Saturday, January 28, 2017

CMAC និងជប៉ុន ដាក់គម្រោងចំណាយថវិកាជាង ១៧.៥លានដុល្លារ សម្រាប់ដោះមីននៅកម្ពុជា

News New : ដើម្បីចូលរួមលុបបំបាត់អត្រាអ្នកគ្រោះថ្នាក់ ដោយសារគ្រាប់ មិនទាន់ផ្ទុះដែលបន្សល់ ទុកក្នុងសម័យសង្គ្រាម និងចេះតែលួចសម្លាប់មនុស្សដោយមិនដឹងមូលហេតុនោះ CMAC និងក្រុម ការងារជប៉ុន បានដាក់គម្រោងបោសសំអាតគ្រាប់មីន ដោយចំណាយថវិកាប្រមាណជាង ១៧.៥ លានដុល្លារ ។ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( CMAC) បាន ឲ្យដឹងតាម បណ្តាញសង្គមហ្វេសប៊ុក មន្ត្រីស្ថានទូតជប៉ុន និងក្រុមកុងសង់តង់ មកពីជប៉ុនលោក បានប្រជុំពិភាក្សាពីគំរោងដោះមីន ដែលមានថវិកាជំនួយចំនួន ១ ៨១០លានយ៉េន ប្រមាណជាង ១៧.៥លានដុល្លានេះ ត្រូវអនុវត្តការបោសសំអាតគ្រាប់មីន ៣ឆ្នាំ២០១៧-២០១៩។ លោកបន្ថែមថា គំរោងនេះ រួមទាំងសកម្មភាពជួយសង្គ្រោះជនពិការ តាមរយះការផ្តល់ជំនួយ និងការហ្វឹកហ្វឺនជូន ជនពិការលើជំនាញកសិកម្មផងដែរ ។ ហើយថ្ងៃនេះក៏មានការឯកភាពទិញគ្រឿងចក្រ កំទេចមីន ធ្ងន់ចំនួន ៥គ្រឿងបន្ថែមទៀត ដែលគ្រឿងចក្រថី្មនេះតំលៃជិតមួយលានដុល្លាក្នុងមួយគ្រឿង និង អាចមកដល់កម្ពុជានៅចុងឆ្នាំ២០១៧នេះ។ លោកគូសបញ្ជាក់ថា« នេះជាមោទនភាព ដែលរាជរដ្ឋា ភិបាលបានទទួលការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងការជួយរំដោះប្រជាជនកម្ពុជា ឱ្យឆ្លងផុតពីការគំរាមកំហែង និងការតាមពួនឆ្មក់សំលាប់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម»។ បើតាមលោក ហេង រតនា ធ្លាប់បានឲ្យដឹងថា សហរដ្ឋអាមេរិកបានទំលាក់គ្រាប់បែក នៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton  នៅឆ្នាំ២០០០  បញ្ចេញជាឯកសារចំហរ ( លុបការសំងាត់ ) បានទទួល ស្គាល់ថា អាមេរិកទំលាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយះពេលចាប់ពី ថ្ងៃទី០៥ខែតុលាឆ្នាំ១៩៦៥ ដល់១៩៧៣ ប៉ុណ្ណោះ។ លោកថា ក្នុងការទំលាក់នេះមានដូចជា៖ ១-គ្រាប់បែកធម្មតា 
២-គ្រាប់បែកមានកូនគ្រាប់បែកចង្កោម 
៣-គ្រាប់បែកគីមី ដែលការទំលាក់នេះមានជាង១១ម៉ឺនទីតាំង និងមានការហោះហើរ ទំលាក់គ្រាប់ ជិត ២៥ម៉ឺនជើង ។

ចំនួនបរិមាណគ្រាប់បែកនេះ មិនទាន់ត្រឹមត្រូវទេ ព្រោះវាបាត់រយះពេលជិត ៥ឆ្នាំ មិនទាន់បញ្ចេញ ទិដ្ឋន័យនៅឡើយ ។ ចំនួនគ្រាប់បែកអាមេរិកទំលាក់នៅកម្ពុជាមានចំនួនច្រើនជាង ពួកសម្ពន្ធ័មិត្ត និងសហរដ្ឋអាមេរិក ទំលាក់គ្រាប់បែក នៅអឺរ៉ុបរួម នៅបារាំង អាលឺម៉ង់ជាដើម  ដែលមានចំនួនតែ ជាង ១លាន ៤សែនតោន ។ តាមឯកសារស្រាវជ្រាវជាច្រើន បានបញ្ជាក់ថា  មានប្រជាជនកម្ពុជា ចំនួនប្រមាណ៥០០.០០០ នាក់ (កន្លះលាននាក់) បានស្លាប់ដោយផ្ទាល់ពីការទំលាក់គ្រាប់បែកនេះ និងចំនួនយ៉ាងច្រើនទៀតស្លាប់ដោយការជន្លៀសជម្ងឺ និងការអត់ឃ្លាន។ បើគិតតែតំលៃ នៃការ បោស សំអាតទីតាំងទំលាក់គ្រាប់បែកទាំងនោះមួយមុខប៉ុណ្ណោះ ក៏អាចមានតំលៃរាប់ពាន់លាន ដុល្លារដែរ។

 អត្ថបទ ៖ ចំណាន (៨១)

0 comments:

Post a Comment