Wednesday, December 7, 2016

មកដល់ត្រឹមនេះ នយោបាយកម្ពុជាជោគជ័យ ប៉ុន្តែរឿងពីរដែលកើតឡើងបន្តទៀត...

News New : សម្តេចតេជោ ហ៊ុន សែន ​ បានមានប្រសាសន៍​ពន្យល់អំពីការតែងតាំងប្រធានថ្នាក់ដឹក នាំតំណាងរាស្រ្ត និងប្រធានក្រុមមតិភាគតិច នៅ​កិច្ចប្រជុំសភាពេញអង្គ ថា តំណែងទាំងពីរនេះ គឺ តែមួយ មិនអាចដាច់ពីគ្នាទេ  នេះបើយោងតាមមាត្រា ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា ហើយសម្តេច ក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ លោក កឹម សុខា គឺជា ដៃគូរ​សន្ទនា ជាមួយ សម្តេចផ្ទាល់ អំពីរឿងប្រទេស​ជាតិ​ ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា លោក កឹម សុខា គឺជាដៃគូពិភាក្សាការងារសភា ជាមួយ​សម្តេចក្រឡាហោម ស ខេង ហើយជាដៃគូរពិភាក្សារឿងប្រទេសជាតិ ជាមួយនឹងសម្តេចផ្ទាល់តែ ម្តង។

ឆាកនយោបាយកម្ពុជា បានមកដល់ត្រង់នេះ News New  យល់ថា  វាពិតជាគួរអោយត្រេកអរបំផុត ដែលមិននឹកស្មានដល់ ។ ដូចពាក្យចាស់លោកពោលថា " ក្រោយពេលភ្លៀងមេឃស្រលះ ក្រោយ ពេលសង់ផ្ទះ ច្បាស់ជាមានមនុស្សនៅ " ។​
នយោបាយក្តៅគគុក បន្ទាប់ពីតុលាការប្រកាសរកចាប់ខ្លួនលោក កឹម សុខា ម្តងជាពីរដង រហូតធ្វើ ឱ្យលោក កឹម សុខា មានផ្ទះមិនហ៊ាននៅ មានផ្លូវមិនហ៊ានដើរ មានជណ្តើរមិនហ៊ានឡើង មកសង្ងំ លាក់ខ្លួនក្នុងស្នាក់ការគណបក្សអស់រយ:ពេលជាងកន្លះឆ្នាំ ។ ក៏ប៉ុន្តែមកដល់ពេលនេះ លោក កឹម សុខា មិនត្រឹមតែត្រូវព្រះមហាក្សត្រ លើកលែងទោស ថែមទាំងទទួលបានការគាំទ្រពីរដ្ឋសភា ជា ប្រធានក្រុមមតិភាគតិច នៃរដ្ឋសភា ពិសេសបានជួបចាប់ដៃ ចចារ ញញឹមញញែមជាមួយសម្តេច តេជោ ហ៊ុន សែន ទៀត។ លើសពីនេះទៅទៀត លោក កឹម សុខា ត្រូវបានសម្តេចតេជោ  ប្រកាស ថា ជាដៃគូរសន្ទនាផ្ទាល់ជាមួយសម្តេច អំពីរឿងប្រទេសជាតិ  ហើយលោក  កឹម សុខា  ក៏ជាដៃគូរ ពិភាក្សាការងារសភាជាមួយសម្តេចក្រឡាហោម ស ខេង ផងដែរ។ បើទៅជាដូច្នោះវិញ  តើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទ្ទេសខ្លួន នៅក្រៅស្រុក  គឺនឹងដើរតួជាអ្វីឱ្យ ប្រាកដទៅ ? សំណួរនេះ គឺជាការចោទឡើងពីសាធារណ:មតិមួយចំនួនតូច ។

ទាក់ទិនទៅនឹងការចោទសួរនេះ News New យល់ឃើញថា  សាធារណជនទាំងឡាយ គួរត្រេកអរ និងសប្បាយរីករាយនឹងជោគជ័យ ប្រកបដោយសន្តិភាព នៃការញញឹមដាក់គ្នានេះ  ចៀសជាងការ បង្កាត់ភ្លើងជំលោះតទៅទៀត ដែលនាំអោយប្រទេសជាតិអស្ថេរភាព ព្រោះថា   យើងជាប្រជាពល រដ្ឋគ្រប់រូប គឺប្រាថ្នាចង់បានឱ្យអ្នកនយោបាយត្រូវរ៉ូវគ្នា ចាប់ដៃគ្នាកសាងប្រទេសឱ្យកាន់តែរីកចំរើន និងរក្សាបាននូវសុខសន្តិភាព វាជាក្តីប្រាថ្នាដ៏ធំបំផុតហើយ កុំគិតពីរឿងអ្នកនេះទៅជាយ៉ាងនេះ ទៅ ជាយ៉ាងនោះអី ។  ត្រូវចងចាំថា " អ្នកនយោបាយពិត គេមិនខ្វះកន្លែងអង្គុយ ហើយក៏មិនស្លាប់ដែរ គ្រាន់តែគេមានឈុតឆាករបស់គេត្រូវសំដែងប៉ុណ្ណោះ។

មកដល់ត្រឹមនេះ News New វាយតំលៃបានថា នយោបាយកម្ពុជា ទទួលបានជោគជ័យខ្លាំងណាស់ ពីចង់ស៊ីសាច់ហុតឈាមគ្នា មកញញឹមដាក់គ្នា ។ ប៉ុន្តែរឿងពីរ ដែល News New ក៏ដូចជា មតិសាធា រណជន មានក្តីសង្ឃឹមជឿជាក់ និងការព្រួយបារម្ភវិញនោះគឺ ៖
ទី១ ៖ យើងសង្ឃឹមថា មិនយូរមិនឆាប់ លោក សម រង្ស៊ី នឹងបានត្រឡប់ចូលស្រុកវិញ ហើយទទួល បានតួនាទីវិញ ដូចលោក កឹម សុខា ។ អាចនិយាយបានថា ថ្ងៃនេះ លោក កឹម សុខា  បានចូលក្នុង សភា និងមានតួនាទីក្នុងសភា បន្តិចទៀត លោក កឹម សុខា នឹងទទួលតួនាទីជា អនុប្រធានទី១ នៃ រដ្ឋសភា ដដែល ។ បន្ទាប់មកលោក សម រង្ស៊ី ក៏អាចត្រឡប់ចូលស្រុកវិញធម្មតា ។
ទី២ ៖ លោក កឹម សុខា នឹងក្លាយជា ប្រធានគណបក្សសង្គ្រោះជាតិ  ហើយគណបក្សសង្គ្រោះជាតិ បែរជាត្រូវបាត់វត្តមានលោក សម រង្ស៊ី វិញ ។  ត្រង់នេះ យើងមិនហ៊ានអះអាងនោះទេ គឺវាគ្រាន់តែ ជាការគិត តាមអ្វីដែលកើតឡើងនៅថ្ងៃនេះប៉ុណ្ណោះ ៕


អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment