Monday, December 19, 2016

ក្នុងការដឹកនាំសិស្សនិទ្ទេសA ខេត្តព្រៃវែង ទស្សនកិច្ចប្រទេសចិន លោក ស សុខា ចិនយល់ព្រមទិញស្រូវអង្ករ

News New : សិស្សនិទ្ទេស A ខេត្តព្រៃវែង បានបញ្ចប់ដំណើរទស្សនកិច្ចពីប្រទេសចិន ដោយជោគ ជ័យ  ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានស ហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី សសុខា ព្រមទាំងក្រុមការងារជំនួយ ការ ឯកឧត្តម ស សុខា កាលពីពេលកន្លងទៅថ្មីៗនេះ ។

ដំណើរទស្សនកិច្ចរបស់សិស្សនិទ្ទេស A ខេត្តព្រៃវែង ទាំង  ១៤នាក់  ក្នុងប្រទេសចិន គឺបានបញ្ចប់ ហើយ បន្ទាប់ពីប្រើពេលពេញ ១សប្ដាហ៍ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នោះ។ ទាក់ ទងដំណើរទស្សនកិច្ចក្នុងខេត្តអានហួយ ប្រទេសចិននេះ ក្រុមការងារបានដឹកនាំ ប្អូនៗទៅទស្សន កិច្ចសិក្សាតាមសាលារៀនល្បីៗចំនួន ៣កន្លែងដូចជា៖ សាលារៀនក្នុងក្រុងអ៊ូហ៊ូ ក្រុងម៉ាអាន់សាន់ និងក្រុងហឺហ្វី ។ សាលារៀនក្នុងក្រុងអ៊ូហ៊ូ គឺមានអគារមួយសង់តាំងពីជាង  ១រយឆ្នាំមុន  និងអគារ មួយទៀត អតីតប្រធានាធិបតីចិន លោក ម៉ៅ សេងទុង តែងទៅអានសៀវភៅនៅទីនោះ។ ចំណែក សាលាក្នុងក្រុងហឺហ្វីវិញ ជាសាលាអតីតប្រធានាធិបតីចិន លោក លី ឃ័រជាំង រៀនសូត្រ ។ ក្រៅពី នេះ ក្រុមការងារ ក៏បានដឹកនាំប្អូនៗទៅកម្សាន្តតាមរមនីយដ្ឋានមួយចំនួន ដូចជា៖ រមនីយដ្ឋាន ក្នុង ក្រុងអ៊ូហ៊ូ (ល្បែងរន្ធត់), ទស្សនាសួនទឹកប្រវត្តិសាស្ត្រជាតិ ក្នុងក្រុងម៉ាអាន់សាន់ ។ លើសពីនេះ ក៏ បានទៅទស្សនាភ្នំខ្យងខៀវ ដែលជាភូមិរបស់អ្នកប្រាជ្ញកវីសម្ដីហូរជាងទឹក "លីប៉ាយ" ។ នៅលើភ្នំ នេះ មានសង់ផ្ទាំងសំណេរដោយដៃរបស់អតីតប្រធានាធិតីចិនលោក ម៉ៅ សេងទុង ផងដែរ ។

ទាក់ទងនឹងរឿងប្រវត្តិសាស្ត្រនេះដែរ គណៈប្រតិភូ ក៏បានចូលទស្សនាសារមន្ទីរតម្កល់ឧបករណ៍ បុរាណៗ ដូចជា៖ គ្រែស្នែង គ្រែបុរាណ ហិបបុរាណ និងរូបក្រមួនមន្ត្រីសំខាន់ៗ ពិសេសរាជវង្ស។ នៅមានសារមន្ទីរមួយទៀត ដែលតម្កល់សុទ្ធតែថ្មពិសេសៗ ដែលគេជីកគាស់ពីក្នុងដី ។ ក្នុងសារ មន្ទីរនេះ មានឃើញតាំងមុខម្ហូប ដែលធ្វើពីថ្មពណ៌ធម្មជាតិត្រូវតាមមុខម្ហូបទាំងសាច់ទាំងបន្លែ ។ ប្រជាជនមួយចំនួន បានចាប់យកមុខរបរជីកគាស់ថ្មប្លែកៗ ក្នុងដីនេះមកលក់ ដោះស្រាយជីវភាព យ៉ាងធូរ ។ ងាកមកការគ្រប់គ្រងសុវត្ថិភាពសង្គមវិញ ក្រុមគណៈប្រតិភូ បានទៅទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយមួយកន្លែង។ នៅទីនោះ អ្វីដែលពិសេស មានដូចជា គឺ របាំងផ្លូវវិលមិនឲ្យឡានក្រឡាប់, ឧបករណ៍បំផ្ទុះកញ្ចក់ឡានពេលឡានធ្លាក់ទឹក ឫឡានក្រឡាប់ រកច្រកចេញមិនរួច, ឥដ្ឋរក្សាសីតណ្ហភាពអាចរក្សាធាតុអាកាសបានជា២០ម៉ោង(រៀបជុំវិញបន្ទប់) ម៉ូតូឡានពន្លត់អគ្គិភ័យតាមផ្លូវតូចៗចង្អៀត…។ 

ចុងក្រោយ ក្រុមការងារ និងប្អូនៗនិទ្ទេសA ខេត្តព្រៃវែង បានចូលទស្សនាកសិដ្ឋានមួយកន្លែង ក្នុង ស្រុកលីងប៊ី។ ក្នុងកសិដ្ឋាននេះ គេឃើញមានទាំងការដំាដុះ និងបង្កាត់ពូជរុក្ខជាតិផងដែរ។ អ្វីដែល គួរចាប់អារម្មណ៍ គឺគេដាំម្ទេសព្យួរនឹងថូដោយយកគល់ឡើងលើដើមចុះក្រោមផ្ទុយពីយើង។ បច្ចេក ទេស ដាំបែបនេះ ដោយសារនៅប្រទេសចិនភាគច្រើនប្រជាជនរស់នៅតាមខុនដូ ដែលពួកគេអាច ដាំព្យួរជាថូបែបនេះបាន។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏ បានឧបត្ថម្ភដល់ប្អូនៗនិទ្ទេស A ក្នុងម្នាក់ៗ ២០០ដុល្លារ សម្រាប់ទិញវត្ថុអនុស្សាវរីយ៍ ផ្ញើជូនអ្នកផ្ទះ ផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តម ស សុខា ក៏បានប្រកាសថា សម្រាប់ឆ្នាំក្រោយ នឹងបន្ថែម ប្អូនៗ និទ្ទេស A ពីរខេត្តទៀត ក្រៅពីខេត្តព្រៃវែងគឺ បាត់ដំបង បន្ទាយមានជ័យ ដើម្បីទៅទស្សនកិច្ច​ក្រៅប្រទេស ហើយឯកឧត្តម បញ្ជាក់ផងដែរថា ក្នុងករណីមានឧបសគ្គ រឺតម្រូវការចាំបាច់ណាមួយ សូមឲ្យប្អូនៗផ្ដល់ដំណឹងដល់ក្រុមការងារ ដើម្បីជួយដោះស្រាយអោយទាន់ពេលវេលា។ ចំណែកឯ លោកជំទាវ កែ សួនសុភី ក៏បានលើកទឹកចិត្តប្អូនៗឲ្យប្រឹងបន្ត ដើម្បីធ្វើជាគំរូដល់យុវជនដទៃទៀត ពិសេសជាយុវជនគំរូរបស់ខេត្តព្រៃវែង ។ ក្នុងដំណើរទស្សនកិច្ចក្នុងខេត្តអានហួយ ប្រទេសចិននេះ មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសមាគមខេត្តអានហួយ ពាណិជ្ជករចិន អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងតំណាងរាស្ត្ររបស់ភាគីចិន។ ក្នុងនោះ ឯកឧត្តម ស សុខា បានស្នើអោយអាជ្ញាធរ ខេត្តអានហួយ ជួយទិញស្រូវអង្ករពីខេត្តព្រៃវែង ហើយភាគីចិន បានយល់ព្រមតាមការស្នើនេះ ៕




































អត្ថបទ ៖ អារុណ

0 comments:

Post a Comment