹមថា ឯកឧត្តម ប្រាកដជាធ្វើបាន តាមរយ:សមត្ថភាពពិត និងគំនិតបែបបញ្ញាវន្តរបស់ឯកឧត្តម ព្រោះកន្លងមក ក្នុងតួនាទីឯកឧត្តម ជាអភិបាលរាជធានីភ្នំពេញ ពេលនោះឯកឧត្តម ដឹកនាំសាលារាជធានីភ្នំពេញបានយ៉ាងល្អប្រសើរ ពុំសូវមានបញ្ហាដីធ្លី ពុំសូវមានបាតុកម្ម ហើយប្រជាពលរដ្ឋគោរពស្រលាញ់ឯកឧត្តម គ្រប់ៗគ្នា។ ក្រោយមកទៀត ឯកឧត្តម បានទៅកាន់តួនាទីជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ឯកឧត្តម ក៏បានដឹកនាំការអភិវឌ្ឍ គ្រប់ទីជនបទគួរអោយកត់សំគាល់ដែរ។ ដូច្នោះចំណាត់ការរបស់ឯកឧត្តម នៅពេលនេះ យើងខ្ញុំគាំទ្រ ១០០ភាគរយ និងជឿជាក់ថា ឯកឧត្តមប្រាកដជាធ្វើបាន។

មតិ២៖ យើងជឿជាក់ថា ឯកឧត្តម ជា សុផារ៉ា លោកមានចេតនាធ្វើពិត ប៉ុន្តែតើអាចទៅរួចទេ ព្រោះភាគច្រើនបំផុត អ្នកដែលរំលោភដីប្រជាពលរដ្ឋ សុទ្ធតែជាអ្នកមានអំណាច មានលុយ មានខ្នងធំៗ និងបានចាក់ឬសយ៉ាងជ្រៅទៅហើយ?

មតិ៣៖ បើឯកឧត្តម ជា សុផារ៉ា លោកនឹងរាយការណ៍ទៅសម្តេច ។ សួរថា កន្លងមក ទោះបីមិនមានអ្នករាយការណ៍ទៅសម្តេច ក៏សម្តេច អាចដឹងដែរ តាមរយ:ប្រជាពលរដ្ឋ ដាក់ញ្ញត្តិសុំអន្តរាគម ធ្វើកូដកម្ម បាតុកម្ម យំសោកបោកខ្លួន ស្រែកទ្រហោពេញផ្លូវ ពេញថ្នល់  និងមានការបង្ក្រាបពីសំណាក់សមត្ថិកិច្ច សន្តិសុខ ផ្សព្វផ្សាយពេញបណ្តាសារព័ត៌មាន អន្តរាជាតិ ជុំវិញករណីរំលោភដីធ្លីនេះ ។

មតិ៤៖ ប្រហែលជាឯកឧត្តម ជា សុផារ៉ា អាចធ្វើបាន ព្រោះពេលវេលានេះ ប្រទេសកម្ពុជា កំពុងតែប្តូររបត់ថ្មី មន្ត្រីកំពុងតែប្រជែងគ្នាបញ្ចេញស្នាដៃ។ ម្យ៉ាងអាណត្តិនៃការបោះឆ្នោតក៏ជិតមកដល់ គឺល្មមនឹងធ្វើដែរ។

មតិ៥៖ ប្រាកដជាធ្វើបានហើយ ព្រោះអ្វីៗវាល្មមដែរ ។ អ្នកដែលរំលោភយកដីប្រជាពលរដ្ឋ ក៏បានរំលោភយកឆ្អែតឆ្អន់ដែរហើយ។ ដូចក្នុងខ្សែភាពយន្តអ៊ីចឹង តួល្អ តួអាក្រក់ វ៉ៃ បាញ់ កាប់ចាក់គ្នា សំលាប់គ្នា ងាប់អស់ ទើបប៉ូលីសចេញមក។

មតិ៦៖ ទោះយ៉ាងណា សំរាប់កម្ពុជាយើងនេះ ធ្វើប្រសើរជាងអត់ធ្វើដែរ។ សូមគាំទ្រចំណាត់ការរបស់ឯកឧត្តម ជា សុផារ៉ា ១០០ភាគរយ។

ខាងក្រោមនេះ ជាComment ខ្លះៗ ដែលបងប្អូនប្រជាពលរដ្ឋយើង សរសេរ Comment ទៅលើចំណាត់ការរបស់ឯកឧត្តម ជា សុផារ៉ា ដែលសរសេរបង្ហោះក្នុង Page ក្រសួង ដនស ក្រុមប្រតិកម្មរហ័ស នោះ៖

-កាលពីដើមខែកុម្ភៈ សាលារាជធានីបានរៀបចំសេចក្តីព្រាងអនុក្រឹត្យកាត់ដី២៨០ហិកតានៅតំបន់ជ្រោយចង្វារធ្វើជាសម្បត្តិរបស់ខ្លួនដើម្បីជួលទៅឲ្យក្រុមហ៊ុន OCIC។ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលផង ព្រោះដីទាំងនោះអាចប៉ះពាល់មកលើប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះស្រាប់រាល់ថ្ងៃនេះ។

-គោរពឯកឧត្តមទេសរដ្ឋមន្ត្រី ផ្លូវសម្ដេចតេជោទទឹង៦០ម៉ែត្រ ដែលក្រុមហ៊ុន ING Holding ធ្វើកាត់បឹងទំពុន និងបឹងជើងឯក ប៉ះដីប្រជាពើរដ្ឋខ្លះ មិនទាន់ដោះស្រាយទេ។ ផ្លូវធ្វើជិតហើយទៅហើយ។ អាជ្ញាធរ រាជធានីប្រាប់ប្រជាពលរដ្ឋថា ត្រូវកាត់ដី៣៥% របស់ខ្លួននៃផ្ទដីមកធ្វើផ្លូវ ដូច្នេះគ្មានសំណង និងដំណេះស្រាយទេ។ តែប្រជាពលរដ្ឋមិនយល់ថា តើច្បាប់ពិតជាត្រូវធ្វើអញ្ចឹងមែនឬទេ។ ព្រោះសម្ដេចតេជោ ធ្លាប់មានប្រសាសន៍ថា ការអភិវឌ្ឍន៍ របស់ឯកជន ប៉ះពាល់ដីប្រជាពលរដ្ឋ ត្រូវតែដោះស្រាយសំណង។ ប៉ុន្តែករណីនោះ ខ្លះទទួលបានសំណង ខ្លះទៀត មិនទទួលបានសំណងទេ។ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ថាពេលធ្វើផ្លូវរួច តើពួកគេអាចតវ៉ាយ៉ាងម៉េច? សូមឯកឧត្តមមេត្តាពិនិត្យលើករណីនោះដោយអនុគ្រោះ។

-សូមលោកពូឯកឧត្តមមេត្តាជួយអន្តរាគមន៍ចំពោះករណីដែលគេរំលោភដីប៉ា(សៅ ប៊ុនរត័្ន) របស់នាងខ្ញុំផង ដែលស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ គឺរំលោភបំពានយកដោយលោក សួស សារិទ្ធ និងបក្សពួក ខាងយើងខ្ញុំបានដាក់ពាក្យបណ្តឹងហើយ តុលាការបានតែកោះហៅទៅសាកសួរប៉ុណ្ណោះ

-បេីឯកឩត្តមនិយាយបាន សូមធ្វេីអោយបានដូចមាត់ បេីរកឃេីញថាមានរដ្ឋមន្ត្រី ឬផ្កាយ៤ណារំលោភដីរាស្ត្រ សូមឯកឩត្តមធ្វេីអោយដូចមាត់ កុំនិយាយចោល មួយជាតិកេីតមកមានឋានៈខ្ពស់ជារដ្ឋមន្ត្រី សូមឯកឩត្តមនិយាយហេីយ ធ្វេីអោយបានជូនរាស្ត្រមេីល ! សូមលោកបានអានផង !

-សូមគោរពឯកឧត្តម! ខ្ញុំជឿជាក់ថា ច្បាស់ជាមានការគាំទ្រខ្លាំងណាស់ចំពោះកណ្តាប់ដៃដែក១នេះ និងសូមឲ្យមានជាយុទ្ធនាការទូលំទូលាយ តាមយន្តការភ្លៀងរលឹម។ សូមជូនពរឯកឧត្តមបានទទួលជោគជ័យយ៉ាងត្រចះត្រចង់បំផុត

-តែនៅខេត្តរតនគីរីសូម្បីតែមេភូមិក៏រំលោភយកដីផ្លូវដែលជាសម្បត្តិសាធារណះរបស់រដ្ឋដែរ ឯ ឧ ហើយបិទផ្លូវជិតពួកខ្ញុំពិបាកនិងរកផ្លូវចេញចូលណាស់ហើយគាត់ថែមទាំងប្រើពាក្យថាអោយពួកខ្ញុំនិងធ្វើផ្លូវអាកាសសំរាប់ឆ្លងកាត់ទៅសូមឯ ឧ ជួយរកយុត្តិធម៌និងជួយដោះស្រាយអោយពួកយើងខ្ញុំផង

-សូម ឯ.ឧ មេត្តាជួយដោះស្រាយដល់ពួកគាត់ម្តងមួយៗ ព្រោះនាងខ្ញុំក៍ធ្លាប់ជួបបញ្ហានេះទំរាំដោះស្រាយបានតាំងពីឆ្នាំ 2008-2015 ខាតពេលវេលា លុយកាក់ នេះហើយលទ្ធផលអ្នកអាងខ្នង អាងអំណាច... កុំតែមានការកែប្រែសង្គម ម្លេះថ្មើរនេះយើងនៅរងកម្មដោយសារមនុស្សបាតសង្គមមួយក្តាប់តូច។ ហើយបើសិនរឿងនេះបន្សល់ទុកដល់ថ្ងៃនេះ ម្នាក់នោះនឹងប្រឈមមុខច្បាប់យ៉ាងអាម៉ាស់ ព្រោះមាន ឯ.ឧ។

-គាំទ្រ១០០ភាគរយ និងសូមឯកឧត្តមជួយពិនិត្យសំណង់ខុនដូក្នុងបូរីអេងអេងជ្រោយចង្វាដែលកំពុងសង់ដោយពំទាន់មានច្បាបនិង់លេីកប្លង់បង្ហាញរូបរាងដៃលមានកំពស់ជាងម្ភៃជាន់ដែលធ្វេីអោយប្រជាពលរដ្ឋបារម្មពីគុណភាពសំណង់និងសុវត្ថភាពថ្ងៃក្រោយ។ដោយក្តីគោរព

-ខ្ញុំរងចាំមើលឯកឧត្តម បានធ្វើដូចការនិយាយបានអត់ និយាយស្រួលតែអនុវត្តពិបាកបន្តិច។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ ០៧០ ៨៥៥ ៤៥៦ ០៨៥ ៨៥៥ ៤៥៦ និង ០៦៨ ៨៥៥ ៤៥៦
៦មតិខ្វែងគ្នា ជុំវិញចំណាត់ការ ឯកឧត្តម ជា សុផារ៉ា ដាក់អ្នករំលោភដីពលរដ្ឋក្នុងបញ្ជីខ្មៅ ៦មតិខ្វែងគ្នា ជុំវិញចំណាត់ការ ឯកឧត្តម ជា សុផារ៉ា ដាក់អ្នករំលោភដីពលរដ្ឋក្នុងបញ្ជីខ្មៅ Reviewed by Unknown on 6:26:00 PM Rating: 5

No comments:

Powered by Blogger.