Wednesday, January 25, 2017

លោក ហូរ វ៉ាន់ សំដែងការសោកស្តាយ ស្របពេលលោក ឈាង វុន ថា សភានឹងលុបប្រការ ៤៨ថ្មី (បី) ចោល...

News New : រដ្ឋសភា នឹងត្រូវលុបបទបញ្ជាផ្ទៃក្នុង ប្រការ ៤៨ថ្មី (បី) នៅពេលខាងមុខនេះ ពីតួនាទី អ្នកតំណាងរាស្ត្រគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា តែភាគីទំាងពីរបង្ហាញជំហរខុសៗគ្នា។

លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងក្រោយកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី២៦ ខែមករា នេះ ថា រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី៣១ ខែមករា ដើម្បីពិនិត្យ និងពិភាក្សាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៤៨ថ្មី (បី) ជំពូក ១២ ថ្មី ដើម្បីធ្វើទៅតាមសំណើរបស់អ្នកតំណាងរាស្ត្រ ៥២រូប មកពីគណបក្សប្រជាជន កម្ពុជា ។ លោកបញ្ជាក់ថា « យើងកំណត់ហើយថា នៅថ្ងៃ៣១ មករា ខាងមុខនេះ បើកសម័យប្រជុំ ពេញអង្គជាវិសាមញ្ញ តាមសំណើរបស់គណៈកម្មការទី៦ រដ្ឋសភា។ គណៈកម្មការទី៦ យល់ឃើញ ថា ការស្នើសុំរបស់សមាជិកសភា ៥២រូប ធ្វើវិសោធនកម្ម គឺមានហេតុមានផលត្រឹមត្រូវ ។ ហើយ លោកយល់ថា យន្តការដែលសម្តេចតេជោ ហ៊ុន សែន ស្នើសុំបង្កើត នាពេលកន្លងមក អនុវត្តទៅ វាលែងកើត ដោយសារការអនុវត្តមិនមានភាពស្ម័គ្រត្រង់...»។ លោក ឈាង វុន បានឲ្យដឹងទៀតថា សម្រាប់ការវិសោធន៍កម្មប្រការ ៤៨ថ្មី(បី) ទៅជាប្រការ ៤៨ថ្មី(បួន) ដោយយកខ្លឹមទំាងស្រុង ប្រការ ៤៨ថ្មី (ពី) ដែលយកវាក្យខណ្ឌចុងក្រោយ របស់ប្រការ ៤៨ថ្មី(បី)។ ជាមួយគ្នានោះដែរ លោក ឈាង វុន ថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តវប្បធម៌សន្ទនា ជាមួយគណបក្សសង្គ្រោះជាតិ ។ ក៏ប៉ុន្តែ វប្បធម៌សន្ទនានោះ ត្រូវមានភាពស្មោះត្រង់ ដោយកុំយកល្បែងនយោបាយ ដោយកុំកេងចំណេញ នយោបាយ និងមតិសាធារណជន។ លោកគូសបញ្ជាក់ថា«ការដែលមិនស្ម័គ្រត្រង់នឹងគ្នាបានយើង ធ្វើវិសោនកម្មប្រការនេះ និងមិនអាចទៅមុខបាន ។ ចុងក្រោយនេះយើងមានការសោកស្តាយច្រើន ព្រោះថា នៅពេលយើងយកយន្តនេះទៅស្នើសុំឲ្យអង្គការនីតិប្រតិបត្តិការ ដោះស្រាយបញ្ហា ដែល អ្នកប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ គឺយើងមិនអាចទទួលបានទេ»។ អ្នកនំាពាក្យរដ្ឋសភារូបនេះ បាន លើកឡើងទៀតថា អ្វីដែលធ្វើវិសោធនកម្មប្រការ ៤៨ថ្មី (បី) នោះ គឺដើម្បីដកយន្តការដោះស្រាយ វប្បធម៌សន្ទនា ទំាងប្រធានក្រុមអ្នកតំណាងរាស្ត្រមតិភាគច្រើន (សម្តេចក្រឡាហោម ស ខេង ) និង ប្រធានក្រុមអ្នកតំណាងរាស្ត្រភាគីតិច (លោក កឹម សុខា )។ អ្នកនាំពាក្យឲ្យដឹងបន្ថែមថា ទោះបីជា មិនមែនប្រការ៤៨ ថ្មី(បី) នោះក៏គណបក្សកាន់ អំណាចនឹងគណបក្សប្រឆំាងជួបចរចាគ្នាបានដែរ ។ លោកថា៖ «ពីមុនមិនទាន់មានយន្តការប្រធានក្រុមតំណាងរាស្ត្រទំាងពីរ ក៏យើងអង្គុយកៅអីជជែក គ្នាកើត »។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើក កិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តវិសោធនកម្មប្រការ៤៨ថ្មី(៣) ក្រោយពីការបង្កើតឡើងតាមរយៈកិច្ច ព្រមព្រៀងនយោបាយរបស់គណបក្សសង្រ្គោះជាតិ ( CNRP ) និងគណបក្សប្រជាជនកម្ពុជា( CPP ) មិនបាន ២ឆ្នាំស្រួលបួលផង ដែលការសម្រេចលុបនេះ បានធ្វើអោយគណបក្សសង្រ្គោះជាតិ ដែល មាន លោក កឹម សុខា  ជាប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច ជំនួសឯកឧត្តម សម រង្ស៊ី  បង្ហាញ ការមិនពេញចិត្ត និងមានការសោកស្តាយជាខ្លាំងដោយមិនចង់ឲ្យមានការរំលាយចោល។ ចំណែក លោក ហូរ វ៉ាន់ តំណាងរាស្រ្តមកពី គណបក្សសង្រ្គោះជាតិ ដែលបានចូលរួមប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា កំណត់ថ្ងៃប្រជុំអនុម័តប្រកា៤៨ថ្មី(៣) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ បាន ប្រាប់ក្រុមអ្នកសារព័ត៌មានថា « ខ្ញុំមានការសោកស្តាយណាស់ ។ ខ្ញុំអត់ចង់ឲ្យមាន ធ្វើវិសោធនកម្ម ឬក៏លុបមាត្រា៤៨ហ្នឹងគឺខ្ញុំបានលើកច្បាស់អំបិញមិញនេះ(ក្នុងប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍)»។ លោកបន្តថា « យើងចង់រក្សាទុកនូវមាត្រា ៤៨ថ្មី ( ៣ ) ហ្នឹង ព្រោះមាត្រាហ្នឹង មានខ្លឹមសារល្អ មាន អត្ថន័យល្អ ហើយដែលជាយន្តការមួយសម្រាប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាអាចជជែក គ្នា បានដោយស្របច្បាប់ អាចសន្ទនាគ្នាបាន នៅលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជា ពលរដ្ឋ» ។ បន្ថែមពីលើនេះទៀត បើរក្សានូវមាត្រានេះ នឹងធ្វើឲ្យមានទំនាក់ទំនងល្អរវាង គណបក្ស កាន់អំណាចនិងគណបក្សប្រឆាំង ជាពិសេសនឹងមានដំណើរការលទ្ធិប្រជាធិបតេយ្យល្អ ។ លោក សួរថា មកប្រជុំ (ប្រជុំពេលថ្ងៃ៣១ មករា ) ឬក៏អត់? គឺជាការលំបាកនៅក្នុងការសម្រេចចិត្ត ។ ដូច្នេះ តំណាងរាស្រ្តរបស់បក្សប្រឆាំង មិនទាន់មានការសម្រេចចិត្តនៅឡើយទេ ។ លោកអះអាងទៀតថា ការលុបចោលនេះ  ពិតជាបានធ្វើឲ្យរាំងស្ទះនូវវប្បធម៌សន្ទនា  ព្រោះមាត្រានេះ  បានចង្អុលបង្ហាញ ផ្លូវ និងធានាដល់ផ្លូវច្បាប់  ជាពិសេសធ្វើឲ្យប្រធានក្រុមតំណាងរាស្រ្តភាគតិច និងភាគច្រើន ក្នុងរដ្ឋ សភា ពិភាក្សាគ្នាដោយរលូន ។ លោក ហូរ វ៉ាន់ ថា បើមានការលុបនោះ គណបក្សប្រឆាំង គឺគ្មានអ្វី ទប់ទល់ទេគឺមានតែខិតប្រែងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ បម្រើពលរដ្ឋ និងចុះទៅដល់មូលដ្ឋាន និងរក្សាសិទ្ធិជាបក្សប្រឆាំងដើម្បីឃ្លាំមើលការអនុវត្តរបស់រាជរដ្ឋាភិបាល ។ ចំពោះថ្នាក់ដឹកនាំគណ បក្សកាន់អំណាចថា បើទុកវប្បធម៌នេះនឹងប៉ះពាល់ដល់ប្រព័ន្ធតុលាការនោះលោកថា ក្រុមតំណាង រាស្រ្តភាគតិច និងភាគច្រើន មិនប៉ះពាល់ដល់ដំណើរការប្រព័ន្ធតុលាការនោះទេ។ ខណៈគណបក្ស ប្រឆាំង នៅតែបង្ហាញជំហរថា ជួបបើមានការចរចារវាង CPP និង CNRP  នៅតែស្នើឲ្យមានការដោះ លែងអ្នកជាប់ពន្ធនាគារ ដែលមានទាំងក្រុមតំណាងរាស្រ្តសកម្មជនបក្សប្រឆាំង មន្រ្តីអង្គការសង្គម ស៊ីវិល និងសកម្មជនដីធ្លីជាដើម ។ លោកថា  ការរំលាយវិសោធនកម្មនេះ  គឺ បានបង្ហាញពីភាពទន់ ខ្សោយរបស់សភា ព្រោះបង្កើតឡើងមិនទាន់បាន ២ឆ្នាំផង ឥឡូវលុបទៅវិញ។


 អត្ថបទ ៖ ចំណាន (៧៩)

0 comments:

Post a Comment