Thursday, March 16, 2017

តើបេក្ខជនមេឃុំ រឺចៅសង្កាត់ និងគណបក្សណា ដែលពលរដ្ឋគួរបោះឆ្នោតឱ្យ នាថ្ងៃទី៤ មិថុនា ខាងមុខ?

News New : ដោយសារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ ជិតមកដល់ គឺនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៧ ខាងមុខនេះ នៅតាមតុកាហ្វេ គេសង្កេតឃើញ មានការជជែកគ្នាពីរឿងនេះ ស្ទើរ គ្រប់កន្លែង ។ ក្នុងនោះដែរ សារព័ត៌មាន News New ក៏បានធ្វើការដកស្រង់ពីខ្លឹមសារនៃការពិភាក្សា នោះ យកមកចុះផ្សាយជូនបងប្អូនអ្នកអាន គ្រាន់កំសាន្តអារម្មណ៍បំបាត់ការអផ្សុក គឺ ក្រោមប្រធាន បទថា "ការរក្សាទុកបេក្ខជនមេឃុំចាស់ ធ្វើឱ្យគណបក្សនោះមិនជោគជ័យ "  ដែលមានខ្លឹមសារដូច ខាងក្រោម ៖
នៅតាមឃុំ សង្កាត់ មួយចំនួនតូច បេក្ខជន ដែលធ្លាប់ធ្វើជា មេឃុំ ចៅសង្កាត់ ជំទប់ទី១ ឬ ជំទប់ទី២
ដែលបានធ្វើអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន មានការថ្នាំងថ្នាក់មិនសប្បាយចិត្ត ក្នុងពេល បំរើការងារកន្លងមកនោះ។​ ប៉ុន្តែគណបក្សមួយចំនួន នៅតែបន្តដាក់បេក្ខភាពគាត់នៅលេខរៀងទី១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​ ដដែល ដោយសំអាងលើ អតីតការងារ ឬក៏ អតីតភាពបំរើបក្ស រឺថាជាបុគ្គលមានប្រជាប្រិយភាពធ្លាប់ជាប់ និងបក្សខ្លះបារម្ភថា បើដកគាត់ចេញ រឺដាក់លេខរៀងក្រោម អាចនឹងគាត់រត់ចេញពីបក្សខ្លួន ទៅចូលបក្សគេនោះ ។ ត្រង់នេះ គឺនឹងធ្វើឱ្យ គណបក្សនោះ មិន អាចទទួលជោគជ័យក្នុងការបោះឆ្នោតនេះឡើយ ព្រោះថា  បុគ្គលនេះ  បានធ្វើ អោយប្រជាពលរដ្ឋមិនសប្បាយចិត្ត បើទោះបីជាការបោះឆ្នោតជាលក្ខណ:បក្សក៏ដោយចុះ ក៏ប្រជា ពលរដ្ឋ សំលឹងមើលពីបេក្ខភាពដែលឈរនោះដែរ ។ បើមេឃុំ​ រឺ ចៅសង្កាត់ រឺ ជំទប់ទី១ ទី២ រូបនេះ កន្លងមក ធ្វើអោយប្រជាពលរដ្ឋមិនសប្បាយចិត្ត ហើយពេលឃោសនាបោះឆ្នោត គេនៅតែឃើញ រូបគាត់ឈរឈ្មោះ រឺ ដើរឃោសនាដដែល តើប្រជាពលរដ្ឋ នឹងមានអារម្មណ៍បែបណា ?  បើទោះបី ជាថ្នាក់ដឹកនាំបក្សខាងលើខំធ្វើល្អយ៉ាងណាក៏ដោយចុះ  ក៏ពលរដ្ឋខ្លះ គាត់មិនបានគិតដល់ចំណុច នេះដែរ។

តាមពិតទៅ រឿងបុគ្គលឈរឈ្មោះបោះឆ្នោតឃុំសង្កាត់ ហើយនឹងគណបក្ស គឺយើងគួរគិតទៅលើ  ចំណុចដូចខាងក្រោម ៖
១.បុគ្គលឈរឈ្មោះបោះឆ្នោត : គិតសមត្ថភាព  ចំណេះដឹង បទពិសោធការងារ ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង គុណធម៌ ទឹកចិត្តសប្បុរសធម៌ និងសកម្មភាពជាក់ស្តែងកន្លងមក ព្រមទាំង គួរគិត ពីគុណវិបត្តិខ្លះផងដែរ។
២.ចំពោះបក្ស : គិតពីគោលនយោបាយបក្សនោះច្បាស់លាស់ទេ? ការសន្យារបស់បក្សនោះចំពោះ ពលរដ្ឋ បានធ្វើតាមសន្យាទេ ? បក្សនោះមានភាពរឹងមាំគួរអោយយើងទុកចិត្តបានទេ ? គិតពីគុណ សម្បត្តិរបស់បក្សនោះ តើកន្លងមកគេបានធ្វើអ្វីខ្លះសំរាប់ពលរដ្ឋ ? ធ្វើការថ្លឹងថ្លែងរវាងគុណសម្បត្តិ និងគុណវិបត្តិរបស់បក្សនោះ តើគុណសម្បត្តិច្រើនជាងគុណវិបត្តិ រឺមួយ គុណវិបត្តិច្រើនជាងគុណ សម្បត្តិ ? សិក្សាពីប្រវត្តិរបស់បក្សនោះ តើមានប្រវត្តិបែបណា គួរអោយយើងផ្ញើវាសនា បាន រឺ ទេ ?
តើបក្សនោះ នាំមកនូវសន្តិភាព រឺ មិននាំមកនូវសន្តិភាព ?
ហេតុអ្វីបានជាយើងត្រូវគិតពីបក្ស ?  បើមេឃុំ ចៅសង្កាត់  ជាអ្នកធ្វើការផ្ទាល់ជាមួយប្រជាពលរដ្ឋ ?
ត្រង់នេះចង់បញ្ជាក់ថា ធម្មតាឃុំសង្កាត់ ក៏ត្រូវអនុវត្តផែនការតាមឋានានុក្រមដែរ មុនសំរេចកិច្ចការ អ្វីមួយ និងត្រូវទទួលថវិកាពីរដ្ឋាភិបាលដែរ ។ ដូច្នោះ បើរដ្ឋាភិបាលមួួយ ដែលមិនមានរឹងមាំ ឬ មិន មានផែនការមួយច្បាស់លាស់ តើការអភិវឌ្ឍឃុំ សង្កាត់ វាទៅជាយ៉ាងណា ?
បញ្ជាក់ : ខាងលើនេះ វាគ្រាន់តែជាបទវិភាគប៉ុណ្ណោះ ៕

អត្ថបទវិភាគ ៖​ វណ្ណ:អារុណ
រូបភាព ៖ Face book (គ្រាន់តែជាឧទាហរណ៍)


0 comments:

Post a Comment