Sunday, March 5, 2017

លោក​ កឹម សុខា ៖​ មិនចាប់អារម្មណ៍ការព្រមានទម្លាយសំលេងរបស់សម្តេច ហ៊ុន សែន ឡើយ

News New : ទោះបីជាសម្តេចតេជោ ហ៊ុនសែន បានប្រកាសព្រមានថា នឹងទម្លាយសម្លេង​ទំាងអស់ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់សម្លេងដែលបែកធ្លាយក្នុងជំនួបពិភាក្សាតាមទូរ ស័ព្ទ យ៉ាងណាក្តីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសម្តែងការមិនចាប់អាម្មរណ៍ នោះទេ។លោក កឹម សុខា នៅថ្ងៃទី៦ មិនានេះ ក្នុងជំនួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តកណ្ដាល បានបញ្ជាក់ថា « យើងជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ  គ្រប់លំដាប់ថ្នាក់  ស្គាល់ខ្លួនឯងច្បាស់ ណាស់ថា “ យើងកើតចេញមកពីណា បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពណា ហើយយើងធ្វើដំណើរ ទៅណា និងដើម្បីអ្វី?  ” ។ លោក កឹម សុខា បានលើកឡើងបញ្ជាក់តាមសង្គមហ្វេសប៊ុកដោយ មិន ចាប់អារម្មណ៍ ទៅនឹងការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាលថា  នឹងទម្លាយខ្សែអាតសម្លេងសោះ ។ លោកថា ៖ « យើងបន្ដដំណើររួមគ្នាទៅមុខជានិច្ច អ្វីៗទុកជូនប្រជាពលរដ្ឋខ្មែរជាអ្នកវិនិច្ឆ័យចុះ អ្នក ណាត្រូវ អ្នកណាខុស ?។ ខ្ញុំយល់ឃើញថា បច្ចុប្បន្ននេះ គឺប្រជាពលរដ្ឋខ្មែរ បានតាមដានស្ថានភាព នយោបាយ ដោយយកចិត្តទុកដាក់ មានភាពវៃឆ្លាត និងយល់ដឹងច្រើនហើយ »។ លោក កឹម សុខា បានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ កើតឡើងពីការរួបរួមគ្នា ។ អ្វីៗយើងតែងតែ រួមគ្នា គិតរួមគ្នាធ្វើរួមគ្នាសម្រេច ដើម្បីផលប្រយោជន៍រួម សំរាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង ។

នៅថ្ងៃទី៦ មិនា នេះដែរ  សម្តេចតេជោ ហ៊ុន សែន  បានថ្លែងព្រមានទម្លាយសារឆ្លើយឆ្លងទាំងអស់ ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ   ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំង  នៅកម្ពុជាមួយ នេះ នៅតែផ្គើនមិនទទួលស្គាល់សារសំឡេងសន្ទនារវាងសម្តេច  និង លោក កឹម សុខា  ដែលបាន បែកធ្លាយ កាលពីសប្តាហ៍មុននោះ ។ ការព្រមានទម្លាយសារឆ្លើយឆ្លងជាមួយថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ បានធ្វើឡើងក្នុងពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជា អធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២  កំណាត់ទី២ និង បើកសម្ពោធដាក់អោយ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ។ សម្តេចតេជោ ហ៊ុន សែន បានព្រមាន ដោយបញ្ជាក់ ថា « អ្នកឯងចង់សាកហ្ហេ! បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។ តាំងពីក្នុង WhatApp SMS តិចអ្នក ឯងថា ខ្ញុំជាមនុស្សមិនបានការ ។ គ្រាន់តែឯកសារស្តុក ដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង Whatapp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ ។ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ ? ខ្ញុំនឹងបញ្ចេញឲ្យអ្នក ឯងមើលទាំងអស់ ។ នៅស្រុកខ្មែរមាននរណាជេរ ហ៊ុន សែន ថា អាយ៉ង ក៏ប៉ុន្តែ មកធ្វើជា  អាយ៉ង របស់ ហ៊ុន សែន »។ សូមបញ្ជាក់ថា កាលពីថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០១៧ Facebook ឈ្មោះ «សីហា» បានទម្លាយសារឆ្លើយឆ្លងនៅតាមទូរស័ព្ទមួយរវាងសម្តេចតេជោ ហ៊ុន សែន  និងលោក កឹម  សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ នៅក្នុងសារសំឡេងនោះសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានពិភាក្សាគ្នាពីការរកច្រកឱ្យលោក កឹម សុខា  បានរួចផុតពីទោសទណ្ឌ  ពិសេសផែនការ ជួយអោយលោក កឹម សុខា ដណ្តើមបានតំណែងប្រធានគណបក្សសង្រ្គោះជាតិ ពីលោក សម រង្ស៊ី ផងដែរ។ក្នុងសារសន្ទនាបែកធ្លាយនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការខឹងសម្បា ខ្លាំងជាមួយលោក សម រង្ស៊ី ដែលបានចោទប្រកាន់ ភរិយា និងកូនរបស់សម្តេច ជាកូនរបស់មេដឹក នាំវៀតណាម ឡេ ឌឹកថូ ។ ត្រង់ចំណុចនេះ ត្រូវបានលោក កឹម សុខា បន្ទរតបបង្ហាញការមិនពេញ ចិត្តជាមួយលោក សម រង្ស៊ី ផងដែរ ។  សារដែលបានបែកធ្លាយនេះ មិនមានការចេញបដិសេធ  ឬ ប្រតិកម្មណាមួយពីលោក កឹម សុខា នោះទេ តែលោក សម រង្ស៊ី ប្រមុខបក្សប្រឆាំង  ទើបបាត់បង់ តំណែង បានចេញមកថ្លែងអំពាវនាវឲ្យសាធារណជន កុំចាប់អាម្មណ៍ទៅលើសារសំឡេងនោះ ។

លោក សម រង្ស៊ី បានហៅសំឡេងសន្ទនាបែកធ្លាយនោះថា ជាសំឡែងកាត់ត និងប្រឌិតឡើង ក្នុង បំណងបំបែក គណបក្សសង្រ្គោះជាតិ  ។ លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមបញ្ជាក់ ថា « សូមបងប្អូន កូនក្មួយ កុំឲ្យតម្លៃ ទៅលើឯកសារជាលាយលក្ខណ៍អក្សរ ឬ ជាសម្លេង  ដែលគេ ប្រឌិត ឬ កាត់ត យកមកផ្សព្វផ្សាយ ក្រៅបរិបទរបស់វា ហើយ ក៏កុំជឿការបកស្រាយអកុសល និង ការញុះញង់ទាំងឡាយដែលធ្វើឡើងក្នុងគោលបំណងប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះ ជាតិ»។ លោក សម រង្ស៊ី បន្ថែមថា តាមការពិត គណបក្សសង្គ្រោះជាតិ នៅតែរឹងមាំដដែល ពីព្រោះ អ្នកស្នេហាជាតិ និងអ្នកស្រលាញ់យុត្តិធម៌ទាំងអស់ យល់ច្បាស់ថា ឯកភាពគ្នាជាលក្ខខណ្ឌចាំបាច់ ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា។ គ្រប់កាលៈទេសៈ បើទោះជាមានតំណែងជាប្រធាន ឬ គ្មាន តំណែងអ្វីក្នុងបក្សក៏ដោយ លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី នៅតែជាមនុស្សតែមួយ គឺជា ដៃគូ ស្លាប់រស់ ដើម្បីសង្គ្រោះជាតិយើង ។ ដោយសារតែខាងគេម្ខាងទៀតនោះ រកវិធីអ្វីមិនបាន ដើម្បីធ្វើ ឲ្យគណបក្សសង្គ្រោះជាតិ  ចុះខ្សោយ ពួកគេមានតែប្រើល្បិច កាន់តែថោកទាបទៅ  ថោកទាបទៅ តែនៅទីបញ្ចប់ ត្រូវតែចាញ់គណបក្សសង្គ្រោះជាតិ ជាក់ជាមិនខាន ពីព្រោះគណបក្សសង្គ្រោះជាតិ តំណាងឲ្យសេចក្តីសង្ឃឹម កិត្តិយស និងភាពថ្លៃថ្នូរ របស់ប្រជារាស្ត្រខ្មែរទាំងមូល។

 អត្ថបទ ៖ ចំណាន(១១៧)

0 comments:

Post a Comment