
News New: នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ស្នាមមេដៃលើញត្តិរបស់គណបក្ស សង្រ្គោះជាតិ ដែលដង្ហែរទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានរក ឃើញភាពមិនប្រក្រតីកាន់តែច្រើន។លោក ខៀវ សុភ័គ បានបញ្ជាក់ថា លោក យ៉ែម បុញ្ញរិទ្ធ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះ ជាតិ និងជាអ្នកតំណាងក្នុងការនាំញត្តិថ្វាយព្រះមហាក្សត្រ នឹងត្រូវប្រឈមមុខ និងច្បាប់មុនគេ។
លោក ខៀវ សុភ័គ បានថ្លែង កាលល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះថា ការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យ លើស្នាមមេដៃធ្វើបានកាន់តែច្រើនហើយ ហើយភាពមិនប្រក្រតី ក៏រកឃើញច្រើនផងដែរ។ ភាពមិនប្រក្រតីធ្ងន់ធ្ងរជាងគេនៅ លើស្នាមមេដៃគាំទ្រញត្តិនេះ គឺការប្រើស្នាមមេដៃតែមួយផ្តិតនៅលើឈ្មោះរហូតដល់ទៅ ៨៦នាក់។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មិនទាន់អាចបញ្ជាក់ថា ការស្រាវជ្រាវនេះសម្រេចបានលទ្ធផលប៉ុណ្ណានៅឡើយទេ។ លោក ក៏មិនទាន់បញ្ជាក់ថា ខេត្តណាមានភាពមិនប្រក្រតីច្រើនជាងគេនោះដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តទៀតថា បន្ទាប់ពីគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមមេដៃបញ្ចប់ ការងារស្រាវជ្រាវ ហើយគណៈកម្មការនេះ នឹងធ្វើសំណើទៅរាជរដ្ឋាភិបាល ដើម្បីសម្រេចចាត់វិធានការបន្តយ៉ាងណា។ បើ តាមលោក ខៀវ សុភ័គ អ្នកនាំយកញត្តិទៅថ្វាយព្រះមហាក្សត្រ ដែលមានលោក យ៉ែម បុញ្ញរិទ្ធ ជាតំណាងនោះ អាចនឹងត្រូវ ប្រឈមមុខនិងច្បាប់មុនគេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងស្នើសុំរាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ អ្នកដែលបានប្រព្រឹត្តកំហុស។ នេះជាកំហុសធ្ងន់ធ្ងរណាស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមួយរូប លោក យ៉ែម បុញ្ញរិទ្ធ យកស្នាមមេដៃក្លែងក្លាយទៅប្រើគេប្រើឯង យករបស់មិនសុទ្ធ ទៅថ្វាយព្រះមហាក្សត្រ ។ ខ្ញុំគិតថា គណៈកម្មការ នឹងស្នើសុំ រាជរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់»។
គួររំលឹកផងដែរថា: នៅក្នុងពិធីចែកសញ្ញាបត្រដល់សិស្សមន្រ្តីសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានថា នឹងមិន លើកលែងឲ្យអ្នកនាំយកស្នាមមេដៃទៅបោកព្រះមហាក្សត្រនោះឡើយ។ សម្តេចតេជោ បានចាត់ទុកការនាំយកស្នាមមេដៃ ដែលមានភាពមិនប្រក្រតីនេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ និងប្រជារាស្រ្តខ្មែរ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងព្រមានដែរថា «អារឿងផ្តិតមេដៃនេះ មិនទាន់រួចខ្លួនទេ លេងម្នាក់ផ្តិតមេដៃ ៨៦ឈ្មោះ ជាការប្រមាថព្រះមហាក្សត្រធ្ងន់ណាស់ បោករាស្រ្តធំណាស់ ប៉ុន្តែអាហ្នឹងចាំមើលអ្នកឯកទេស ខ្ញុំត្រូវបំពេញកាតព្វកិច្ចធ្វើ យ៉ាងម៉េចក្នុងឋានៈជានាយករដ្ឋមន្រ្តី មិនត្រូវបោកស្តេចតាមគេទេ ខ្ញុំឱ្យធ្វើការស្រាវជ្រាវ ហើយខ្ញុំធ្វើតាមច្បាប់ សុំអ្នកការ ទូតនានា កុំថា ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដោះស្រាយ បើមិនប្រើច្បាប់ មានតែប្រើកាំភ្លើង»។

អត្ថបទ៖ អារុណ
ប្រភព៖ Facebook: ផែង វណ្ណ:
0 comments:
Post a Comment