Thursday, March 2, 2017

CPP និង CNRP នឹងបន្តវប្បធម៌សន្ទនាជាថ្មីទៀត បន្ទាប់ពីលោក កឹម សុខា ជាប្រធានបក្សជំនួសលោក សម រង្ស៊ី

News New : បន្ទាប់ពីឯកឧត្តម កឹម សុខា ត្រូវបានសមាជវិសាមញ្ញសំរេចជ្រើសរើសជាប្រធានគណ បក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នេះ យើងសង្កេតឃើញថា បញ្ហានយោបាយគឺ ហាក់បីដូចជា មានសភាពធូរស្បើយច្រើនជាង កាលដែលឯកឧត្តម សម រង្ស៊ី នៅធ្វើជាប្រធានបក្ស សង្គ្រោះជាតិ ឆ្ងាយណាស់ ។ ហើយអ្វីដែលគួរឱ្យកត់សំគាល់ខ្លាំងទៀតនោះ គឺ សម្តេចតេជោ  ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតជូនពរឯកឧត្តម កឹម សុខា ភ្លាមៗផងដែរ។
បើយើងត្រឡប់ទៅគិត ប៉ុន្មានខែមុននេះ ឯកឧត្តម កឹម សុខា ដែលត្រូវរត់គេចទៅឃុំខ្លួនឯងនៅក្នុង ស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែ រាជធានីភ្នំពេញ អស់ជាច្រើនខែ ។ ប៉ុន្តែទីបំផុត សម្តេច ហ៊ុន សែន បានស្នើសុំព្រះមហាក្សត្រលើកលែងទោសអោយឯកឧត្តម កឹម សុខា ពេលនោះលោក កឹម សុខា មិនត្រឹមតែរួចពីទោសទេ គឺលោកថែមទាំងមានមុខមាត់ក្នុងរដ្ឋសភា និង ក្លាយជាប្រធាន មតិភាគតិច នៃរដ្ឋសភា និងរហូតក្លាយជាគូរសន្ទនាពីបញ្ហាប្រទេសជាតិផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ទៀតផង។ ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម កឹម សុខា ហាក់បីដូចជា ត្រូវគ្នា ជាងលោក សម រង្ស៊ី ។ ពិសេសទៅទៀតសម្តេចតេជោ ហ៊ុន សែន មិនសូវចាប់អារម្មណ៍ ឬ ខ្លាចលោក កឹម សុខា ដូចលោក សម រង្ស៊ី ឡើយ។ ដូច្នោះយើងអាចវិភាគបានថា តទៅរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា អាចនឹងស្រុះស្រួលគ្នាល្អជាងមុន ហើយនិងរហូតឈានទៅអនុវត្ត វប្បធម៌សន្ទនាដូចពីមុន។ លើសពីនេះទៅទៀត យើងអាចដឹងច្បាស់ទៀតថា វប្បធម៌នេះហើយ ជា អ្វីដែលលោក កឹម សុខា ត្រូវការចាំបាច់ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន បន្ទាប់ពីទទួលតួនាទី ជាប្រធានបក្សថ្មីនោះ។ ជាក់ស្តែងការទាមទារអោយមន្ត្រីអង្គការសង្គមស៊ីវិល និងអគ្គលេខាធិការង គជប ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី ដែលកំពុងជាប់ឃុំឃាំង នៅព្រៃស ឱ្យបានរួចខ្លួនវិញ ព្រោះនេះ ក៏ជាអ្វីដែលលោក កឹម សុខា ធ្លាប់បានសន្យានោះ។
ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាវិញ យើងសង្កេតឃើញថា ដូចជាមិនតឹងតែងទេបើសិន ជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បន្ទន់ឥរិយាបថសុំជួបចរចានោះ។

ឈរលើហេតុផលខាងលើនេះ News New យល់ឃើញថា មិនយូរនោះទេថ្នាក់ដឹកនាំគណបក្សទាំង ពីរ នឹងជួបចរចាគ្នា បន្តនូវវប្បធម៌សន្ទនា ក្នុងន័យបំរើផលប្រយោជន៍ជាតិ ជាក់ជាមិនខានឡើយ៕



អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment