
News New: នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា ។
នាឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ថា ស្ថាប័នគយ និងរដ្ឋាករកម្ពុជា មានអាយុកាល ៦៥ឆ្នាំ ហើយ ដែលបានចាប់បដិ សន្ធិ នៅក្នុងឆ្នាំ១៩៥១ ក្នុងពេលដែលប្រទេសកម្ពុចាទទួលបានឯករាជ្យ ពីបារាំង ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែស្ថាប័ននេះ ត្រូវបានបំផ្លាញទាំងស្រុង នៅក្នុងរបប ប៉ុល ពត នៅឆ្នាំ ១៩៧៥ រួមទាំងធនធានមនុស្ស និងឯកសារបទដ្ឋាននានា។ ក្រោយមក បន្ទាប់ពីប្រទេសកម្ពុជា បានរំដោះរួចផុតពីរបប ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យើងបានរៀបចំស្ថាប័ននេះឡើងវិញពីបាតដៃទទេ។ យើងតែងចងចាំគំនិតផ្តួចផ្តើមបង្កើត ស្ថាប័ននេះ ដោយលោក តាំង សារិម អតីត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម័យនោះ ហើយខ្ញុំតែងតែការពារ ស្ថាប័នមួយនេះ មិនអោយធ្លាក់ទៅលើឯកជនឡើយ។ ខ្ញុំផ្ទាល់តែងតែយកចិត្តទុកដាក់ជំរុញកំណែទម្រង់ស្ថាប័នគយ និងរដ្ឋាករកម្ពុចជា ដែល ជាស្ថាប័នមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល និងដើម្បីប្រមូលចំណូលកាន់តែបានខ្ពស់សម្រាប់ប្រទេសជាតិ និងដើម្បីអោយសមស្របទៅ និងទំនើបកម្ម នៃសេវាកម្មនេះ នៅក្នុងតំបន់ និងក្នុងពិភពលោក។
ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងស្ថាប័នគយ និងរដ្ឋាករ និងស្ថាប័នពន្ឋដារ ដែលបានអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលដើម្បីប្រមូលពន្ធ និងអាករកើនបានឡើងជាលំដាប់ ដែលក្នុង រយៈពេល ៥ខែ ដើមឆ្នាំ២០១៦នេះ គឺចំណូលគយសម្រេចបាន ២,៩៤៩ ទ្រីលានរៀល កើនឡើង២៩,៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៥ ។
ខ្ញុំសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ឋ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនានា ត្រូវចូលរួមសហការជាមួយ ស្ថាប័នគយ និង រដ្ឋាករ ដើម្បីជំរុញការប្រមូលពន្ឋអោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់ ។ ខ្ញុំក៏សូមអរគុណដៃគូអភិវឌ្ឍនានា ដែលបានសហការ ជាមួយស្ថាប័នគយ និងរដ្ឋាករ ដើម្បីជំរុញអោយស្ថាប័ននេះ កាន់តែទំនើប ប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព ខ្ពស់ក្នុងការផ្តល់សេវាកម្ម។ ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារប្រទេសជាតិ យើង មានសុខសន្តិភាព ឯកភាពជាតិ និងស្ថេរភាពនយោបាយ ទើបធ្វើអោយសេដ្ឋកិច្ចជាតិមានលំនឹង និងកាន់តែកើនឡើង ខ្ពស់ជាលំដាប់៕




អត្ថបទ៖ អារុណ
ប្រភព៖ Page Face Book: សម្តេចតេជោ ហ៊ុន សែន
0 comments:
Post a Comment