Thursday, March 16, 2017

អគ្គនាយកដ្ឋានកាំកុងត្រូល ព្រមានចាប់យកអំបិលគ្រប់កន្លែងផលិត និងលក់ ប្រសិនបើអត់មានជាតិ...

News New : ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់អំបិលអ៊ីយ៉ូតនៅកម្ពុជាអោយមានកម្រិតកាន់តែ ច្រើនបន្ថែមទៀត ក្នុងនោះដែរ អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានប្រកាសចាត់វិធានការក្តៅ ចំពោះ សិប្បកម្ម ឬ កន្លែងផលិតអំបិលទាំងអស់ ប្រសិនបើមន្រ្ដីកាំកុងត្រូល រកឃើញថា មិនមានដាក់ជាតិ អ៊ីយ៉ូតក្នុងអំបិលតាមកម្រិតស្ដង់ដារទេនោះ នឹងត្រូវដកហូតមិនឱ្យធ្វើអាជីវកម្មតែម្ដង ។ យោងតាម​ទីភ្នាក់ងារសារព័ត៌កម្ពុជា(AKP) ចុះផ្សាយកាលពីថ្ងៃទី១៦ មីនា ក្នុងពិធីប្រគល់ពិធីប្រគល់ឧបករណ៍ ត្រួតពិនិត្យកម្រិតជាតិអ៊ីយ៉ូតក្នុងអំបិល ដល់សាខាកាំកុងត្រូលរាជធានី លោក ឌឹម ថេង អគ្គនាយក រង នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោកបានបញ្ជាក់ថា« ចាប់ពីពេលនេះតទៅ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងប្រមូលយកអំបិលទាំងអស់ ទាំងនៅតាមសិប្បកម្មនិងការ​ដាក់លក់ នៅលើទីផ្សារ មកធ្វើការពិសោធន៍ ដើម្បីស្វែងរកសារធាតុអ៊ីយ៉ូត ហើយអំបិលទាំងអស់ មានប៉ុន្មាន ប្រភេទ និងមានកម្រិតជាតិអ៊ីយ៉ូតក្នុងទំហំប៉ុន្មាន? សម្រាប់រៀបចំធ្វើជារបាយការណ៍ និង មានវិធាន ការកំណត់ឱ្យបានច្បាស់លាស់»។លោកបានបន្ដថា ជាជំហានបន្ដ ក្នុងករណីរកឃើញអំបិល ដែល មិនមានសារធាតុអ៊ីយ៉ូត មន្រ្ដីកាំកុងត្រូល នឹងតម្រូវឱ្យអ្នកលក់ទាំងអស់ប្រមូលអំបិលទាំងអស់យក ទៅដល់កន្លែងទិញមកពីសិប្បកម្មរឺកន្លែងផលិត ដែលត្រូវមានកិច្ចសន្យារវាងអ្នកទិញនិងអ្នកផលិត ដើម្បីបញ្ជាក់ថា អំបិលនេះ ពិតជាមានជាតិអ៊ីយ៉ូត ពិតប្រាកដមែន ចៀសវាង លក់អំបិលដាក់ស្លាក សញ្ញាថា មានជាតិអ៊ីយ៉ូត ប៉ុន្ដែមិនមានជាតិអ៊ីយ៉ូតទៅវិញ។លោកបានអះអាងថា ចំពោះអំបិលក្លែង ក្លាយ ដែលលួចយកអំបិលគ្មានជាតិអ៊ីយ៉ូតយកទៅដាក់ ឬច្រកក្នុងថង់ ឬ ស្បោងសរសេរថា អំបិល មានជាតិអ៊ីយ៉ូតនោះកាំកុងត្រូលត្រូវចាត់វិធានការរឹបអូសយកតែម្ដងចំពោះសិប្បកម្មរឺកន្លែងផលិត ​ដែលក្លែងបន្លំលក់អំបិលមានជាតិអ៊ីយ៉ូត។លោកបានគូសបញ្ជាក់ថា«ការប្រើប្រាស់សារធាតុអ៊ីយ៉ូត កំពុងមានការខ្វះខាតច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការចូលរួមជួយទ្រទ្រង់ដល់រូបរាងកាយ និង សតិបញ្ញារបស់មនុស្ស ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ទទួលបានឧបករណ៍ត្រួតពិនិត្យ រកសារ ធាតុអ៊ីយ៉ូតចំនួន ៣០គ្រឿង ពីអង្គការយូនីសេហ្វ សម្រាប់ចែកជូនដល់ សាខាកាំកុងត្រូលរាជធានី ខេត្ដ ដើម្បីស្វែងរកកម្រិតសារធាតុអ៊ីយ៉ូត ក្នុងអំបិលអ៊ីយ៉ូត ដែលជាកម្មវិធី អាហារូបត្ថម្ភមួយយ៉ាង សំខាន់ក្នុងការចូលរួមតាមដានការបញ្ចូលជាតិអ៊ីយ៉ូតទៅក្នុងអំបិលនៅតាមសិប្បកម្មរឺកន្លែងផលិត អំបិលនៅក្នុងប្រទេសកម្ពុជា»។ លោកក៏បានពន្យល់ថា កម្រិតជាតិអ៊ីយ៉ូត ដែលត្រូវដាក់បញ្ចូលក្នុង អំបិលនេះ គឺសម្រាប់សិប្បកម្ម រឺកន្លែងផលិតត្រូវដាក់អ៊ីយ៉ូតប្រមាណ៦០មីលីក្រាមក្នុងអំបិល១គីឡូ ក្រាម ហើយសម្រាប់កន្លែងលក់រាយនៅលើទីផ្សារ អាចបញ្ចូលកម្រិតជាតិអ៊ីយ៉ូត ប្រមាណ៣០ ទៅ ៦០មីលីក្រាម ក្នុង ១គីឡូក្រាមអំបិល។ ចំណែកលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋាន លើកកម្ពស់ អាហារូបត្ថម្ភ នៃក្រសួងផែនការ បានលើកឡើងថា កម្មវិធីបញ្ចូលជាតិអ៊ីយ៉ូត នៅក្នុងអំបិលនេះ គឺ បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ មកម្លេះ ហើយក្រសួងផែនការ បានធ្វើការអង្កេតប្រជាសាស្រ្ដ និង សុខភាពថ្នាក់ជាតិក្នុងរយៈពេល៥ឆ្នាំ ម្ដងនៅ ទូទាំងប្រទេស ក្នុងនោះ កាលពីឆ្នាំ២០០៥ អត្រាប្រើ ប្រាស់សារធាតុអ៊ីយ៉ូតមានចំនួន ៧២ភាគរយ ក្នុងឆ្នាំ២០១០ អត្រាប្រើប្រាស់សារធាតុអ៊ីយ៉ូត មាន ចំនួន ៨៣% និងក្នុងឆ្នាំ២០១៤ អត្រាប្រើប្រាស់សារធាតុអ៊ីយ៉ូត នៅត្រឹមតែចំនួន ៦៦% ។ ជាមួយ គ្នានោះដែរ លោកក៏ឱ្យដឹងទៀតថា បច្ចុប្បន្ននេះការនាំចូលនូវអំបិលមកពីប្រទេសថៃ និងប្រទេស វៀតណាម ក្នុងការនាំយកមកលក់នៅទីផ្សារកម្ពុជា ភាគច្រើនមិនមានដាក់សារធាតុអ៊ីយ៉ូតនោះទេ ដែលបញ្ហានេះ ស្នើឱ្យមន្រ្ដីកាំកុងត្រូលបន្ដពង្រឹងការត្រួតពិនិត្យ ការនាំចូលអំបិលមកពីប្រទេស ជិតខាង ពិសេសត្រូវមាន វិធានការម៉ឺងម៉ាត់ដល់សិប្បកម្ម ឬកន្លែងផលិតអំបិល៕


អត្ថបទ ៖ ចំណាន (១២៤)

0 comments:

Post a Comment