Friday, November 25, 2016

លោក យឹម សុវណ្ណ ថា បើស្ថានភាពនយោបាយមិនវិលរកភាពប្រក្រតីទេ ការបោះឆ្នោតក៏គ្មានយុត្តិធម៌ដែរ

News New :  ​ជាថ្មី​ម្តងទៀត​ លោក យឹម សុវណ្ណ ជាអ្នកតំណាងរាស្ត្រ និង​ជាអ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​សប្តាហ៍​នេះ​  បានបញ្ជាក់​ថា បើ​មិនដោះស្រាយ ​បញ្ហានយោបាយ​អោយ​វិល​ទៅរក​ភាពប្រក្រតី​វិញ​ទេ ការបោះឆ្នោត​ក៏​គ្មាន​យុត្តិធម៌​ដែរ  ​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ក្រុម​អ្នកកាន់អំណាច​ គៀបសង្កត់​យើង​គ្រប់​រូបភាព ដូចនេះ ​ការបោះឆ្នោត​ក៏​មិន​អាចមាន​ភាពយុត្តិ ធម៌​ដែរ ព្រោះ​គណបក្សជំទាស់​គ្មាន​សេរីភាព​ឡើយ​ ។​ លោក យឹម សុវណ្ណ បាន​ពន្យល់ថា នៅតែ​មន្ទិលសង្ស័យ​ចំពោះ​ការឈានទៅរក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧-២០១៨ ដោយសារ​មេដឹកនាំ​គណបក្សនយោបាយ​ធំៗ គណបក្សនយោបាយ​ធំ​បំផុត​នៅក្នុង​រដ្ឋសភា គណបក្សជំទាស់​ធំ​បំផុត​ដែលមានលោក​ប្រធាន សម រង្ស៊ី លោក​ប្រធានស្ដីទី កឹម សុខា និង​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធ សភា ថ្នាក់ដឹកនាំ​យុវជន សកម្មជន និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ជាប់ ពន្ធនាគារ ហើយ​មិនទាន់​ដោះស្រាយ​បញ្ហា​នេះ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា បើសិនជា​បាន​ដោះ​បញ្ហា​ខាងលើ​អោយយ​វិល​ទៅរក​ភាពប្រក្រតី​វិញ ទើប​អាច​សង្ឃឹម​ច្រើន​ថា ការបោះឆ្នោត​ឆ្នាំ២០១៧ - ២០១៨ វា​អាច​វិវត្តន៍​ទៅរក​ភាពសេរី និង​យុត្តិធម៌ ដែល​យើង​មិនដែល​ឃើញ​ក្នុង​រយៈ ពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ​។​ ​ថ្មីៗ​នេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​ព្យាយាម​ជាច្រើនលើក​ទាក់ទង​ទៅ ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​គណបក្សកាន់ អំណាច​ដើម្បី​រក​ផ្លូវ​ចរចា​ដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ផងដែរ​។ តែ​ពុំមាន​ការឆ្លើយតប​ណាមួយ​ឡើយ ដែល​ធ្វើ​ឲ្យ​មតិសាធារណៈ​យល់ថា​គណបក្ស​ប្រជាជន​គ្មាន​ឆន្ទៈ​ដោះ ស្រាយ​បញ្ហានយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ បាន​រិះគន់ថា ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​ គឺមិន​ហ៊ាន ប្រកួតប្រជែង​ជាមួយ​លោក​ដោយ​ស្មើភាព​ទេ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា បើ​មានការ​ប្រកួតប្រជែង ​ដោយ​ស្មើភាព​នោះ​ពួកគេ​នឹង​បរាជ័យ​មិន​ខាន​ ។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ក្រុម​អ្នកកាន់ អំណាច​បច្ចុប្បន្ន​មាន​ភាព​កំសាក និង​ខ្លាច​បរាជ័យ​នៅ​ចំពោះមុខ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងមាន​និន្នាការ​នៃ​ការផ្លាស់ប្តូរ​កាន់តែខ្លាំង​ឡើងៗ និង​ចង់បាន​មេដឹកនាំ​ថ្មី​នៅ​កម្ពុជា​៕



 អត្ថបទ ៖ លោក ឡាង បូរិន


0 comments:

Post a Comment