Tuesday, February 28, 2017

ប្រសាសន៍សំខាន់ៗ និងសាររិះគន់អាមេរិក របស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ មីនា នេះ

News New : នាព្រឹកថ្ងៃទី១ ខែមីនា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញជា​អធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍកុមារតូច ដែល រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ។

សូមរម្លឹកថា សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១ ដល់ ៣ ខែមីនា ដោយមានប្រតិភូអន្តរជាតិ ជាន់ខ្ពស់មកពីប្រទេសក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៣០០នាក់ និងប្រតិភូជាតិមកពី​ក្រសួងស្ថាប័នពាក់ព័ន្ធការអប់រំ និងកុមារ ប្រមាណ ២០០បន្ថែមទៀត ។

ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖ 
* សម្តេចតេជោ បានថ្លែងថា ការគាំពារលើកុមារតូចមិនមែនទើបនឹងធ្វើនាពេលបច្ចុប្បន្ននោះឡើយ ពោលគឺ កម្ពុជាបានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩ មកម្ល៉េះ។

* សម្តេច បានបន្ថែមថា រាជរដ្ឋាភិបាល បានជំរុញការផ្សព្វផ្សាយនៅក្នុងការចិញ្ចឹមបីបាច់កុមារតាម រយៈការជំរុញបំប៉ៅដោយទឹកដោះម្តាយអោយដល់ ៩ខែ ហើយក៏បានប្រឹងប្រែងជំរុញទប់ស្កាត់ជំងឺ តម្កាត់ផ្សេងៗជាច្រើនផងដែរ ។ សម្តេចនាយករដ្ឋមន្រ្តី បានហៅសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វិក ជាការឆ្លុះបង្ហាញឲ្យឃើញបន្ថែមទៀត នូវការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាល កម្ពុជា ចំពោះកុមារតូចៗ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់ទៅលើកុមារតូច ដើម្បីអោយពួកគេក្លាយទៅជាយុវជនពោលពេញដោយចំណេះដឹងក្លាយជា ធនធានបន្តវេនសំរាប់ អភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើនខ្លាំងថែមទៀត ។

* សម្តេចតេជោ បានថ្លែងថា កុមារតូចក្នុងបន្ទុកគ្រួសារ មានន័យថា ឪពុកម្តាយជាគ្រូ ផ្ទះជាសាលា ធម្មជាតិជុំវិញផ្ទះជាកន្លែងលេង ។ ដូច្នេះការអប់រំមិនអាចកាត់ផ្តាច់ពីអាណាព្យាបាលបានឡើយ ។ប៉ុន្តែបច្ចុប្បន្នសង្គមបាន និងកំពុងធ្វើអោយគម្លាត រវាងកុមារតូច និងអាណាព្យាបាល កាន់តែឃ្លាត ឆ្ងាយ ដែលត្រូវតែរកវិធីដើម្បីដោះស្រាយបញ្ហានេះ។

* សម្តេច បានថ្លែងបន្តថា សម្តេច និងភរិយា  ព្រមទាំងក្រុមគ្រួសារ  តែងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកុមារកម្ពុជា ។ សម្តេច ក៏បានអំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយមនសិការ ទៅលើកុមារតូច ក្នុងគោលបំណងសម្រេចឲ្យបានគោលដៅ អភិវឌ្ឍប្រកប ដោយចីរភាព នៅឆ្នាំ២០៣០ ។

* សម្តេច បន្តថា ប្រទេសដែលនាំកងទ័ពទៅឈ្លានពានបរទេសច្រើនជាងគេគឺជាអ្នករំលោភបំពាន កុមារតូចច្រើនជាងគេ។ ប្រទេសដែលឈ្លានពាននោះមិនត្រឹមធ្វើបាបកុមារ ដែលពួកគេឈ្លានពាន នោះទេ តែក៏បានធ្វើបាបកុមារក្នុងប្រទេសរបស់គេផងដែរ តាមរយៈការធ្វើអោយពួកគេឃ្លាតឆ្ងាយ ពីឪពុក ។

* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើមានវេទិកាអន្តរជាតិកាន់តែច្រើន មិនគួរខ្លាច ការបំប៉ោងសំឡេង និងមិនគួរខ្លាចអាមេរិកនោះទេ ព្រោះបានធ្វើឲ្យកុមារស្លាប់ស្ទើររៀងរាល់ថ្ងៃ នៅ បណ្តាប្រទេសនៅមជ្ឈិមបូព៌ា។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា  នៅកម្ពុជាគ្រាប់បែកអាមេរិកាំង  នៅបន្តធ្វើឲ្យកុមារកម្ពុជា ច្រើនណាស់ស្លាប់បាត់បង់ជីវិត។ សម្តេច ថ្លែងថា ដល់ពេលត្រូវហ៊ាននិយាយចំពោះការឈ្លានពាន របស់អាមេរិក ។

* សម្តេច បានបន្តថ្លែងថា ប្រទេសដែលនាំកងទ័ពទៅឈ្លានពានប្រទេសគេ ច្រើនជាងគេ គឺជាអ្នក ធ្វើបាបកុមារច្រើនជាងគេ ។ សម្តេចតេជោ បានរិះគន់ចំៗ ចំពោះអាមេរិក ថា តែងតែនិយាយពីការ គោរពសិទ្ធិរបស់កុមារ តែមិនបានដល់ការធ្វើបាបកុមារ ដែលកើតចេញពីការឈ្លានពានរបស់ខ្លួន។

* សម្តេច ថ្លែងបន្តថា សម្តេចធុញទ្រាន់ចំពោះអាមេរិកដែលបានមកឈ្លានពាន និងបង្កបញ្ហាអោយ កុមារកម្ពុជាហើយ បែរជាមកផ្តល់ការទូន្មានកម្ពុជាថា ធ្វើអ៊ីចេះ អ៊ីចុះ ។ សម្តេចតេជោ ហ៊ុន សែន ក៏ បានថ្លែងថា ប្រទេសចូលរួមសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នាពេលបច្ចុប្បន្ន  សុទ្ធតែ ធ្លាប់ស្ថិតក្រោមអាណានិគម ដូចជា៖ អាមេរិក បារាំង អង់គ្លេស និងអេស្ប៉ាញ...។

* សម្តេចតេជោ ក៏បានរិះគន់ខ្លាំងៗទៅដល់អាមេរិកថា បានយកគ្រាប់បែកមកទម្លាក់លើក្បាលខ្មែរ ហើយ បែរជាត្រូវមកទារបំណុលពីកម្ពុជាថែមទៀត (វ៉ៃទារលុយ)។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រៅពីទារបំណុលពីកម្ពុជាហើយ អាមេរិកបានណែនាំឲ្យ IMF មិនបញ្ចេញលុយជួយកម្ពុជា ។ សម្តេច ថា បើអត់លុយ IMF ក៏កម្ពុជា មិនស្លាប់នោះឡើយ ។ សម្តេចអំពាវនាវឲ្យកូនខ្មែរទាំងអស់ក្រោកឡើងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែខ្លាំងក្លា ដើម្បីចៀស វាងការមើលងាយពីប្រទេសដទៃ។

អត្ថបទ ៖ អារុណ
ប្រភព ៖ វិទ្យុជាតិកម្ពុជា

0 comments:

Post a Comment