Friday, January 20, 2017

សម្តេចតេជោ ផ្តាំអង្គការ Global Witness និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួតទៅ...

គួរទៅរៀនបន្ថែម News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មឆ្លើយ តបនឹងអង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ដែលបានសសេររបាយការណ៍ ថ្មីៗកន្លងមកនេះ  បានចេញសេចក្តីថ្លែងការណ៍ស្នើវេទិការសេដ្ឋកិច្ចពិភពលោក  កុំអនុញ្ញាតអោយ សម្តេចចូលរួម ។ សម្តេចសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ មករា ថា « សូមផ្តាំទៅ អង្គការក្លូបលវិចណេស និងបក្សពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ។

ប្រធានាធិបតី រឺនាយករដ្ឋមន្ត្រី គេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាង រដ្ឋ និងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅកុំមកប្រឆាំងខ្ញុំទាំង ឆ្កួតលីលា។ យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី បានផ្សាយថាអង្គការឃ្លាំមើលពិភពលោក គ្លបលវីនេស (Global Witness) ស្នើឲ្យវេទិកាសេដ្ឋកិច្ចពិភពលោកដែលនឹងប្រារព្ធធ្វើឡើងក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស (Switzerland) នៅខែឧសភា ខាងមុខ មិនត្រូវអនុញ្ញាតឲ្យសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចូលរួមក្នុងបំណងទាក់ទាញអ្នកវិនិយោគទុនថ្មីៗពីខាងក្រៅ ប្រទេស។

អង្គការឃ្លាំមើលពិភពលោក មួយនេះ លើកឡើងថា កិច្ចប្រជុំ ដែលមានការចូលរួមដោយក្រុមមន្ត្រី សំខាន់ៗខាងផ្នែកហិរញ្ញវត្ថុ មិនត្រូវផ្ដល់ឱកាសឲ្យជនផ្ដាច់ការដ៏សាហាវម្នាក់នេះ អាចស្វែងរកដៃគូ អន្តរជាតិថ្មី ចូលរួមធ្វើពាណិជ្ជកម្មនោះឡើយ ។  អ្នកស្រី អាលីស ហារីសាន់ ( Alice Harrison ) មន្ត្រី អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស បានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលចុះ ផ្សាយ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ថា អ្នកស្រីគ្មានការភ្ញាក់ផ្អើលនោះទេ ដែលសម្តេច ហ៊ុន សែន ព្យាយាមទាក់ទាញអ្នកវិយោគទុនកំពូលៗពីទីក្រុងដាវូស ។ អ្នកស្រី  បញ្ជាក់ថា សម្តេច  ហ៊ុន សែន និងគ្រួសាររបស់គាត់ កំពុងក្ដោបក្ដាប់សេដ្ឋកិច្ច របស់ប្រទេស  ។ ហេតុដូច្នេះ  រាល់លុយទាំងឡាយ របស់អ្នកវិនិយោគទុនថ្មីៗទាំងនោះនឹងអាចធ្លាក់ក្នុងហោប៉ៅរបស់ពួកគេ។សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា កាលពីល្ងាចថ្ងៃ១៨ មករា ឆ្នាំ២០១៧  ក្រោយកិច្ចជំនួបជាមួយ នាយករដ្ឋមន្ត្រី ស៊ុយអែត ខ្ញុំសាកល្បងដើរក្នុងចម្ងាយផ្លូវប្រមាណ ៣០០ម៉ែត្រ ។ ម្សិលមិញថ្ងៃទី១៩ មករា ២០១៧ ពេលទៅជួបប្រធានាធិបតីស្វីស ខ្ញុំជិះរថយន្តតែពេលត្រឡប់មកវិញ ខ្ញុំសាកល្បងដើរពីផ្ទះប្រធានា ធិបតី មកកាន់សណ្ឋាគារវិញ ក្រោមធាតុអាកាសត្រជាក់-18 ជាមួយភាពរអិលនៃទឹកកកដែលតម្រូវ ឱ្យពាក់ទ្រនាប់ជើងដូចទ្រនាប់ជើងសេះដើម្បីកុំឱ្យរអិល។ មែនអ្នកដទៃធ្វើបាន និងទ្រាំទ្របានយើង ក៏ធ្វើបានដូចគ្នា ។ ពិតមែនតែធាតុអាកាសត្រជាក់តែភាពល្អប្រសើរនៃការពិភាក្សាលើកិច្ចសហការ រវាងកម្ពុជា - ស្វីស , កម្ពុជា - ស៊ុយអែត ពិតជាកក់ក្តៅដែលផ្តល់ផលប្រយោជន៍សំរាប់ប្រជាជន នៃ ប្រទេសរៀងៗខ្លួន។

សម្តេចបញ្ជាក់ថា « ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត  ខ្ញុំមិនភ្លេចលើកឡើង អំពីជនភៀស ខ្លួន ដែលរត់គេចចេញពីសង្គ្រាមនៅមជ្ឍឹមបូពា៏មកកាន់អឺរ៉ុប ដែលជាលទ្ធផលនៃបដិវត្តពណ៌នោះ ដែរ ។ ក្នុងការពិភាក្សាជាមួយ លោកជំទាវប្រធានាធិបតី ស្វីស យើងបានរួមគ្នារកវិធី ជួយដល់មន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជាតទៅទៀតឱ្យកាន់តែប្រសើរ»។ សម្តេចគូសបញ្ជាក់ថា «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ។ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីគេធ្វើការជាមួយគ្នាបែបនេះដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។បើ ខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀនថែមទៀតទៅកុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា»។

 អត្ថបទ ៖ ចំណាន (៧៥)

0 comments:

Post a Comment