Monday, February 27, 2017

ប្រសាសន៍សំខាន់ៗទាំង ១២ចំណុច របស់សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធ វិ. ហ៊ុន សែន បឹងកុក ព្រឹកម៉ិញនេះ

News New : នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ​សម្ពោធ​អគារសិក្សា និងទីចាត់ការ  សរុប ២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន បឹងកុក ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងនេះ មានកម្ពស់ ៣ជាន់ ស្មើ ១៨បន្ទប់  និងអគារទីចាត់ការមួយ ខ្នងស្មើ ៣បន្ទប់ ក្នុងវិទ្យាល័យ ហ៊ុន សែន បឹងកុក នេះ  ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេច ផ្តល់ជូន កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦  ដោយថវិការបស់សម្តេចផ្ទាល់  ក្នុងពេលដែលសម្តេច ​អញ្ជើញចុះសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម ។

ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ៖
* សម្តេច បានថ្លែងបង្ហាញអំពីប្រវត្តិ នៃការផ្តល់អគារសិក្សា ទីចាត់ការ និង សមិទ្ធិផលនានានៅក្នុង វិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ថា ផ្តើមចេញពីការស្នើសុំ របស់លោក ឈឹម ប៊ុនធឿន នាយក វិទ្យាល័យ បានស្នើសម្តេចតាមទំព័រ Facebook ។ សម្តេចតេជោ ក៏បានអរគុណលោកនាយកសាលា ដែលបានផ្តល់ព័ត៌មានជូនសម្តេច ដើម្បីដោះស្រាយបញ្ហាជូនសិស្សានុសិស្ស តែប្រសិនបើមិនផ្តល់ ព័ត៌មានទាន់ពេលវេលាទេ នឹងធ្វើអោយសិស្សប្រឈមគ្រោះថ្នាក់ខ្ពស់ព្រោះអគារចាស់មានសភាព ទ្រុឌទ្រោមខ្លាំង។ 
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងគណបក្សប្រជាជនកម្ពុជា  បានដឹកនាំប្រទេស អោយផ្លាស់ប្តូរជាបន្តបន្ទាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ តាំងពីប្រទេសអត់មានមនុស្ស រហូតដល់មាន ១៥លាននាក់ មិនចាំបាច់នរណានិយាយថា ផ្លាស់ប្តូរនោះទេ។ក្រៅពីការដាក់អោយ ប្រើប្រាស់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ម៉ាស៊ីនកុំព្យូទ័រ និង ម៉ាស៊ីនដេរមួយចំនួនទៀត ជូនសាលាសម្រាប់សិស្សរៀនសូត្រ ផងដែរ។ 
* ក្រៅពីសាងសង់សាលារៀន សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យកងវិស្វកម្មរបស់សម្តេច ជួសជុល និងរៀបចំ​តារាងបាល់ទាត់នៅក្នុងទីរួមខេត្តកំពង់ចាម អោយបានស្អាតផងដែរ។ សម្តេច នាយករដ្ឋមន្រ្តីថា ថវិកាសាងសង់ជា​បន្ទុករបស់សម្តេច ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែង អោយធ្វើតារាងបាល់ទាត់ក្នុងខេត្តកំពង់ចាម ទៅជាកន្លែង​បាល់ទាត់ភូមិភាគ។សម្តេចតេជោ ក៏បាន បំផុស និងអំពាវនាវដល់សិស្សានុសិស្ស យុវជនរួមគ្នាលេងកីឡា កុំទៅ​ប្រើប្រាស់គ្រឿងញៀន ។ 
* សម្តេច បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខ នឹងមានការចែកជូនពាក្យប្រៀនប្រដៅរបស់ ក្រុម ង៉ុយ ទៅតាមសាលាទូទាំងប្រទេស ចំនួនប្រមាណ ១៥០០០ច្បាប់ ហើយនិងបន្តបោះពុម្ពចែកចាយ បន្ត បន្ទាប់ទៀត ។ សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមគ្នា អាន ខណៈសម្តេច មាន​សៀវភៅនេះចំនួនពីរក្បាល សម្រាប់អានផងដែរ ។ សម្តេចនាយករដ្ឋមន្រ្តី បានបំផុសឱ្យមានការផលិត និងប្រើប្រាស់ឡើងវិញនូវសាស្រ្តាស្លឹករឹត  ដើម្បីកុំអោយខ្មែរ ​បាត់បង់​នូវទំនៀម​ទម្លាប់​របស់ខ្លួន។ 
* សម្តេច បានថ្លែងថា ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ ហើយនោះ ក៏មានការផ្តល់ ប្រាក់​ឧបត្ថម្ភ​ ៥ម៉ឺនរៀលសម្រាប់ ចូលឆ្នាំខ្មែរថែមទៀតផង។ បើតាមសម្តេច រដ្ឋត្រូវចំណាយរហូត ប្រមាណ ៣០ពាន់លានរៀល ស្មើជាង ៧លានដុល្លារ សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភនេះ។ 
* សម្តេច បានលើកឡើងថា គ្រប់ទីអារាម ដែលមានសាស្រ្តាស្លឹករឹត គួរត្រូវបានថែទាំ។ សម្តេច ថា ត្រូវតែប្រឹងប្រែងថែទាំងនូវអ្វី ដែលជាមរតកជាតិ។ 
* សម្តេច បានសម្រេចឧបត្ថម្ភឲ្យលោកគ្រូ អ្នកគ្រូពេទ្យ និងនិស្សិតពេទ្យក្នុងខេត្តកំពង់ចាម រួមទាំង គ្រូបង្រៀននៅសាលាមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ សម្តេចតេជោ បានថ្លែងរំពឹងថា អគារសិក្សានៅវិទ្យាល័យតេជោ  ហ៊ុន សែន បឹងកកុក  នឹងក្លាយជា កន្លែង​បណ្តុះបណ្តាល​ដ៏សំខាន់​មួយសម្រាប់​កូនប្រជាពលរដ្ឋ​ក្នុងខេត្ត​កំពង់ចាម។ 
*សម្តេចថ្លែងថា រាជរដ្ឋាភិបាល បាន និងកំពុងធ្វើអោយមានការផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងប្រទេស កម្ពុជា ហើយនឹងបន្តធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែច្រើនថែមទៀត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ 
* សម្តេចតេជោ ក៏បានបង្ហាញអំពីគម្រោងតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ដែលធ្វើអោយប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ ហើយក៏នឹងធ្វើឲ្យក្មេងៗលែងស្គាល់ចង្កៀង និង ចន្លុះទៀតហើយ។ 
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីរាជរដ្ឋាភិបាលប្រឹងដំឡើងប្រាក់បៀវត្សរ៍ និងកាត់ បន្ថយតម្លៃអគ្គិសនីក្តី នៅពេលបន្តិចទៀត នឹងមានអ្នកមកដេញថ្លៃ និងសន្យាថា  ប្រាក់ខែគ្រូសន្យា ដំឡើងដល់ ៣លានរៀល តម្លៃភ្លើងបញ្ចុះ ១គីឡូវ៉ាត់ដល់ ២០០រៀល ចាស់ៗនឹងផ្តល់ប្រាក់ ឧបត្ថម្ភ ប្រមាណ ៤ ឬ ៥ម៉ឺនរៀល ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វីដែលកំពុងមាន កុំជ្រើសយកការសន្យា។ 
* សម្តេចតេជោ បន្តប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ  ត្រូវការពារសន្តិភាព ដែលកំពុងមាននៅ កម្ពុជាអោយខានតែបាន ។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា ព្រោះតែការផ្លាស់ប្តូររបប ពីសម័យ សង្គមរាស្រ្តនិយម​របស់សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋ របស់លោក លន់ នល់ បាន ធ្វើឲ្យពលរដ្ឋខ្មែរកន្លះលានអ្នកស្លាប់ និងរបប ប៉ុលពត ប្រមាណ ៣លាននាក់ស្លាប់។ សម្តេចតេជោ នាយក​រដ្ឋមន្រ្តី​ ក៏បានលើកឡើងទៀតថា ប្រសិនបើមានគ្មានសង្រ្គាមទៀត ប្រហែលជាគ្មាន « ហ៊ុន សែន» ទៅបញ្ចប់សង្រ្គាមទៀតនោះទេ។ 
* សម្តេច ក៏បានថ្លែងគូសបញ្ជាក់ដែរថា  ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើអោយយមនុស្សជាច្រើនស្លាប់ ប្រទេសខ្ទេចខ្ទី ដូច្នេះការប៉ុនប៉ងផ្តួលរំលំសម្តេចមិន ដឹងថា នឹងត្រូវធ្វើឲ្យមនុស្ស និងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ។



















 អត្ថបទ ៖ អារុណ
ប្រភព ៖ វិទ្យុជាតិកម្ពុជា

0 comments:

Post a Comment