Recent Posts

Seo Services

លោក សម រង្ស៊ី អះអាង ៤ចំណុច គាំទ្រផែនទីដែលរដ្ឋាភិបាលកម្ពុជា សំរេចយកខ្នាត ១/៥០ពាន់

News New : លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រស់នៅនិរទេសខ្លួនពីអំណាចតុលាការ បានបញ្ចេញទស្សនៈគំាទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចយកផែនទីខ្នាត ១ / ៥០ ពាន់ សម្រាប់វាស់វែងព្រំដែនកម្ពុជា វៀតណាម ។ 

លោក​ សម រង្ស៊ី បានលើកឡើងក្នុងបណ្តាញសង្គម នាព្រឹកថ្ងៃទី២៨ វិច្ឆិកា នេះថា បញ្ហាបូរណភាព ទឹកដី គឺជា បញ្ហាកំណត់ព្រំដែន ទាំងដែនដីគោក និងដែនដីទឹក អោយបានត្រឹមត្រូវ និងយុត្តិធម៌ ។ បញ្ហានេះ ឈានមកដល់ដំណាក់កាលមួយថ្មី ដែលតម្រូវឲ្យជនជាតិខ្មែរ  អ្នកស្នេហាជាតិទាំងអស់ ចូលរួមធ្វើការ និងតស៊ូជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋាន ច្បាប់ មានទាំងច្បាប់ជាតិ (ជាពិសេស រដ្ឋធម្មនុញ្ញ) ទាំងច្បាប់អន្តរជាតិ (ជាពិសេស កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ ១៩៩១) ។ លោកថា ដំណោះស្រាយត្រឹមត្រូវ ចំពោះបញ្ហានេះ តម្រូវឲ្យគូវិវាទ (ជា ពិសេស ប្រទេសកម្ពុជា និងប្រទេសវៀតណាម) ស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋានបច្ចេកទេស ច្បាស់លាស់ក្នុងការកំណត់ព្រំដែន ដែលគ្មាននរណាអាចប្រកែកបាន ។ លោក សម រង្ស៊ី បានគូស បញ្ជាក់ថា « ចំពោះបញ្ហាផែនទីនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ហើយមានយោបល់ដូចតទៅ ៖ 
១- រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២ ចែងថា  " បូរណភាពទឹកដីរបស់ព្រះរាជាណា ចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/ ១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ - ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩" ។ 
២- ដើម្បីកំណត់បន្ទាត់ព្រំដែន នៅលើដែនដី និងដែនទឹកជាក់ស្តែងអោយបានកាន់តែច្បាស់លាស់ ថែមទៀត យើងត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលមិនទាន់មានកាលពីជាង៦០ឆ្នាំមុននៅពេលដែលរដ្ឋបាលអាណានិគមនិយមបារាំង បានរៀប ចំផែនទីដូចបញ្ជាក់ខាងលើ ទុកឲ្យយើងប្រើប្រាស់មកដល់សព្វថ្ងៃ​។
៣- ប្រទេសបារាំងសព្វថ្ងៃ អាចផ្តល់ជំនួយបច្ចេកទេស ដែលភាគីពាក់ព័ន្ធទាំងអស់ អាចជឿទុកចិត្ត បាន ព្រោះប្រទេសបារាំងសព្វថ្ងៃ ប្រកាន់ជំហអព្យាក្រឹត្យ ហើយក៏មានជំនាញឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ និងធនធានគ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហាកំណត់បន្ទាត់ព្រំដែនរវាងប្រទេស កម្ពុជា និងប្រទេសវៀតណាម ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ។
៤- ភាគីពាក់ព័ន្ធទាំងអស់ អាចស្នើរដ្ឋាភិបាលប្រទេសបារាំងសព្វថ្ងៃ ឲ្យជួយផ្តល់ផែនទីបន្ថែម ដែល មានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។

ផែនទីបន្ថែមនោះ  អាចផ្តល់ការងាយស្រួល ក្នុងការប្រើប្រាស់ និងការអនុវត្តន៍  ផែនទីជាមូលដ្ឋាន ក្នុងការកំណត់បន្ទាត់ព្រំដែនលើដែនដី និងដែនទឹកជាក់ស្តែង»។ជាមួយគ្នានោះដែរ មេបក្សប្រឆំាង ក៏បានលើកឡើងថា ផែនទីបន្ថែម ដែលអាចតម្រូវឲ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យមើលស្ថាន ការណ៍ ។ ជាក់ស្តែង បច្ចុប្បន្ននៅមូលដ្ឋាន មានលក្ខណៈពិសេស ២យ៉ាងដ៏សំខាន់ដូចតទៅ ៖ 
ក- មានការពង្រីកខ្នាតពី ១ / ១០០ពាន់  ( គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង ) ទៅ ១ / ៥០ពាន់  ( គឺ ២ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) មានន័យថា ផែនទី ១/៥០.០០០ លម្អិតជាង ២ ដង ហើយក៏ច្បាស់ជាង ២ដង ប្រៀបធៀបទៅនឹងផែនទី ១/ ១០០ពាន់ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ ។ ខ- មានការបំលែង (conversion ) ពីប្រព័ន្ធបច្ចេកទេស Bonne  ( ដែលគេឈប់ប្រើប្រាស់ ហើយសព្វ ថ្ងៃ)មកប្រព័ន្ធបច្ចេកទេសUTM (ដែលគេប្រើប្រាស់ជាសកល នាពេលបច្ចុប្បន្ន)។ បំលែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការងាយស្រួលក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើ ប្រាស់មកដល់សព្វថ្ងៃ ដើម្បីអោយឃើញថាផែនទីណាខុស ផែនទីណាត្រូវ។ លោកសង្កត់ធ្ងន់ថា« យើងអាចជឿទុកចិត្តលើផែនទី រៀបចំដោយប្រទេសបារាំង  ដែលមានគោលជំហរអព្យាក្រឹត្យ  ជា ជាងផែនទី ដែលរៀបចំដោយប្រទេសវៀតណាម ដែលមានផលប្រយោជន៍ ផ្ទុយពីផលប្រយោជន៍ ប្រទេសកម្ពុជា ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំង២ ។ ក្នុងកាលៈទេសៈបច្ចុប្បន្នជំនួយបច្ចេក ទេស និងអព្យាក្រឹត្យ ពីប្រទេសបារាំង មិនអាចធ្វើឱ្យប្រទេសកម្ពុជា ទទួលការបង់ខាតអ្វីទេ។ ផ្ទុយ ទៅវិញអន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ពីបញ្ហាព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ ឲ្យប្រទេសកម្ពុជា ។ ជាមួយគ្នា នោះដែរ លោក សម រង្ស៊ី ក៏បានបង្ហាញទស្សនៈការប្រើប្រាស់ផែនទីខ្នាត ១ / ៥០ពាន់ នឹងត្រូវផ្តល់ យុត្តិធម៌ ឲ្យអ្នកស្នេហាជាតិដូចជា លោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដី នៃប្រទេស កម្ពុជា ។ គឺមិនគួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផល ប្រយោជន៍ប្រទេសជាតិរបស់យើងទាំងអស់គ្នា។ ទាន់ទិនទៅនឹងកាលើកឡើងរបស់មេបក្សប្រឆំាង លោក សម រង្ស៊ី នេះដែរ លោន សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា នេះ ជានយោបាយបល់បាយ របស់អ្នកនយោបាយថោកទាប ដែលធ្វើនយោបាយ ដើម្បីបង្គ្រប់បំពេញ សព្វបែបយ៉ាងឲ្យសម្តេចតេជោ ហ៊ុន សែន ដែលរួមមាន៖ បង្គ្រប់កិច្ចបោះឆ្នោតបង្គ្រប់ទឹកចូលសភា ហើយឥឡូវបង្គ្រប់ទិស ជួយដូរខ្នាតផែនទីថែមទៀត។ លោកបញ្ជាក់ថា«នយោបាយបល់បាយ ឆ្លេរ ឆ្លារ និងចរឹតនយោបាយអំពិលអំពែក របស់ សម រង្ស៊ី គឺធ្វើដើម្បីតែចិញ្ចឹមជីវិតនយោបាយរបស់ខ្លួន ខ្លាចគណបក្សរបស់ខ្លួនរលាយ តែមិនដែលគិតខ្លាចប្រទេសជាតិរលាយទេ។ចុងក្រោយនេះ បន្ទាប់ ពីអង្វរលន់តួរសុំ ហ៊ុន សែន ចូលស្រុក ក្រោមលេសម្តាយក្មេកស្លាប់នោះរួចហើយ ពេលនេះ សុខ ចិត្តគាំទ្រ ហ៊ុន សែន ដើម្បីដូរខ្នាតផែនទីប្រទេស ថែមទៀត ដោយចេះខ្មាស់អៀន» ។

សូមជម្រាបថាកាលពីពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហរថា បង្កើត ផែនទីថ្មីទេ គឺ ចម្លងផែនទីពីផែនទីខ្នាត ១ / ១០០ពាន់ មកខ្នាត ១ / ៥០ពាន់  ដើម្បីងាយស្រួល វាស់ វែង និងបោះបង្គោល ។ ផែនទីខ្នាត ១ / ១០០ពាន់ នៅតែជាផែនទីផ្លូវការ។ ក្នុងករណីមានការយល់ ខុសគ្នាត្រូវយកផែនទីខ្នាត១/១០០ពាន់មកធ្វើជាមូលដា្ឋនក្នុងការដោះស្រាយដដែល ។ និយាយរួម ការផ្ទេរផែនទី ឬចម្លងផែនទីត្រូវតែធានាភាពត្រឹមត្រូវ តាមផែនទីដើម និងដើម្បីយកមកធ្វើការវាស់ វែងបោះបង្គោលព្រំដែនអោយបានត្រឹមត្រូវ ។ យើងសុំជំនាញការបារាំង អាស្រ័យដោយបារាំង ជា អ្នកផលិតផែនទីនេះ ពេលបារាំងដាក់អាណានិគមលើប្រទេសកម្ពុជា វៀតណាម និងឡាវ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ច ប្រជុំរវាងកម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍ នាខេត្តសៀមរាប បានឯក ភាពរួមគ្នា ធ្វើលិខិតទៅរាជរដ្ឋាភិបាល បារាំង ស្នើសុំអ្នកឯកទេស មកជួយធ្វើផែនទី គឺ ផែនទីខ្នាត ១ / ១០០ពាន់ ទៅជាផែនទី ១ / ៥០ពាន់ វិញ ៕

អត្ថបទ ៖ ចំណាន (២០)
លោក សម រង្ស៊ី អះអាង ៤ចំណុច គាំទ្រផែនទីដែលរដ្ឋាភិបាលកម្ពុជា សំរេចយកខ្នាត ១/៥០ពាន់ លោក សម រង្ស៊ី អះអាង ៤ចំណុច គាំទ្រផែនទីដែលរដ្ឋាភិបាលកម្ពុជា សំរេចយកខ្នាត ១/៥០ពាន់ Reviewed by Unknown on 9:03:00 PM Rating: 5

No comments:

Powered by Blogger.