Tuesday, March 21, 2017

សម្តេចក្រឡាហោម ស ខេង ស្នើឱ្យឈប់ប្រើពាក្យ " ដូរមេឃុំបម្រើបក្ស " តទៅទៀត

News New : សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនាយក​​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ថា សម្តេច​សុំ​ស្នើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពាក្យ​ថា "ដូរ​មេ​ឃុំ​បម្រើ​​បក្ស​" កុំ​ប្រើ​ពាក្យ​នេះ​បន្ត​ទៀត​។ សម្ដេចថ្លែង បែបនេះ ​ក្នុង​ពិធី​បន់​ស្រន់​បួង​សួង​សុំ​សេចក្តី​សុខ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ ១៤​ក្រុង ​/​ ស្រុក នៃ​ខេត្ត​បាត់​ដំបង ក៏​ដូច​ជា សុំ​សេចក្តី​សុខ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ដែល​ពិធី​នេះប្រារព្ធ​​ធ្វើ​​មុខ​ប្រាសាទ ​បាណន់​រសៀល​ថ្ងៃ​ទី​២១ ខែ​មីនា​ ម្សិលម៉ិញនេះ។

សម្តេច​ក្រឡា​ហោម ​បន្ត​ថា ព្រោះ​ពាក្យ​នេះ​ជា​ការ​ញ៉ុះ​ញ៉ុង​រើស​អើង​ប្រកាន់​បក្ស​ពួក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ប៉ះ​ពាល់​ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិ​និង​ផល​ប្រយោជន៏​របស់​ប្រជាពលរដ្ឋ​និង​ការ​បម្រើ​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​មន្រ្តី និង​អាជ្ញាធរ​នៅ​តាម​មូល​ដ្ឋាន​ផង​ដែរ​។

សម្តេច​បញ្ជាក់​ថា អាជ្ញាធរ​មូល​ដ្ឋាន​ភូមិ​ឃុំ​ មិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ផ្លូវ​ថ្នល់​ស្ពាន​បាន​ទេ​, តែ​អាជ្ញាធរ​ភូមិ​ឃុំ​មាន​សិទ្ធិ​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ថ្នាក់​ជាតិ​ឬ​ រាជ​រដ្ឋាភិបាល​តាម​រយៈ​មូល​និធិ​ឃុំ​ ដើម្បី​សុំ​ថវិកាធ្វើ​ផ្លូវ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​បាន​ប្រើ​ប្រាស់​ ហើយ​ផ្លូវ​ដែល​បាន​មក​នោះ​សម្រាប់​ប្រជាពល រដ្ឋ​ប្រើ​ប្រាស់​ដោយ​មិន​ប្រកាន់​បក្ស​ពួក​គណបក្ស​នេះ​គណបក្ស​នោះ​ទេ​គឺ​ បំរើ​ប្រជាពលរដ្ឋ​ទូទៅ​, បើ​ប្រើ​ពាក្យ​ " ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្រ្ត" ,ចោទ​ប្រកាន់​បែប​នេះ​វា​មិន​ត្រឹម​ត្រូវ​ទេ​, គណ បក្ស​ប្រឆាំង ឬ​អ្នក​ប្រើ​ប្រាស់​ពាក្យ​នេះ​គួរ​ពិចារណា​ឡើង​វិញ​។

សម្តេច​បន្ត​ថា មន្រ្តី និង​អាជ្ញាធរ​មូល​ដ្ឋាន​ជា​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ ដែល​​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ប្រតិភូ កម្ម​មក​ថ្នាក់​ក្រោម​ជាតិ​អោយមេ​ឃុំ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ការ​បំពេញ​បំរើ​សេវា​រដ្ឋបាល ​លិខិត​ស្នាម​ផ្សេង​ៗ​, ​សៀវ​ភៅ​ស្នាក់​នៅ​, អត្រានុកូលដ្ឋាន​, ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ជា​ដើម​៕
 
អត្ថបទ ៖ ឡាង បូរិន
 

0 comments:

Post a Comment