Friday, March 3, 2017

មនុស្សជាង ២ពាន់នាក់ ចូលរួមរត់ម៉ារ៉ាតុង នៅខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ស សុខា

News New : ការ​រត់​ម៉ារ៉ា​តុង​​នៅ​បាត់​ដំបង​​បាន​​បិតទបញ្ចាប់​​ហើយ​ព្រឹក​ម៉ិញ​នេះ ដោយ​​មាន​​ការ​​ចូល​រួម​​ពី​ លោក ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជាអនុប្រធាន ស.ស.យ.ក ទទួល​បន្ទុក​ខេត្ត​ព្រៃវែង បាត់ដំបង និងបន្ទាយ​មាន​ជ័យ។ ក្រៅ​ពី​នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម​អភិបាល​ខេត្ត សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត ប្រធាន​ ស.ស.យ.ក. ​ខេត្ត​បាត់​ដំបង និង​សហ​ការី អាជ្ញាធរសមត្ថកិច្ច ប្អូន​ៗ​យុវជន សិស្សា​នុសិស្ស និង​ប្អូន​ៗ​នារី​ពិការ ព្រម​​ទាំង​​ជន​​បរទេស​​​ថែម​​ទៀត​​ ។

តាម​ហ្វេស​បុក លោក ស សុខា ឲ្យ​ដឹង​ថា ជា​​ការ​កត់​សម្គាល់ ខ្ញុំ​ឃើញ​​មិត្ត​​បរទេស​ដែល​ចូល​រួម​រត់ មិន​​ត្រឹម​តែ​​រត់​ខ្លួន​ឯង​នោះ​ទេ ថែម​​ទាំង​​ជួយ​រុញ​រទេះ​ប្អូន​​ពិការ​​ជើង​​រហូត​​ដល់​​ទី​​ចម្ងាយ​​៦​​គីឡូ​ម៉ែត្រ​ទៀត​ផង។ លោក​បន្ត​ថា កាន់​តែ​ចាប់​អារម្មណ៍​ជាង​នេះ ក៏​សង្កេត​ឃើញ​ប្អូន​ស្រី​ពិការ​ជើង ព្យាយាម​​រត់​​ផង ដើរ​ផង​ក្នុង​សភាព​ជា​ជន​ពិការ​រហូត​ដល់​ទី​ឥត​ឈប់ និង​​ឥត​​បោះ​​បង់​​ចោល​​ពាក់​កណ្ដាល​ទី​។

ជា​រួម​ លោក ស សុខា សន្និដ្ឋាន​ថា ថ្ងៃ​​នេះ​ទាំង​​អ្នក​​មិន​ពិការ និង​ទាំង​ពិការ សុទ្ធ​តែ​មាន​ឆន្ទៈ​ដូច​គ្នា​ ប្រកប​ដោយ​ស្មារតី​សាមគ្គី និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​សរសេរ​ថា [ខ្ញុំ​សង្ឃឹម​ថា​ ស្មារតី​បែប​នេះ​នឹង​បន្ត​ជា​អមតៈ​]​

ចំណែក​ឯ​ប្អូន​ពិការ​វិញ បញ្ជាក់​ថា ពិការ​តែ​កាយ តែ​ស្មារតី ឆន្ទៈ សមត្ថ​ភាព​​មិន​ពិការ​នោះ​ទេ​។ ដូច្នេះ​ រួម​គ្នា​លើក​កម្ពស់ ឲ្យ​តម្លៃ ផ្ដល់​ឳកាស កុំ​​រើស​​អើង ចំពោះ​បង​ប្អូន​ពិការ ហើយ​​បង​​ប្អូន​​ពិការ​​ក៏​​មិន​​គួរ​អស់​​សង្ឃឹម​​ឡើយ ក្នុង​សង្គម​សន្តិភាព និង​ការ​អភិវឌ្ឍ​សព្វ​ថ្ងៃ​៕


 អត្ថបទ ៖ សុផល

0 comments:

Post a Comment