Wednesday, February 1, 2017

លោកតា ប្រាជ្ញ ឈួន វីសត្រូវ ប៉ុលពត សំលាប់ កុំតែបានពាក្យមួយឃ្លារបស់កម្មាភិបាលម្នាក់...

News New : ក្នុង​វ័យជាង ៨០ឆ្នាំ អ្នកប្រាជ្ញ​ចាប៉ីដងវែង​ លោកតា ប្រាជ្ញ ឈួន បានរស់នៅ​ក្នុង​ជីវភាព​ដ៏​សាមញ្ញ​ចុងក្រោយ​របស់លោក ឯស្រុកកំណើត ស្ថិតក្នុង​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​ ។

នៅក្នុងអាជីព​ជាអ្នក​ចាប៉ីដងវែង​ ចាប់តាំងពីឆ្នាំ១៩៤៥ មកលោកតា ប្រាជ្ញ ឈួន ដែលបានឆ្លងកាត់ ការរស់នៅជាច្រើនជំនាន់។ លោកតាបានរៀបរាប់ថា"លោកតាបានច្រៀងចាប៉ីឆ្លងកាត់មកជាច្រើន ជំនាន់ គឺឆ្អែតនឹងច្រៀងរហូតដល់ជរាបែបនេះ"។ ប៉ុន្តែអ្វីដែលគួរឱ្យចំលែក ត្រង់ថា លោកតា  ប្រាជ្ញ ឈួន ជាអ្នកចំរៀងចាប៉ីដ៏ល្បីមួយរូប ក្នុងព្រះរាជាណាចក្រកម្ពុជាយើង និងកូនដល់ទៅ  ៥នាក់  តែ អត់មានកូនណាម្នាក់ចេះច្រៀងចាប៉ីដូចលោកតាឡើយ ។  ជុំវិញ រឿងគ្មានកូនណាម្នាក់ ចេះច្រៀង ចាប៉ីនេះ លោកតាបានបញ្ជាក់ថា " ខ្លាចបង្រៀនកូនទៅ កូនចេះមិនដល់ គ្មានអ្នកស្តាប់ " ។ បើទោះ បីជាលោកតា ប្រាជ្ញ ឈួន មិនបានបង្រៀនកូនណាម្នាក់អោយចេះច្រៀងចាប៉ីដូចលោកតា  ក៏ប៉ុន្តែ លោកតា បានបន្សល់ទុកនូវជីវភាពមួយសមរម្យ និងកេរ្តិ៍ឈ្មោះត្រកូន ប្រាជ្ញ ជូនដល់កូនចៅលោក តាដែរ។

ចំពោះបញ្ហាក្នុងសម័យ ប៉ុល ពត វិញ កូនប្រុសច្បងរបស់លោកតា ប្រាជ្ញ ឈួន ឈ្មោះ ប្រាជ្ញ ឆាត បានបញ្ជាក់ថា " សម័យនោះ ឪពុករបស់លោក គឺសំណាងណាស់ ដែលមិនត្រូវបានពួក ប៉ុល ពត មិនបានយកទៅសំលាប់ដូចជា អ្នកចំរៀង និងអ្នកសិល្ប:ឯទៀត " ។ លោក ប្រាជ្ញ ឆាត  បង្ហើបឱ្យ ដឹងពីមូលហេតុ ដែលឪពុកលោករួចពីការស្លាប់ថា " កាលណោះឪពុក  រៀបនឹងត្រូវពួក  ប៉ុល ពត យកទៅសំលាប់ហើយ តែសំណាងល្អ ដោយនៅក្នុងកម្មាភិបាលប៉ុលពតនោះ ក៏មានបងប្អូនឪពុក ម្នាក់ ទើបគាត់ជួយនិយាយជាមួយកម្មាភិបាលផ្សេងទៀត កុំឱ្យយកឪពុកលោកទៅសំលាប់ ដោយ សំអាងលេចថា " កុំសំលាប់មនុស្សខ្វាក់ គ្មានប្រយោជន៍ទេ ទុកវាគ្រាន់ច្រៀងអោយយើងស្តាប់ល្អ ជាង " ។ មួយឃ្លានេះហើយ ដែលធ្វើឱ្យលោកតា ប្រាជ្ញ ឈួន បានរស់រានមានជីវិត បន្តច្រៀងកំដរ អារម្មណ៍បងប្អូនប្រជាពលរដ្ឋយើងមកដល់សព្វថ្ងៃ ៕


អត្ថបទ ៖ វណ្ណ:អារុណ


0 comments:

Post a Comment