Monday, March 6, 2017

ភ្ញាក់ផ្អើលលឺ សម្តេច សាយ ឈុំ និយាយថា គណបក្សមួយចំនួនកំពុងធ្វើសកម្មភាពហួសច្បាប់កំណត់

News New : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជា ប្រធានព្រឹទ្ធសភាកម្ពុជា បាន បញ្ចេញទស្សន:ផ្ទាល់ខ្លួន ថា មាន គណបក្សនយោបាយមួយចំនួន គឺ បានធ្វើសកម្មភាពឃោសនា ដោយសេរីភាព គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានអំពើហិង្សា និងគ្មានការរារាំងអ្វីនោះឡើយ ប៉ុន្តែគណបក្សនយោបាយនោះ បានប្រើសិទ្ធិក្នុងការឃោសនានេះ ហួសអ្វីដែលអ្នកច្បាប់អនុញ្ញាត ។ សម្តេច សាយ ឈុំ បានថ្លែងទៅកាន់តំណាងស្រ្តីជាង ១០០នាក់ ដែលភាគីច្រើនជាមេឃុំ និងចៅ សង្កាត់ ក្នុងឱកាសអបអរសាទរ ខួបលើកទី១០៦ ទិវាអន្តរជាតិ នារី ៨ មីនា ដែលបានអញ្ជើញមកពី ទូទាំងប្រទេសដឹកនាំដោយលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៧ ខែមីនា បញ្ជាក់ថា « មកដល់ពេលនេះ កម្ពុជាបានវិវត្តន៍ខ្លួន ទៅមុខបានយ៉ាងល្អ និង មានការរីកចំរើលើគ្រប់វិស័យ ពិសេសសកម្មភាពនយោបាយស្របពេលដែលកម្ពុជា នឹងត្រូវរៀបចំ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឆ្នាំ២០១៧ និង បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ខាងមុខនេះ »។ សម្តេចបន្ត ថា មានគណបក្សនយោបាយមួយចំនួន បាន និង កំពុង ធ្វើសកម្មភាពឃោសនា លើកកម្ពស់ខ្លួនឯង ញុះញ៉ង់និយាយមូលបង្កាច់ការពិត ជេរប្រមាថមកលើ គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ  ដែលទង្វើនេះ វាខុសទាំងស្រុង  ទៅនឹងបទ បញ្ជា នីតិវិធី និងសីលធម៌ បោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បាន កំណត់។ សម្តេចបញ្ជាក់ថា“ខ្ញុំគិតថា ពួកគេទាំងនោះនឹងត្រូវបរាជ័យនៅក្នុងឧបាយកល ល្បិចកល ដ៏ពិសពុលរបស់គេ។ រាជរដ្ឋាភិបាល អាជ្ញាធរ និងប្រជាជនកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ ដើម្បី សន្តិភាព ស្ថេរភាព និង បង្ករលក្ខណៈអោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំ ដំណើរការបោះឆ្នោត ឱ្យប្រព្រឹត្តិទៅក្នុងបរិយាកាស សន្តិភាព គ្មានអំពើហិង្សា  មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឱ្យទាំងអស់គ្នា អាចទទួលយកបាន »។

ជាមួយគ្នានោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវតំណាងដល់ម្ចាស់ឆ្នោតនិងម្ចាស់ឆ្នោត ទាំងអស់គ្នា រៀបចំកម្មវិធីការងារឱ្យបានល្អ  និងទុកពេលមួយថ្ងៃ គឺ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីអញ្ជើញទៅបោះឆ្នោត ជ្រើសរើសគណបក្សណា ដែលមានបេក្ខជនល្អ មានសមត្ថភាព មាន គុណភាព មានបទពិសោធន៍ការងារ ដែលប្រជាជនជឿទុកចិត្ត និងគាំទ្រ ឱ្យកាន់អំណាច នៅថ្នាក់ មូលដ្ឋាន សម្រាប់រយៈពេល ៥ឆ្នាំតទៅមុខទៀត ផងដែរ ។ សម្តេច បានសង្កត់ធ្ងន់ថា មូលដ្ឋានល្អ មានការអភិវឌ្ឍ និងនាំឱ្យរាជរដ្ឋាភិបាល មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នោះតួនាទី សិទ្ធិអំណាច និងស្ថានភាពរបស់ស្រ្តី ក៏នឹងត្រូវបានលើកកម្ពស់តាមរយៈនេះផងដែរ ។

សូមបញ្ជាក់ថា មកទល់ពេលនេះ (គ.ជ.ប.) បានទទួលចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សនយោបាយ បានចំនួន ១២ គណបក្សនយោបាយ  ក្នុងចំណោម គណបក្សនយោបាយទាំងអស់នៅកម្ពុជា ចំនួន ៧៦គណបក្ស ។ គណបក្សនយោបាយ ដែលបាន​ដាក់បេក្ខជនឈរឈ្មោះគ្រប់ឃុំ សង្កាត់ ទូទំាងប្រទេស គឺមាន គណបក្សប្រជាជនកម្ពុជា និងគណ បក្សសង្គ្រោះជាតិ គឺចំនួន ១,៦៤៦ឃុំ សង្កាត់។ ចំណែកគណបក្សនយោបាយចំនួន ១០ផ្សេងទៀត មិនបានដាក់បេក្ខជនឈរឈ្មោះគ្រប់ឃុំ សង្កាត់នោះទេ៕


 អត្ថបទ ៖ ចំណាន (១១៨)

0 comments:

Post a Comment