Thursday, December 22, 2016

ហេតុផល ២យ៉ាង ដែលធ្វើឱ្យមន្ត្រីរិះគន់ការតែងតាំងប្រធានមន្ទីរអប់រំខេត្តព្រៃវែងថ្មី

News New : បន្ទាប់ពីមានការលេចលឺថា បេក្ខភាពជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ត្រូវបានទៅលើលោក វ៉ែន ប្រណី  អតីតអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង នោះ ក៏ មានមន្ត្រីរាជការនៃមន្ទីរអប់រំខេត្តព្រៃវែង និងប្រជាពលរដ្ឋមួយចំនួន សំដែងនូវការមិនសប្បាយចិត្ត និងធ្វើការរិះគន់យ៉ាងខ្លាំង។

មូលហេតុដែលឈានទៅដល់ការមិនសប្បាយចិត្ត និងរិះគន់បែបនេះ ដោយសារតែបេក្ខជនទទួល ជាប្រធានមន្ទីរអប់រំថ្មីនេះ មិនមែនជាបុគ្គល ដែលពួកគាត់ពេញចិត្ត ។  ចំពោះបុគ្គល ដែលពួកគាត់ ពេញចិត្តវិញ ត្រូវបានគេបង្ហើបឱ្យដឹងថា គឺ លោក ឈុន សុផល អនុប្រធានមន្ទីរអប់រំ  យុវជន  និង កីឡាខេត្តព្រៃវែង ព្រោះលោកជាបុគ្គល ដែលមានស្នាដៃលេចធ្លោរ និងសកម្មជាងគេ  ហើយក៏ត្រូវ បានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងមន្រ្តីក្រោមឱវាទ​ទាំងអស់ បោះឆ្នោតគាំទ្រលើកអោយធ្វើជា ប្រធានមន្ទីរអប់រំថ្មី រួចរាល់ទៅហើយ បន្ទាប់ពីប្រធានចាស់ចូលនិវត្តន៍ តែក្រោយមកក៏ទុកមួយរយៈ សិន ។ ប៉ុន្តែដល់ថ្ងៃប្រកាសតែងតាំង អ្នកដែលត្រូវឡើងកាន់តំណែងជា ប្រធានមន្ទីរអប់រំខេត្ត បែរ ជាឈ្មោះ វ៉ែន ប្រណី ដែលជាអតីតអនុប្រធានមន្ទីរអប់រំ ខេត្តព្រៃវែង មកពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទៅវិញ។ 

ប្រភពបានបញ្ជាក់ដែរថា លោក វ៉ែន ប្រណី នេះកាលពីអំឡុងពេលបោះឆ្នោតរកអ្នកគាំទ្រកន្លងទៅ មិនមានការគាំទ្រពីមន្រ្តីណាម្នាក់នោះឡើយ  ទាំងការបោះឆ្នោតនៅក្នុងអង្គភាព  និងការប្រជុំរបស់ គណៈអភិបាលខេត្ត គឺគ្រប់មន្រ្តី ដែលមានសិទ្ធិបោះឆ្នោតបានគាំទ្រតែលោក ឈុន សុផល តែម្នាក់ គត់ ព្រោះលោកមានស្នាដៃលេចធ្លោរ និងសកម្មជាងគេ ។

ទាក់ទងភាពមិនប្រក្រតីខាងលើនេះ មានប្រភពមួយចំនួន បានបញ្ជាក់ថា លោក វ៉ែន ប្រណី គឺមាន ប្អូនថ្លៃម្នាក់ឈ្មោះ ញ៉ែម សុខជា ដែលបច្ចុប្បន្នជាប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រៃវែង គឺជា អ្នករត់ការយ៉ាងសកម្ម ដើម្បីអោយបងថ្លៃរបស់ខ្លួនគឺ លោក វ៉ែន ប្រណី បានធ្វើជាប្រធានមន្ទីរអប់រំ ខេត្ត ។​ ហើយយោងតាមប្រភពដដែល បានបង្ហើបផងដែរថា លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខ ងារសាធារណ: ខេត្តព្រៃវែង នេះ គឺជា មនុស្សពូកែអែបអបថ្នាក់លើ  ប៉ុន្តែច្រើនប្រើអំណាចផ្តាច់ការ មកថ្នាក់ក្រោមខ្លួន និងជាមនុស្សបក្សពួកនិយមទៀតផង ។ ជាក់ស្តែង កន្លងមកមន្ទីរមុខងារសាធា រណ: ខេត្តព្រៃវែង មានមន្ត្រី តែជាង ១០នាក់ ប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ន មន្ត្រីមួយចំនួនធំ ត្រូវបានសុំ ផ្ទេរចេញទៅស្ថាប័នផ្សេងជាបន្តបន្ទាប់ ក្នុងនោះ ក៏មានអនុប្រធានមន្ទីរនេះ ៣រូបហើយ  ដែលបាន និងកំពុងសុំផ្ទេរចេញ ព្រោះតែពិបាកធ្វើការជាមួយលោក ញ៉ែម សុខជា នេះពេក ។ ដោយមូលហេតុខាងលើផង និងមូលហេតុលោក វ៉ែន ប្រណី ជាប្អូនថ្លៃជាមួយលោក ញ៉ែម សុខជា ផង គឺកាន់តែធ្វើអោយមន្ត្រីនៅថ្នាក់ក្រោមរបស់មន្ទីរអប់រំ មានការព្រួយបារម្ភថែមទៀត ។

នៅពេលជួបទៅនឹងបញ្ហាចំពោះមុខខាងលើនេះ មន្រ្តីក្រោមឱវាទ ដែលស្រឡាញ់ពេញចិត្តទៅនឹង សកម្មភាព សកម្មក្នុងការងារ និងស្អប់ខ្ពើមអំពើពុករលួយគ្រប់ៗគ្នា បានធ្វើការអំពាវនាវ ដល់លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា  ជួយពិនិត្យសើរើករណីខាងលើនេះ ឡើងវិញ ដើម្បីសម្រួលដល់សតិអារម្មណ៍របស់មន្រ្តីក្រោមឱវាទ ក៏ដូចជា លើកស្ទួយអ្នក ដែលមាន ស្នាដៃ និងសកម្មក្នុងការងារ សំដៅលើកទឹកចិត្តដល់មន្រ្តីដទៃទៀតផងដែ៕

News New រងចាំធ្វើការចុះផ្សាយជាបន្តបើមានការបំភ្លឺពីលោក វ៉ែន ប្រណី ឬ លោក ញ៉ែម សុខជា ជុំវិញព័ត៌មានខាងលើ ព្រោះនេះគ្រាន់តែជាព័ត៌មានមួយចំហៀងប៉ុណ្ណោះ ។ 

អត្ថបទ ៖ ចិត្រា


0 comments:

Post a Comment