Tuesday, February 21, 2017

ក្រុមហ៊ុនធំៗលំដាប់យក្សរបស់សហរដ្ឋអាមេរិកចំនួន៥០០ ចាប់អារម្មណ៍ដាក់ទុននៅស្រុកខ្មែរ

News New : ក្រុមហ៊ុនធំៗលំដាប់យក្សរបស់សហរដ្ឋអាមេរិកចំនួន៥០០ បានចាប់អារម្មណ៍ចង់ចូល បណ្តាក់ទុកបន្ថែមនៅកម្ពុជា តែកំពុងសិក្សាលក្ខខណ្ឌមួយចំនួន ។ នេះបើតាមការលើកឡើងរបស់ ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងជំនួបជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២១ ខែកុម្ភៈ  ម្សិលម៉ិញ នេះ នៅទីស្តីក្រសួងការងារ ។ លោកស្រី សុនីតា កាភូ  ( Sunita Kapoor )  ប្រធានគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំគណៈប្រតិភូនាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុម ហ៊ុន ប្រមាណជាង១០ តំណាងឱ្យក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន ៥០០ក្រុមហ៊ុន របស់សហ រដ្ឋអាមេរិក ចូលជួបសំដែងការគួរសម  និងពិភាក្សាការងារ  លើកឡើងចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីការវិវត្តរីកចំរើនរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចរីកចំរើន លូតលាស់ជាលំដាប់ចាប់តាំងពីរាជរដ្ឋា ភិបាលកម្ពុជា បានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្ម និងលក្ខខណ្ឌការងារ តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩។លោកស្រី ថាដំណើរទស្សកិច្ច របស់គណៈប្រតិភូនេះជាការបង្ហាញឱ្យឃើញនូវចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុនសហរដ្ឋអា មេរិក ដែលចង់មកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា ។

ក្នុងជំនួបនោះដែរ ភាគីសហរដ្ឋអាមេរិក ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអ្វី ដែលរាជរដ្ឋាភិ បាលកម្ពុជា បានអនុវត្តការផ្តល់នូវឱកាសវិនិយោគទុនតាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម។ តំណាង ក្រុមហ៊ុនអាមេរិក ដែលកំពុងប្រតិបត្តិការងារនៅកម្ពុជា ក៏បានសំដែងនូវការថ្លែងអំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ដែលបានដោះស្រាយនូវ កង្វល់របស់អ្នកវិនិយោគទុន ព្រមទាំងជួយគាំទ្រសព្វបែបយ៉ាង គឺ សំដៅធ្វើឱ្យប្រសើរឡើង នូវលក្ខ ខណ្ឌការងារ និងជំនាញវិជ្ជាជីវៈ ជូនបងប្អូនកម្មករ និយោជិត។ភាគីទាំងពីរ បានឯកភាពគ្នា នឹងខិត ខំបន្តកិច្ចសហប្រិតបត្តិការជាមួយគ្នាក្នុងភាពជាដៃគូរ  ដើម្បីពង្រីកឱកាសវិនិយោគ និងចូលរួម ក្នុង ការជួយទៅដល់ការទទួលខុសត្រូវសង្គម (Corporate Social Responsibility)។ទន្ទឹមនឹងនេះដែរ ភាគី ទាំងពីរ ក៏បានពិភាក្សាលើចំណុចមួយចំនួន រួមមាន ៖ 
- ការគាំទ្រសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងសហរដ្ឋអាមេរិក-កម្ពុជា
- ការបំផុសឱ្យឃើញនូវសារ:សំខាន់ នៃវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ  ក្នុងនោះ មានបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ  -ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តឱ្យបានកាន់តែប្រសើរនូវអភិបាលកិច្ចល្អ និងតម្លា ភាព
-ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព រួមមាន ការអភិវឌ្ឍធនធានមនុស្ស ការទទួល ខុសត្រូវសង្គម ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច និងមធ្យមភាពជាអ្នកដឹកនាំយុវជន និងកម្មវិធី ផ្លាស់ប្តូរវប្បធម៌របស់កម្ពុជា និងសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា - អាមេរិក ពីឆ្នាំ២០១៣ ដល់ ២០១៦  នេះ មានការកើនឡើងពី ៣.០១២,៤០លានដុល្លាអាមេរិក ដល់ ៣.១៧៤,៣០ លានដុល្លាអាមេរិក ដែល ក្នុងនោះទំហំ នៃការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក មានការកើនឡើងពី ២.៧៧១,២០ លានដុល្លាអាមេរិក ដល់ ២.៨១២,៥០ លានដុល្លាអាមេរិក៕


អត្ថបទ ៖ ចំណាន (១០៤)

0 comments:

Post a Comment