Saturday, January 7, 2017

ប្រធាន ACU សុខៗប្រកាសកាត់ចំនួនអ្នកសង្កេតការណ៍ប្រលងបាក់ឌុបឆ្នាំ២០១៧ នេះ មកត្រឹមតែ ៤ពាន់នាក់?

News New : ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានធ្វើការអះអាងថា ការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅឆ្នាំ២០១៧ នេះ នឹងកាត់បន្ថយចំនួនអ្នកសង្កេត ការណ៍ស្ម័គ្រចិត្តឱ្យនៅសល់ត្រឹមប្រមាណ ៤ពាន់នាក់វិញ បន្ទាប់ពីឆ្នាំ២០១៦  កន្លងមកនេះ  ចំនួន
អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត របស់អង្គភាពនេះ មានចំនួនច្រើនលើសពីសេចក្តីត្រូវការរួចមកនោះ។

ថ្លែងក្នុងពិធីអបអរសាទរ ទិវាជាតិ-ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ និងពិធីចែកប័ណ្ណ លិខិត សរសើរជូនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយសម័យប្រឡង២២ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗ នេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងថា ដោយសារចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត របស់អង្គភាពប្រឆាំងអំពើពុករលួយ មានចំនួនលើសសេចក្តីត្រូវការតាមមណ្ឌលប្រឡងបាក់ឌុប ។ ហេតុនេះនៅឆ្នាំសិក្សា២០១៧ នេះ អង្គភាពរបស់លោក ចាំបាច់ត្រូវការកាត់បន្ថយចំនួនអ្នកសង្កេត ការណ៍ស្ម័គ្រចិត្តឱ្យមកសល់ត្រឹម ៤ពាន់នាក់វិញ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា « យើងចង់ប្រើ ប្រាស់កម្លាំងឱ្យមានប្រសិទ្ធភាព។ ដូច្នេះខ្ញុំគិតថា ការប្រឡងមានត្រឹមជាង៣៨០០បន្ទប់។ហេតុនេះ យើងខ្ញុំគិតថាការប្រើកម្លាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តតឹ្រម៤ពាន់អាចសមរម្យប្រើការបានហើយ។យើងបានដកពិសោធន៍មកហើយ ពិសេសក្នុងឆ្នាំ២០១៦ កន្លងមក កម្លាំងខ្លះឃើញថា នៅសល់គរ ដែរ»។

គួររំលឹកថា អ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ សម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅក្នុងឆ្នាំកន្លងមក ដែលប្រព្រឹត្តឡើង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានចំនួន ៦១៧១នាក់ហើយ បើធ្វើការប្រៀបធៀបឆ្នាំ២០១៥ ឃើញថា ចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមាន ចំនួនលើស ២៣៩០នាក់។ អ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ សម័យ ប្រឡងបាក់ឌុបចំនួន ៦១៧១នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ  ធ្វើការចែកបណ្ណសរសើរ ព្រមជាមួយនឹងពិធីជប់លៀងដើម្បីលើកទឹកចិត្តដែលបានទទួលជោគជ័យយ៉ាងល្អប្រសើរ នាពេល កន្លងមកទៀតផង៕

 អត្ថបទ ៖ ចំណាន (៥៤)

0 comments:

Post a Comment