Thursday, December 29, 2016

កម្ពុជា នឹងប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មលើកុមារឆ្នាំ២០១៦-២០២៥

 News New : រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានថ្លែងថា ក្នុងអំឡុងឆ្នាំ២០១៦-២០២៥ កម្ពុជានឹងធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងការកាត់បន្ថយពលកម្មលើ កុមារ និងការលុបបំបាត់ពីទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មលើកុមារ  ដែលជាផែនការណ៍សកម្មភាព ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការងារ បែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃផែនការណ៍សកម្មភាពជាតិស្តីពី ការកាត់ បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ២០១៦-២០២៥ នាទីស្តី ការក្រសួង កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងដោយបញ្ជាក់ថា ចំពោះករណីទម្រង់ធ្ងន់ធ្ងរលើពលកម្មកុមារ សម្រាប់ នៅប្រទេសកម្ពុជា អាចនឹងកើតមានខ្លះ ប៉ុន្តែមិនច្រើនទេ ដែលនាពេលនេះ យើងចាំបាច់ត្រូវតែនាំ គ្នាទប់ស្កាត់ ។ ការទទួលបានជោគជ័យទៅលើការប្រើកម្លាំងពលកម្មលើកុមារនេះដែរ ដោយសារ កិច្ចសហការល្អប្រកបដោយវិជ្ជាជីវៈ របស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ  និងសង្គម ស៊ីវិល ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការកសាងផែនការសកម្មភាពជាតិ នេះឱ្យលេច ចេញជារូបរាង្គ  និងជាឧបករណ៍វិស័យការងារមួយ ដែលគ្រប់ភាគីពាក់ព័ន្ធអាចប្រើប្រាស់បាន  ជា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រ និងអនុវត្តការងារលុបបំបាត់ពលកម្មកុមារប្រកបដោយប្រសិទ្ធភាពនៅ ប្រទេសកម្ពុជា។ជាមួយភាពជោគជ័យនេះដែរ កន្លងមកក្រសួងការងារសហរដ្ឋអាមេរិច ក៏បានចាត់ ទុកកម្ពុជាគឺជាប្រទេសគំរូនាំមុខមួយក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ពលកម្មកុមាររួចមកហើយ។
លោកបានមានប្រសាសន៍ដោយបញ្ជាក់ផងថា “ ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារសម្រាប់ នៅកម្ពុជា ក្នុងនេះ រួមមាន ការជួញដូរផ្លូវភេទ ការប្រើប្រាស់កម្លាំងដោយបង្ខំហួសកម្រិត ដែលល្មើសនឹងសិទ្ធិ កុមារ។ប៉ុន្តែយ៉ាងណាបញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយមួយផ្នែកធំហើយ។ ក្រៅពីនេះទម្រង់ ធ្ងន់ធ្ងរទៅលើការប្រើកម្លាំងពលកម្មកុមាររមួយទៀត គឺការងារក្រៅប្រព័ន្ធដូចជា កុមារលើតាមគំនរ សំរាម ជាដើម ” ។

ទាក់ទិនទៅនឹងការប្រើកម្លាំងពលកម្មលើកុមារនេះដែរ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ចំពោះការប្រើកម្លាំងពលកម្មទាល់តែអាយុពី១៨ឆ្នាំឡើងទៅ។ ប៉ុន្តែសម្រាប់កុមារអាយុ១៥ឆ្នាំ ទាល់ តែមានការសុំអនុញ្ញាតពីក្រសួង ជាមុនសិន ។ ដោយឡែក​ បញ្ហាប្រឈមជាមួយនឹងការប្រើកម្លាំង ពលកម្មលើកុមារនេះដែរ ដោយសារថាបញ្ហាជីវភាពក្រីក្រដែលឪពុកម្តាយខ្លះចាំបាច់ត្រូវអោយកូន របស់ខ្លួនមិនទាន់គ្រប់អាយុត្រូវចេញទៅធ្វើការងារក្រៅផ្ទះ ។ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ដែរថា កន្លងមកការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ( ២០០៨-២០១២ ) ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។ បើយោងតាមការអង្កេតពលកម្មកុមារ ឆ្នាំ២០១៣ របស់វិទ្យាស្ថានស្ថិតិ បានបង្ហាញថា ចំនួនពលកម្មកុមារបានធ្លាក់ចុះជិតពាក់កណ្តាល ពី ចំនួន ៧៥០ ០០០ នាក់ មកត្រឹម ៤២៩ ៣៨០នាក់ និងទម្រង់ធ្ងន់ធ្ងរបានថយចុះពី ២៥៣ ០០ ០នាក់ មកត្រឹម ២៣៦ ៤៩៨នាក់ ទោះបីជាកំណើនប្រជាជន បានកើនឡើងពី ១០លាននាក់នៅឆ្នាំ២០០១ ដល់ ១៤លាននាក់ នៅឆ្នាំ២០១៣ ក៏ដោយចុះ ។ គម្រោងកម្មវិធីជាតិ លុបបំបាត់ពលកម្មកុមារ បាន សម្រេចដកហូត និងការពារពលកម្មកុមារងាយរងគ្រោះ និងយុវជនបានប្រមាណ២៨០០០នាក់គិត ចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន ដើម្បីឱ្យកុមារទាំងនោះ ទទួលបានការអប់រំ  ការបណ្តុះបណ្តាល ជំនាញ និងសមាហរណកម្មទៅក្នុងសង្គមជាតិវិញ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងនេះ រដ្ឋាភិបាល កម្ពុជាបានកាត់បន្ថយពលកម្មកុមារពីចំនួន ១៦.២ ភាគរយ នៅឆ្នាំ១៩៩៩ មកត្រឹមរង្វង់ ៩  ភាគរយ ដែលធ្វើអោយប្រទេសកម្ពុជាសម្រេចបាន កៀកនឹងគោលដៅអភិវឌ្ឍសហវត្សរ៍  ដែលកំណត់ត្រឹម ៨ភាគរយ នៅឆ្នាំ២០១៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា  ដើម្បីបានទទួលភាពជោគជ័យ បន្ថែមទៀត ក្រសួងនឹងខិតខំទៅលើការជំរុញប្រសិទ្ធភាពអនុវត្តអធិការកិច្ចការងារ ដោយផ្តោត ជា សំខាន់ទៅលើការលុបបំបាត់ពលកម្មកុមារ នៅក្នុងវិស័យសេដ្ឋកិច្ចរៀបរយ  និងសេដ្ឋកិច្ច មិនរៀប​រយ ជាពិសេសការពង្រីកវិសាលភាព នៃយន្តការប្រឆាំងពលកម្មកុមារនៅថ្នាក់ជាតិ និងក្រោមថ្នាក់ ជាតិ៕

 អត្ថបទ ៖ ចំណាន (៤២)

0 comments:

Post a Comment