Friday, December 9, 2016

លោក ឱម យ៉ិនទៀង ៖ ACU លុបបំបាត់មន្ត្រីខ្មោច បានច្រើន ...

News New : លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាន​ឱ្យដឹង ថា ក្រោយពីរាជរដ្ឋាភិបាល ប្រកាសឲ្យលុបបំបាត់មន្រ្តីខ្មោច (មន្រ្តីមិនមកធ្វើការ) នាពេលកន្លងមក គឺការអនុវត្តការងារនេះ បានជាង ៨០ភាគរយ ។ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីអបអរសាទរទិវាជាតិ ៩ធ្នូ ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅអង្គភាពប្រឆំាងអំពើពុករលួយ ថា« ខ្ញុំគិតថាកែប្រែ (មន្រ្តីខ្មោច) បាន ៨០អង្សា ដោយសារឡាន របស់រាជរដ្ឋាភិបាលធំជាងយើងខ្ញុំ ។ ឡានយើងខ្ញុំតូចជាងដឹកម្តងបាន ២នាក់ទៅតុលាការ ។ ប៉ុន្តែ គាត់ម្តងៗ បានដឹកទាំងក្រសួង ដើម្បីមកផ្លូវល្អវិញ » ។ លោកបន្តថា  មានមន្រ្តីនៅតាមក្រសួងខ្លះ ពេលចុះបំពេញបេសកកម្ម បានដាក់ចំនួនមនុស្ស និងថ្ងៃលើស ដើម្បីបានទទួលថវិកាច្រើន ដែល នេះហើយហៅថា មន្រ្តីខ្មោច ដែលមិនធ្វើការ ។ ប៉ុន្តែទទួលយកថវិកា ជាអំពើពុករលួយ ។ ទាក់ទង នឹងការឃាត់ខ្លួនមន្រ្តីខ្មោចនេះ លោកថា អង្គភាពមិនបានបញ្ជូនមនុស្ស៤-១០នាក់ទៅតុលាការទេ ប៉ុន្តែបានបញ្ជូនខ្លួនមនុស្សរាប់ម៉ឺននាក់ទៅលើវិថី របស់រាជរដ្ឋាភិបាល ដើម្បីកែប្រែអោយមានភាព ស្អាតស្អំ ។ ជាមួយគ្នានោះដែរ លោក ឱម យ៉ិនទៀង  ការពារដល់អ្នកសារព័ត៌មាន  និងអ្នកសិល្បៈ ចំពោះអ្នកប្រមាថ មើលងាយពីសំណាកមនុស្សមួយចំនួន ថា គឺជា ការឆោតល្ងង់ ។ លោកថា ជា រឿយៗអ្នកសារព័ត៌មាន និងអ្នកសិល្បៈ ត្រូវបានមតិភាគច្រើនមិនសូវអោយតម្លៃនោះទេ ដោយអះ អាងថា អ្នកសារព័ត៌មានខ្លះរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈ និងបំប៉ោងព័ត៌មានជាដើម ខណៈអ្នក សិល្បៈភាគច្រើន ក៏ទទួលការវាយតម្លៃមិនល្អផងដែរ ។ លោកបញ្ជាក់ថា « ខ្ញុំនិយាយទៅអាចថា មាន ១ពាន់នាក់ស្តាប់ ។  ប៉ុន្តែអ្នកសិល្បៈនិយាយទៅអាចមាន ០១លាននាក់ស្តាប់  ហើយអ្នកអាច បញ្ជូនអោយយ ១លានទៅ ២លាន និង ៣លាននាក់ រឺ១០លាននាក់ហ្នឹងគឺអ្នកសារព័ត៌មាន។ អ៊ីចឹង តួនាទីអ្នកសារព័ត៌មាន និងអ្នកសិល្បករមិនអាចមើលស្រាលនោះបានទេ ។ ការមើលងាយតួនាទី សិល្បករ និងអ្នកសារព័ត៌មានគឺជាការឆោតល្ងង់»។ លោកបន្តថា សកម្មភាពរបស់សិល្បករ ប្រៀប បានទៅនឹងគ្រាប់ស្ករ ព្រោះមនុស្សចាស់និងក្មេងចូលចិត្តភាពផ្អែមល្ហែម ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះដែរ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែង ថា គិតរហូតមកដល់ពេលនេះ យុទ្ធនាការបំបាត់មន្រ្តីខ្មោច ក៏ដូចជា ការប្រព្រឹត្តិអំពើពុករលួយ លើ ការដាក់ឈ្មោះមន្រ្តីចុះបេសកកម្មតាមខេត្ត ដែលកន្លងមកបានប្រព្រឹត្តិអំពើពុករលួយយ៉ាងខ្លាំងក្លា នោះ ពេលនេះ ត្រូវបានលុបបំបាត់ទទួលបានយោគជ័យយ៉ាងធំបំផុតនៅក្នុងប្រទេសកម្ពុជា ។

លោកប្រធាន ACU  បានលើកឡើងថា  ដោយសារតែយុទ្ធនាការ នៃការលុបបំបាត់មន្រ្តីខ្មោច តាម ស្ថាប័ន មន្ទីរ និងក្រសួងរបស់រដ្ឋកន្លងមក បានធ្វើឱ្យមានការកែប្រែយ៉ាងខ្លាំង ហើយជន ដែលបាន ប្រព្រឹត្តអំពើនេះ គេក៏លែងហ៊ានបន្តទៀតដែរ ។ មន្រ្តីខ្មោច ដែលគេធ្លាប់តែប្រើសម្រាប់លួចលុយ ជាតិ តាមរយៈជនពុករលួយនោះ ត្រូវកំចាត់បានស្ទើរទាំងស្រុងធ្វើ ឱ្យពួកគេលែង ហ៊ានប្រព្រឹត្តបន្ត ទៀត ។ លោកគូរសបញ្ជាក់បន្ថែមថា « យើងខ្ញុំចាប់មួយពីរទៅតុលាកាវាក៏ផ្តល់ផលល្អដល់មនុស្ស មួយរយពីររយ ឬហូតដល់មួយពាន់ពីរពាន់។ រាជដ្ឋាភិបាលបានយល់ព្រមប្តូរប្រព័ន្ធថ្មី ក្នុងនេះយើង បានស្នើសុំតម្លើងប្រាក់ខែ ។ ឧទាហរណ៍ដូចជា ៖ មន្រ្តីជាប់កិច្ចសន្យានៅមន្ទីរសាធារណការ អ្នកថែ សួនច្បារ ប្រាក់ខែ ១៦ម៉ឺនរៀល គ្នារស់អត់បានទេ។ ខ្ញុំទៅចាប់ភ្លាមបានដាក់ទាំងទ្រុងឡានយកទៅ បាន ប៉ុន្តែឥឡូវនេះ យើងខ្ញុំមិនបានចាប់ទេ  ព្រោះយើងទទួលស្គាល់ការលំបាកជាក់ស្តែង ។ យើង យកច្បាប់ទៅអនុវត្តទាំងងងឹតងងុលចេះតែបានហើយ ។ ប៉ុន្តែវាអត់ប្រសិទ្ធភាពទេ »។ លោក ឱម យ៉ិនទៀង បានឱ្យដឹងបន្ថែមថា នាពេលនេះ មន្រ្តីដែលជាប់កិច្ចសន្យាលែងមានប្រាក់បៀវត្ស ចំនួន ១៦ម៉ឺនរៀល ទៀត ហើយគឺ ចាប់ពី ១០០ដុល្លារ ឡើងទៅ ។ ក្រៅពីនេះ ចំពោះថវិកាចុះបេសកកម្ម តាមខេត្ត ដែលមន្រ្តីមួយចំនួន ប្រព្រឹត្តអំពើពុករលួយ ដាក់ចំនួនលើមនុស្សសម្រាប់យកថវិកាដាក់ ហោប៉ៅខ្លួនឯងនោះ ក៏ត្រូវបានលុបបំបាត់ដូចគ្នា ។ លោកថា « លុយចុះបេសកកម្មតាមខេត្ត ក៏ជា ផ្នែកមួយមន្រ្តីខ្មោចដែរ ។ ក្នុងនេះចុះទៅខេត្តបីនាក់ប៉ុន្តែគេដាក់ប្រាំនាក់ ខ្លួនទៅបីថ្ងៃដាក់ទៅ ៥ថ្ងៃ អញ្ចឹងអាពីរនាក់ហ្នឹងខ្មោចហើយអាពីរថ្ងៃ ហ្នឹងខ្មោចហើយដែរ ។ ឥឡូវលុបហើយពីព្រោះថា លុយ ទៅខេត្តគេឱ្យទៅច្រើនគ្រប់គ្រាន់ចាយសល់ អញ្ចឹងអត់មានអ្នកឯងដាក់លើសទេ។ នេះជាការលុប មួយជោគជ័យយ៉ាងធំ ។ ប៉ុន្តែយើងមិនបានផ្សព្វផ្សាយទេ »។ ទាក់ទិននឹងការលុបបំបាត់មន្រ្តីខ្មោច នេះដែរ លោកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា ពេលនេះអង្គភាព របស់លោក បានទទួលជោគជ័យយ៉ាងធំសម្រាប់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់រាល់អំពើពុក រលួយលួចថវិកាជាតិ តាមរយៈមន្រ្តីខ្មោចនេះ។

 អត្ថបទ ៖ ចំណាន (២៥)

0 comments:

Post a Comment