Sunday, March 5, 2017

លោក ស សុខា ដឹកនាំគ្រូពេទ្យ ចុះព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកស៊ីធរកណ្តាល

News New : ព្រឹក​ថ្ងៃទី៥ មីនា នេះ បងប្អូន​ប្រជាពលរដ្ឋ  ក្មេង​ចាស់ ប្រុស​ស្រី និង ព្រះ​សង្ឃ បាន​មក​ពិនិត្យ​ និងព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងស្រុកស៊ី ធរកណ្តាល ខេត្តព្រៃវែង  យ៉ាង​ច្រើនកុះករ ដោយគ្មានប្រកាន់និន្នាការនយោបាយ​នោះ​ឡើយ ។

ឯកឧត្តម ស សុខា ក្នុងនាមជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែង បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយការចំណាយ ក្នុងន័យកាត់បន្ថយភាពក្រីក្រ ក៏ដូចជា ជួយសម្រួលដល់ការ ធ្វើដំណើរទៅពិនិត្យ និងព្យាបាលជំងឺនៅទីរួមខេត្ត រឺ ទីក្រុងភ្នំពេញរបស់បងប្អូនប្រជាពលរដ្ឋ  ទើប  ឯកឧត្តម បានបង្កើតអោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នេះឡើង ។ លោក ស សុខា បាន បន្តទៀតថា ទោះបីក្រុមគ្រូពេទ្យលោក មិនបានជួយព្យាបាលជំងឺធ្ងន់ៗ ដូចមន្ទីរពេទ្យធំៗក្តី  ក៏ក្រុម គ្រូពេទ្យនេះ អាចជួយព្យាបាលជំងឺមួយចំនួនដែរ ដូចជា ៖   ជំងឺទូទៅ និងកុមារ ជំងឺវះកាត់ខ្នាតតូច ផ្នែករោគស្ត្រី និងអេកូ ផ្នែកទន្តសាស្ត្រ និងឱសថសាស្ត្រ ជាដើម ។ លោក ស សុខា ក៏ស្នើអោយឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាថែរក្សាសុខភាពអោយបានគ្រប់ពេលវេលា ជាពិសេសស្ត្រី មានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់នៅមណ្ឌលសុខភាព ក្មេងៗពេលដេក គឺ ត្រូវចងមុងអោយបានត្រឹមត្រូវ ចៀសវាងមូលខ្លាខាំបង្កទៅជំងឺគ្រុញចាញ់ ស្របតាមពាក្យស្លោកថា " ការពារប្រសើរជាងព្យាបាល " គឺកុំរងចាំឈឺហើយ ទើបទៅព្យាបាល ត្រូវថែរក្សាសុខភាពកុំអោយ ឈឺ ព្រោះបើបងប្អូនមានជំងឺ ធ្វើឱ្យយើងខាតបង់ពេលវេលា ខាតបង់លុយកាស និងរហូតបាត់ បង់ អាយុជីវិតនោះឡើយ ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រៀបចំដោយ ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រៃវែង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សំដៅចូលរួមជួយសំរួលដល់ការ លំបាកក្នុងការធ្វើដំណើរមកព្យាបាលនៅមន្ទីរធំៗក្នុងរាជធានីភ្នំពេញ និងជួយកាត់បន្ថយការ រាល់ ចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ។

គួររំលឹកផងដែរថា ជាទិសដៅឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌល ព្រៃវែង គឺលោកបាន និងកំពុង អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នេះ ចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទូទាំងខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ បាត់ដំបង និង អាចបន្ត ទៅខេត្តផ្សេងៗទៀត ទូទាំងព្រះរាជាណាចក្រកម្ពុជា។

បញ្ជាក់ : ទីតាំង ៖ វិទ្យាល័យ ព្រៃដើមថ្នឹង ស្ថិតក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋចូលរួមពិនិត្យ និងព្យាបាលជំងឺ ចំនួន ១ ៦៥៩នាក់ ក្នុងនោះរួមមាន ៖
- ជម្ងឺទូទៅបានចំនួន​ ១ ១៦៨នាក់
- វះកាត់តូច,អេកូ និងរោគស្រ្តីបានចំនួន ៩៩នាក់
- ធ្មេញបានចំនួន ១៨២នាក់
- ផ្នែកកុមារបានចំនួន ២១០នាក់​៕

















 អត្ថបទ ៖ ឡាង បូរិន
 

0 comments:

Post a Comment