Thursday, December 22, 2016

រដ្ឋសភា កំណត់យកថ្ងៃទី២៦​ ធ្នូ ធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកថ្មី លើ ៩មាត្រា

News New : គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ឆ្នាំ២០១៦ ដឹកនំាដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តបញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះ ។ បើតាមលោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋ សភា បានអោយដឹងថា បន្ទាប់មកកិច្ចប្រជុំអស់រយៈពេល ប្រមាណជាង ១០នាទី បានអនុម័តយក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ បន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ លោកថា មាត្រា នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវរដ្ឋសភាពិភាក្សា និងអនុម័តមាន៖ មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ ។ លោកបន្ថែមថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងវិសោធនកម្ម  នឹងអាចជំរុញដល់ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក កាន់តែមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សណ្តាប់ធ្នាប់ សាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាយើងឲ្យកាន់តែល្អប្រសើរ៕

 អត្ថបទ ៖ ចំណាន (៣៤)

0 comments:

Post a Comment