Tuesday, January 3, 2017

៦ចំណុច ដែលបញ្ជាក់ពីអត្ថន័យពិត ថ្ងៃ ៧មករា ! សូមចូលមើលដើម្បីដឹងពីការពិត...

News New : ជ័យជំនះ៧មករា គឺជាមូលដ្ឋានគ្រឹះនៃការឋិតស្ថេរគង់រង្ស និងរីកចំរើនរបស់ប្រជាជាតិ យើង ព្រោះថា បើគ្មានជ័យជំនះ ៧មករា យើងពិតជាគ្មានអ្វីៗ ដូចថ្ងៃនេះឡើយ ។ នេះគឺជាសច្ចធម៌ ប្រវត្តិសាស្ត្រ ។
ក្នុងទិសដៅទៅមុខទៀត ប្រជាជនកម្ពុជា ក៏នៅតែប្រកាន់ខ្ជាប់នូវនយោបាយសាមគ្គីប្រជាជាតិទាំង មូល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដោយមិនបែងចែកនិន្នាការ នយោបាយ អតីតកាល  ភេទ ជាតិសាសន៍ ជំនឿសាសនា ឬ ឋាន:ក្នុងសង្គម  ដើម្បីធានាសុខដុមរមនា របស់ប្រជាជន  និងវិបុល ភាព នៃប្រទេសជាតិ ។

ឆ្លងកាត់អស់រយ:ពេល ៣៧ឆ្នាំ នៃការការពារ និងកសាងប្រទេស ប្រជាជាតិយើង ដកស្រង់បាននូវ មេរៀនជាប្រវត្តិសាស្ត្រធំៗ ដែលគ្រប់រូបត្រូវយល់ ជ្រួតជ្រាប និងចងចាំជានិច្ច ៖
ទី១ ៖ ប្រជាជនជាអ្នកកសាងឡើងនូវប្រវត្តិសាស្ត្រ ជាកត្តាកំណត់នូវរាល់ជ័យជំនះ ក្នុងការកសាង ការពារប្រទេស និងជាមូលដ្ឋានទ្រទ្រង់ធំបំផុតចំពោះការដឹកនាំខាងនយោបាយក្នុងសង្គមជាតិ ។ ការដឹកនាំ​ដែលមិនបំរើផលប្រយោជន៍ប្រជាជន គឺមិនអាចឋិតស្ថេរគង់រង្សបានឡើយ ។
ទី២ ៖ សាមគ្គីភាពជាកត្តាចំបង នៃរាល់ជ័យជំនះ របស់ប្រជាជនយើង ។ ផ្ទុយទៅវិញ ការបាត់បង់ សាមគ្គីភាព​ គឺជាគ្រោះមហន្តរាយសំរាប់ប្រទេសជាតិ។ ហើយដើម្បីធានាសាមគ្គីភាពរឹងមាំ គឺត្រូវ មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងសភាពការណ៍ ប្រទេសជាតិ ព្រមទាំងសភាពការណ៍អន្តរជាតិ ។ គ្រប់កំលាំងដែលមិនមាននិន្នាការផ្សេងៗ ត្រូវតែ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនអោយខ្ពស់លើសអ្វីៗទាំងអស់  ហើយត្រូវមានការគោរព ចំពោះទស្សន:ផ្សេងៗគ្នាក្នុងសង្គម ។ ទន្ទឹមនឹងនេះ ត្រូវរាំងស្កាត់ដាច់ខាតតាំងពីដំបូងចំពោះរាល់ សកម្មភាព ដែលអាចនាំទៅដល់ការបែកបាក់ ការប្រទូសរ៉ាយក្នុងសង្គម ។
អាស្រ័យហេតុនេះ ការសំរេចចិត្តដ៏ត្រឹមត្រូវ របស់ប្រជាជនក្នុងការជ្រើសរើសយកការដឹកនាំខាង នយោបាយមួយដ៏ត្រឹមត្រូវ និងការចូលរួមប្រកបដោយមនសិកាភ្ញាក់រលឹករបស់ប្រជាជនក្នុងការ ថែរក្សា ពង្រឹង និងពង្រីករាល់សមិទ្ធផលសង្គម គឺជាកត្តាសំខាន់ណាស់ នៃសាមគ្គីភាព ។
ទី៣៖ សន្តិភាព និងការបង្រួបបង្រួមជាតិ មានទំនាក់ទំនងផ្សាភ្ជាប់គ្នា ។ សន្តិភាព មិនអាចសំរេច បានតាមរយ: ការប្រើប្រាស់កំលាំងឡើយ គឺមានតែផ្អែកទៅលើមូលដ្ឋានស្មារតីបង្រួបបង្រួមជាតិ ដ៏ស្មោះសរ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទើបអាចសំរេចបានសន្តិភាព ។ ជាមួយគ្នានេះដែរ ការចេះ យោគយល់អត់ឱនអោយគ្នា ការធ្វើសម្បទាន នឹងសម្របសម្រួលជាមួយគ្នា គឺជា កត្តាមូលដ្ឋាន ដើម្បីធានាការរួមរស់ដោយសុខដុមរមនា សហប្រតិបត្តិការ និងការបញ្ចៀសប្រទូសរ៉ាយនៅក្នុង សង្គម ។ ម្យ៉ាងទៀត ត្រូវបន្ថយយកចិត្តទុកដាក់ចំពោះបណ្តាលក្ខខណ្ឌចាំបាច់នានា គឺការបណ្តុះ បណ្តាល និងពង្រឹងវប្បធម៌អហិង្សា លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងអភិបាលកិច្ច ល្អ ព្រមទាំងជំរុញអភិវឌ្ឍ និងកែលំអជីវភាពរស់នៅរបស់ប្រជាជនអោយបានជ្រាបជាប្រចាំ ដើម្បី ធានាអោយមានសន្តិភាព និងសេរីភាព ។
ទី៤៖ នៅគ្រប់កាល:ទេស: និងស្ថានភាព យើងត្រូវសាមគ្គីប្តូរផ្តាច់ការពារខឿនឯករាជ្យ អធិបតេយ្យ ជាតិ និងបូរណភាពទឹកដី អោយបានរឹងមាំ គង់វង្ស មិនរាថយដាច់ខាតចំពោះមុខការរំលោភបំពាន ណាមួយ ។ មានតែឈរលើជំហនេះទេ ទើបអាចធានាបានការស្ថិតស្ថេរ និងការរីកចំរើនរបស់ជាតិ ថែរក្សាបានសន្តិភាព និងពង្រឹងពង្រីកបានកំលាំងសាមគ្គី ដើម្បីកសាង និងការពារមាតុភូមិ។ ប្រវត្តិ សាស្ត្រជាក់ស្តែង  បានបង្ហាញអោយយើងឃើញច្បាស់ហើយថា ការចុះខ្សោយ ឬ បាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ ទោះបណ្តាលមកពីមូលហេតុណាក្តីគឺបាននាំមកនូវភាពឱនថយ ការបាក់បែក សង្គ្រាម វិនាសកម្ម ទុក្ខវេទនា និងការប្រមាថមើលងាយពីខាងក្រៅសំរាប់ប្រជាជាតិយើង ។
ទី៥ ៖ នៅគ្រប់កាល:ទេស: និងគ្រប់ស្ថានភាព យើងគឺ ត្រូវប្រកាន់ខ្ជាប់ជំហរធ្វើម្ចាស់ការលើខ្លួនឯង និងមានជំនឿលើខ្លួន ក្នុងការដោះស្រាយបញ្ហាជាតិ រាល់បញ្ហា  ជាពិសេសបញ្ហានយោបាយផ្ទៃក្នុង នៃសង្គម ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ឱ្យតែយើងមានឆន្ទ:មោះមុតមានយុទ្ធសាស្ត្រ ត្រឹមត្រូវ មានសាមគ្គីភាព ចេះអត់ធ្មត់យោគយល់អត់ឱនគ្នា ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ នោះ យើងពិតជាអាចដោះស្រាយបាន។ ការជាក់ស្តែងបានបញ្ជាក់ច្បាស់ថា យើងបានទទួលជោគ ជ័យក្នុងការស្តារ និងកសាងមាតុភូមិឡើងវិញ បានសំរេចការបង្រួបបង្រួមជាតិ ការធ្វើឱ្យទឹកដី មាន សន្តិភាពពេញលេញ ការពាររាល់សមិទ្ធិផលសង្គម ការដោះស្រាយភាពជាប់គាំងខាងនយោបាយ ក្រោយការបោះឆ្នោត ការដោះស្រាយវិបត្តិរាជបល្ល័ង្គ ព្រមទាំងបញ្ហាផ្ទៃក្នុងជាតិផ្សេងទៀត បានជា បន្តបន្ទាប់ ធានាអាយុជីវិតរបស់ប្រទេសជាតិ ដោយផ្អែកលើឆន្ទ:បញ្ញា និងការប្រឹងប្រែងរបស់យើង ជាចំបង ។ ដូច្នោះ ត្រូវជំនះអោយអស់រាល់ឥរិយាបថ ដែលខ្វះខាតភាពម្ចាស់ការ មិនស្ទុះស្ទារប្រឹង ប្រែង មិនអោយតំលៃខ្លួនឯង។ ម្យ៉ាងទៀត គប្បីចងចាំថា គឺភាពរឹងមាំកត្តាខាងក្នុងនេះហើយ ដែល ជាមូលដ្ឋាន ដើម្បីទទួលបានការជួយឧបត្ថម្ភគាំទ្រពីខាងក្រៅកាន់តែច្រើនឡើងៗ ។
ទី៦៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្មោះសជាមួយគ្នារវាងបណ្តាប្រទេស ជាពិសេសជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ គឺជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ដើម្បី ធានាដល់សន្តិភាព ស្ថេរភាព និងការរីកចំរើនរបស់ប្រទេសជាតិយើង។អាស្រ័យហេតុនេះ នៅគ្រប់ កាល:ទេស: ត្រូវយកចិត្តទុកដាក់កសាងថែរក្សាពូនជ្រុំចំណងមិត្តភាពនេះ ឱ្យកាន់តែរីកចំរើនរឹងមាំ ឡើងឥតឈប់ឈរ ។

ការមិនទទួលស្គាល់អត្ថន័យ ថ្ងៃ ៧មករា ក៏បានន័យថា គឺមិនទទួលស្គាល់ថា មានរបបប្រល័យពូជ សាសន៍មួយនៅកម្ពុជាទេ ដោយពួកគេឃើញតែជ្រុងមួយ គឺវៀតណាម។ សួរថាតើគេមានយុត្តិធម៌ ទេ? ប្រសិនបើគេមានជំហរបែបនេះ ? ការពិតវានៅតែជាការពិតដដែល ។ ប្រជារាស្ត្រខ្មែរទាំងមូល ដែលរួសរានមានជីវិតមកដល់ពេលនេះ គឺមិនអាចបំភ្លេចបានឡើយ នៅថ្ងៃកំណើតទី២ របស់ខ្លួន នោះ។ ទោះបីជាឥស្សរជននយោបាយណាមិនគាំទ្រក៏ដោយ ក៏ប្រជារាស្ត្រខ្មែរ មន្ត្រីរាជការ យោធា ប៉ូលីស មានសិទ្ធិគ្រប់គ្រាន់ នឹងរលឹកថ្ងៃជាប្រវត្តិសាស្ត្រនេះ ជានិច្ចនិរន្តរ៍ គ្មានអ្វីអាចមកបំបាត់បាន ឡើយ ។ គឺក្នុងន័យនេះហើយ ​ ដែលប្រជាជនយើង  និងសូមថ្លែងព្រះករុណាទិគុណដ៏ជ្រាលជ្រៅ ថ្វាយព្រះមហាក្សត្រជាទីសក្ការ: និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី១ របស់ រដ្ឋសភា ដែលបានដាក់បញ្ចូលថ្ងៃ ៧មករា ទៅជាថ្ងៃបុណ្យមួយរបស់ជាតិ ។ ថ្ងៃ ៧មករា ពិតជាមិន ប៉ះពាល់ទៅដល់ហេតុផលនយោបាយណាមួយ ដូចជាការបកស្រាយរបស់ជនអគតិនោះឡើយ ។ គឺដោយសារតែ ថ្ងៃ ៧មករា នោះហើយ ទើបមានអ្វីៗ ដែលកំពុងកើតមានសព្វថ្ងៃ ត្រូវបានរស់រាន ឡើងវិញ រាប់ទាំងការរស់រានជាថ្មី នៃរបបរាជនិយម ផងដែរ។ នរណាប្រមាថ ថ្ងៃ ៧មករា គឺពិតជា ឃាតករយ៉ាងច្បាស់ក្រឡែត និងគឺជា ប៉ុលពត ទី២ តែម្តង។

៧មករា បានផ្តល់អោយប្រជាជនយើងនូវសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ សិទ្ធិមនុស្ស តាមសេចក្តី ថ្លែងការណ៍ជាសកលអំពីសិទ្ធិមនុស្ស ឬតាមឯកសារអប់រំសិទ្ធិមនុស្សនានា គឺរួមមាន៖ សិទ្ធិរស់រាន មានជីវិត  សិទ្ធិថែទាំ  និងការគាំពារសិទ្ធិទទួលការអប់រំបណ្តុះបណ្តាល  សិទ្ធិសេរីភាពខាងបញ្ចេញ មតិ សិទ្ធិមានកម្មសិទ្ធិផ្ទាល់ខ្លួនដោយស្របច្បាប់ សិទ្ធិសេរីភាពខាងដើរហើរកំសាន្ត និងសិទ្ធិបង្កើត សមាគម ឬគណបក្ស ។ល។  នៅមានសិទ្ធិរាប់រយទៀត សម្រាប់មនុស្សម្នាក់ៗ  ដែលសកលលោក ទាំងមូល បានទទួលស្គាល់ថា ជាសិទ្ធិជាសារវ័ន្តរបស់មនុស្សជាតិ ។

សំណួរមួយចោទសួរឡើងថា តើក្នុងចំណោមសិទ្ធិរាប់រយខាងលើ មានសិទ្ធិណាមួយដែលត្រូវបាន មនុស្សលោកទាំងមូល ទទួលស្គាល់ថា  ជាសិទ្ធិសំខាន់បំផុតចាំបាច់  ដែលមិនអាចខ្វះបានជាដាច់ ខាត មុននឹងទទួលបានសិទ្ធិដទៃទៀត ? នោះគឺ សិទ្ធិរស់រានមានជីវិតមានសារ:សំខាន់បំផុត ព្រោះ ថា ប្រសិនបើមនុស្សម្នាក់ៗស្លាប់ទៅហើយនោះ គេមិនចាំបាច់ត្រូវការសិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើត គណបក្ស សិទ្ធិទទួលការអប់រំបណ្តុះបណ្តាល .........អ្វីទៀតដែរ។ ផ្ទុយទៅវិញ ប្រសិនបើជាមនុស្ស យើងខ្វះសិទ្ធិដទៃមួយចំនួន ក៏គេអាចសំរេចបានយ៉ាងសុខសាន្តដែរ។ ឧទាហរណ៍៖ ដូចជា នៅក្នុង លោកនេះ ខ្វះអីមនុស្សមិនចេះអក្សរ បានន័យថា គេមិនបានទទួលសិទ្ធិអប់រំ គេអាចរស់បានអាយុ ៨០-៩០ឆ្នាំ បានយ៉ាងសប្បាយ ឬមានមនុស្សខ្លះក្នុងមួយជីវិត មិនដែលនឹកឃើញចង់ចូលបក្សណា ឡើយ បានន័យថាគេមិនចង់ទទួលសិទ្ធិបង្កើតបក្សពួក ក៏គេអាចរស់នៅប្រកបដោយសុខដុមរមនា ដែរ។ មានជីវិតហើយ ខ្វះសិទ្ធិមួយ រឺ ពីរ ដទៃទៀត ក៏មិនអីដែរ តែផ្ទុយទៅវិញ បើគ្មានសូម្បីតែសិទ្ធិ រស់រាន មានជីវិតផងនោះ សិទ្ធិដទៃទៀត ក៏គ្មានន័យអ្វីសំរាប់មនុស្សលោកយើងដែរ។ និយាយឱ្យ តាមបែបសាមញ្ញ គឺថា " បើងាប់ហើយ គឺចប់ "។ ប៉ុន្តែបើល្គឹកណានៅរស់ គឺនៅតែមានសង្ឃឹមបាន ទទួលសិទ្ធិមនុស្សគ្រប់បែបយ៉ាងទៀតដែរ។ ប្រការនេះ មានន័យថា ទោះចង់ រឺក៏មិនចង់ ក៏គេអាច ទទួលស្គាល់រួចមកហើយ ចំពោះអត្ថន័យជា ប្រវត្តិសាស្ត្រ នៃ ទិវា ៧មករា ថ្ងៃដែលប្រជារាស្ត្រខ្មែរ ទាំងមូល ដែលបានរស់រាននៅក្រោមប្រល័យពូជសាសន៍អប្រិយ បានចាត់ទុកថា ជាថ្ងៃកំណើតទី ២ ជាថ្ងៃរស់រានមានជីវិត ជាថ្ងៃដែលគេបានដេកមួយយប់យ៉ាងស្រួលដោយមិនបាច់ភ័យថា ស្អែក នេះ នឹងដល់វេនខ្លួន ត្រូវពួកបិសាចអាវខ្មៅ យកទៅសំលាប់ចោលហើយ ឬ យ៉ាងណានោះ ទៀត   ឡើយ៕



អត្ថបទ ៖ ដកស្រង់ពីកម្មវិធីផ្សាយរបស់វិទ្យុជាតិកម្ពុជា

0 comments:

Post a Comment