Wednesday, November 2, 2016

លោក ទូច វណ្ណ: ប្រើរយ:ពេល ១៥ឆ្នាំក្នុងវិស័យអប់រំ ទើបបង្កើតទស្សន:មួយថា " វិជ្ជាជា......."

News New : លោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី និង ជាគ្រូឧទ្ទិសនាមធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យា ល័យ ដល់សិស្សថ្នាក់ទី១២ បានប្រាប់ភ្នាក់ងារ News New ថា លោកបានបង្កើតនូវទស្សន:ខ្លីមួយ ទាក់ទងទៅនឹងវិស័យអប់រំ ដែលលោកបានប្រើរយ:ពេលរហូតដល់ ១៥ឆ្នាំ តាមរយ:បទពិសោធ ការងារផ្ទាល់របស់លោក នៅសាលាចំណេះទូទៅមួយ ក្នុងរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៩ ដល់ ឆ្នាំ២០១៤ ។ ក្នុងរយ:ពេល ១៥ឆ្នាំនោះ លោកទទួលការងារក្នុងសាលាចំណេះទូទៅ ជា ប្រធាន ក្រុមប្រឹក្សាវិន័យ ដោយគ្រប់គ្រងវិន័យ និងតំរង់ទិសដៅសិក្សា ដល់សិស្សពីថ្នាក់ទី១ ដល់ទី១២ ។

ក្នុងកិច្ចការគ្រប់គ្រងសិស្ស លោកបានជួបសិស្សជាច្រើនប្រភេទខុសៗគ្នា ដោយសិស្សខ្លះជាកូន អ្នកធំ អ្នកមានលុយ មានអំណាច ជាក្មេងទំនើង សិស្សមិនចូលចិត្តរៀនសូត្រ សិស្សបោះបង់ការ សិក្សា និងសិស្សល្អ ជាដើម។ ដោយឆ្លងកាត់ប្រភេទសិស្សទាំងអស់នេះ ធ្វើអោយលោក ទូច វណ្ណ: ខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ទល់ ដោះស្រាយ និងជួយតំរង់ទិសពួកគេជារឿយៗ រហូតបានជោគជ័យមួយចំណែកធំ និងទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាលសិស្សជា ច្រើន ពីលទ្ធផលនៃការតំរង់ទិសដៅសិស្ស។

នៅក្នុងការអប់រំ និងតំរង់ទិសដៅសិស្ស ដែលមិនយកចិត្តទុកដាក់រៀនសូត្រ និងមានចរិកជាក្មេង ទំនើង លោក ទូច វណ្ណ: បានប្រើយុទ្ធសាស្ត្រត្រជាក់ និងក្តៅរួមផ្សំគ្នា ជារៀងរាល់ថ្ងៃ ។ ជាពិសេស លោក ទូច វណ្ណ: បានបង្កើតទស្សន:ផ្ទាល់របស់លោក ដោយសរសេរជាផ្ទាំងធំដាក់លើជញ្ជាំងលើ កៅអីខាងក្រោយខ្នង ដើម្បីទុកអោយសិស្ស ដែលចូលមកទទួលការណែនាំ និងពិន័យ ពីលោក មើល និងពិចារណា ។
ទស្សន:របស់លោក ទូច វណ្ណ: នោះគឺ " វិជ្ជាជាស្ពាន រៀនអោយខ្ជាប់ កែទំលាប់ គាប់អនាគត " ។

តើទស្សន:នេះ មាន័យយ៉ាងណា? លោក ទូច វណ្ណ: បានបញ្ជាក់ថា ៖ វិជ្ជាជាស្ពាន មានន័យថា វិជ្ជា មានប្រយោជន៍ណា នៅពេលដែលមនុស្សមានចំណេះវិជ្ជា អាចជួយខ្លួនឯងអោយរួចផុតភាពល្ងង់ ខ្លៅ ការចាញ់បោកគេ មានការងារធ្វើល្អ ក្លាចជាមន្ត្រីរាជការ ឬអ្នកដឹកនាំណាមួយ ។ ពេលនោះ គឺ អនាគតយើងត្រចះត្រចង់ ជួយបានទាំងគ្រួសារ និងសង្គមជាតិផងដែរ ។ ចំពោះពាក្យថា "រៀនឱ្យ ខ្ជាប់" មានន័យថា ចង់បានវិជ្ជា ទាល់តែយើងប្រឹងប្រែងរៀនអោយបានខ្ជាប់ខ្ជួន ព្រោះវិជ្ជាត្រូវរៀន យូរអង្វែងដូចភ្លៀងរលឹម គឺដូចពាក្យស្លោកថា "តក់ៗពេញបំពង់" នោះឯង។ ចំពោះពាក្យថា " កែ ទំលាប់ គាប់អនាគត " មានន័យថា បើយើងចាប់ផ្តើមកែទំលាប់មិនល្អ មិនប្រឹងរៀនសូត្រ ចរិកក្មេង ទំនើង អោយទៅជា ប្រឹងប្រែងរៀនសូត្រ ចរិកឬកពារជាសិស្សល្អ កូនល្អ នោះអនាគតទៅមុខ ពិត ជាគាប់ប្រសើរមិនខានឡើយ។

តាមរយ:ទស្សន:ខាងលើនេះ និងការណែនាំបន្ថែមរបស់លោក ទូច វណ្ណ: បានធ្វើអោយសិស្សមិន ល្អ ជាច្រើន ប្រែក្លាយមកជា សិស្សល្អ កូនល្អ ពលរដ្ឋ មន្ត្រីល្អ និងថ្នាក់ដឹកនាំល្អ ចំពោះសិស្សដែល បានឆ្លងកាត់ការណែនាំ និងតំរង់ទិសរបស់លោក នៅសាលាចំណេះទូទៅឯកជនមួយ ក្នុងចន្លោះ ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៤ ។

ក្រៅពីចំណុចខាងលើនេះ លោក ទូច វណ្ណ: ក៏បានបន្តជួយតំរង់ទិសសិក្សាដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង តាមរយ:កម្មវិធីសិក្ខាសាលាស្តីពី វិធីសាស្ត្រត្រៀមប្រលង និងជ្រើសរើសជំនាញ មហាវិទ្យាល័យ ដែលរៀបចំ និងឧបត្ថម្ភដោយឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ រហូតមកដល់បច្ចុប្បន្នផងដែរ៕





























អត្ថបទ ៖ វិចិត្រ

0 comments:

Post a Comment