Tuesday, February 28, 2017

គង់ សភា រំលឹកពីជីវិតនយោបាយឪពុក (លោក គង់​ គាំ) ស្របពេលបក្សប្រឆំាងកំណត់ប្រធាន អនុប្រធានថ្មី

 News New : ស្របពេលគណបក្សសង្គ្រោះជាតិ កំពុងតែជ្រើសរើសក្បាលម៉ាស៊ីនថ្មី  សម្រាប់ដឹកនំា គណបក្សក្នុងប្រកួតប្រជែងសន្លឹកឆ្នោត នៅពេលខាងមុខនេះ។ លោក គង់ សភា សមាជិករដ្ឋសភា ត្រូវបានគេដឹងថា ជាកូនប្រុសលោក គង់ គំា ដែលជាអ្នកនយោបាយជើងចាស់មួយរូប បានរំលឹកពី ជីវិតនយោបាយរបស់ឪពុកខ្លួន ។ លោក គង់ សភា សមាជិកសភាគណបក្សសង្គ្រោះជាតិ មណ្ឌល ស្វាយរៀង បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១ មិនា នេះថា  បើទោះ បីជាក្នុងរបបសាធារដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា លោក គង់ គាំ ធ្លាប់ធ្វើជា រដ្ឋមន្ត្រីក្រសួងការ បរទេស រដ្ឋមន្ត្រីអមទីស្តីការក្រុមប្រឹក្សារដ្ឋមន្ត្រី និងចុងក្រោយទៀតជារដ្ឋមន្ត្រីត្រួតពិនិត្យកិច្ចការរដ្ឋ ក៏ដោយ នាឆ្នាំ១៩៩២ លោកបានប្រកាសលាលែងចេញពីតំណែង និងចេញពីគណបក្សប្រជាជន កម្ពុជា ដោយគ្មានការសោកស្តាយ ។ លោកបានហៅការលាលែងរបស់ឪពុកចេញពីបក្សប្រជាជន កម្ពុជា គឺជាការរួចផុតពីកំណែនយួនកុម្មុយនីស្ត ដែលលើកបន្តុបរដ្ឋាភិបាលជំនាន់នោះ។ឆ្នាំ១៩៩៥ លោក ក៏បានចូលរួមជាមួយលោក សម រង្ស៊ី និងឥស្សរជន នយោបាយដ៏ទៃទៀត បង្កើតគណបក្ស ជាតិខ្មែរ ដែលជាចលនានយោបាយធំតែមួយគត់ នៅក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ ពិត ប្រាកដសម្រាប់កម្ពុជា ។ លោកគូសបញ្ជាក់ថា  ក្នុងព្វហេតុនេះ  លោកបានលះបង់ទាំងកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីឈានទៅសម្រេចនូវគោលដៅ ដែលគឺជា វត្ថុ បំណងតែមួយគត់របស់លោក និងប្រជាជនកម្ពុជា នោះ គឺ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតដ៏ ប្រាកដ។លោកបន្ថែមថា មុនការបោះឆ្នោតជាតិឆ្នាំ២០១៣ បន្ទាប់ពីប្រធានគណបក្ស សម រង្ស៊ី ត្រូវ បាននិរទេសទៅក្រៅប្រទេស ដោយបណ្តឹងរបស់រាជរដ្ឋាភិបាល លោក គង់ គាំ  ក្នុងនាមជាប្រធាន ស្តីទី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ គ្រប់គ្រងគណបក្សប្រឆាំង ឱ្យមានភាពប្រក្រតី និង បន្តទទួលបានការគាំទ្រពីសកម្មជន និងប្រជាជន បើទោះបីជាស្ថានភាពនយោបាយ នាពេលនោះ មានលក្ខណៈផុយស្រួយយ៉ាងណាក៏ដោយ។លោក គង់ សភា បន្ថែមថា ក្រោយមានការបូកបញ្ចូល គ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នាឆ្នាំ២០១២ ដែលមានរូបលោកផ្ទាល់ គឺជា ស្ថាបនិកម្នាក់ផងដែរ ក្នុងដំណើរការបង្កើតគណបក្សសង្គ្រោះជាតិ លោកបានបន្តជា ប្រធានគណ បក្ស សម រង្ស៊ី ចាំផ្ទះ និងជាឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ផងដែរ ។ ឆ្នាំ២០១៦ លោកបាន ប្រកាសលាលែងពីតួនាទីប្រធានគណកម្មការទី១ របស់ព្រឹទ្ធសភា និងចូលនិវត្តន៍ នយោបាយ ផង ដែរ។ប៉ុន្តែលោកនៅតែបង្ហាញនូវឆន្ទះក្នុងការចូលរួមតស៊ូផ្នែកនយោបាយជាមួយគណបក្សប្រឆាំង និងអ្នកស្នេហាជាតិជាដរាប ជាពិសេសនៅក្នុងកាលៈទេសៈដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ រហូតទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

សូមជម្រាបថា ការលើកឡើងរបស់លោក គង់ សភា នេះគឺស្របពេលដែលគណបក្សសង្គ្រោះជាតិ កំពុងតែជ្រើសក្បាលម៉ាស៊ីនថ្មី ក្នុងការដឹកនំាគណបក្ស បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពី តំណែងកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមក ៕

អត្ថបទ ៖ ចំណាន (១១០)

0 comments:

Post a Comment