Saturday, March 4, 2017

សម្តេច ហ៊ុន សែន ទទួលស្គាល់ថា ពិតជាបាននិយាយជាមួយលោក កឹម សុខា តាម WhatsApp មែន

News New : ក្រោយពីមានការលើកឡើងពីការសន្ទនា រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាជា សម្លេងមិនពិត ឬក៏កាត់តនោះ  សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពិតជាបានពិភាក្សាតាម WhatsApp ជាមួយលោក កឹម សុខា ពិតមែន ។ ការ ប្រកាសអះអាងរបស់សម្តេចតេជោ ជាការឆ្លើយតបទៅកាន់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា សម្លេងនោះអាចជាការកាត់ត ។ យោងតាមគេហទំព័រ Fresh News នៅថ្ងៃទី៥ មិនា សម្តេចតេជោ បានអះអាងថា សម្លេងដែលបែកធ្លាយ និងខ្លឹមសារ នៃកិច្ចសន្ទនាគឺពិត ១០០ភាគរយ មិនមានការ កាត់ត ក្លែងក្លាយអ្វីនោះទេ នេះជាសារជូនសាធារណៈមតិជ្រាប។ សម្តេចបានបន្តថា សម្តេចទទួល ស្គាល់សម្លេងនោះ តែប្រសិនបើលោក កឹម សុខា ហ៊ានចេញមុខមកបដិសេធ សម្តេចនឹងបបួល លោក កឹម សុខា ទៅស្បថនៅមុខព្រះអង្គដងកើលតែម្តង។ សម្តេចតេជោ បញ្ជាក់ថា« ខ្ញុំសូមផ្ញើទៅ កាន់អាស៊ីសេរី ថា នោះជាសម្លេងពិត និងខ្លឹមសារ ១០០ភាគរយ ដែលខ្ញុំនិយាយជាមួយឯកឧត្តម កឹម សុខា ខ្ញុំសូមជូនសាធារណៈមតិជ្រាប ។ ឯកឧត្តម កឹម សុខា ពិតជាបានធ្វើអ្វីតាមការណែនាំ របស់ខ្ញុំ ដូចជា ការបង្ហោះសារលើហ្វេសបុក , ចេញសេចក្តីថ្លែងការណ៍, ទៅចុះឈ្មោះបោះឆ្នោត ។ល។ នេះជាលទ្ធផល នៃកិច្ចពិភាក្សារវាងឯកឧត្តម កឹម សុខា នឹងខ្ញុំ ។ ឯកឧត្តមតែងតែផ្ញើព័ត៌មាន ផ្សេងៗមកខ្ញុំជាមុន ដូចជា ការចេញសេចក្តីថ្លែងការណ៍ និងអ្វីផ្សេងៗមួយចំនួនទៀត »។ សម្តេច សង្កត់ធ្ងន់ថា « ដោយសារនៅស្រុកខ្មែរមានជឿលើអបិយជំនឿ ហើយប្រសិនបើ ឯកឧត្តម កឹម សុខា ហ៊ានចេញមុខមកបដិសេធសម្លេង នៃការសន្ទនានេះ ខ្ញុំនឹងបបួលឯកឧត្តម ទៅស្បថនៅមុខ ព្រះអង្គដង្កើតែម្តង »។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោយពី បានឆ្លើយតបភ្លាមៗ តាមរយៈចូល Comment នៅលើ Facebook គេហទំព័រមួយថា៖ «ខ្ញុំទទួលស្គាល់នូវសម្លេង និង ខ្លឹម សារ ដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួល ស្គាល់ ឬអត់សុំសួរគាត់ផ្ទាល់»។ សម្តេចនាយករដ្ឋមន្រ្តី បានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ «Hun Sen» បានចូល Comment ដែរ មានទាំងស្រុងយ៉ាងដូច្នេះថា ៖ « ខ្ញុំទទួលស្គាល់ថា នេះជាសម្លេងខ្ញុំពិត ប្រាកដមែន ។ ខ្ញុំបាននិយាយឆ្លងឆ្លើយជាមួយឯកឧត្តម កឹម សុខា ច្រើនលើក និងឆ្លងឆ្លើយតាម WhatsApp ច្រើនដង ។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះម្ចាស់ផេកសីហា ដែលមានសមត្ថភាពលួចស្តាប់ ការសន្ទនារបស់ខ្ញុំជាមួយឯកឧត្តម កឹម សុខា ដែលម៉ាស៊ីន បែបនេះមានតែអាមេរិក អ៊ីស្ត្រាអែល អាល្លឺម៉ង់ ទើបមានដែលចារកម្មអាមេរិកលួចស្តាប់ មេដឹកនាំអាល្លឺម៉ង់ និងអ៊ីរ៉ុបមួយចំនួន។ ឃើញ បងប្អូនមួយចំនួនលើកឡើងថា ជាសម្លេងដែលគេបន្លំធ្វើជាខ្ញុំ ហ៊ុន សែន បងប្អូនកុំវិនិឆ្ឆ័យលើ សម្លេងតែត្រូវវិនិឆ្ឆ័យលើខ្លឹមសារសន្ទនា វិញ »។ « តើអ្នកណាទៅដែលមានលទ្ធភាពនិយាយពី នយោបាយទូទៅបែបនេះ? កុំថាឡើយអ្នកបន្លំ សូម្បីតែថ្នាក់ឧបនាយករដ្ឋមន្ត្រី ក៏មិនមានសិទ្ធិ និង លទ្ធភាពនិយាយបែបនេះដែរ។ សូមកុំចោទខ្ញុំថា ខ្ញុំទិញក្បាលគេ ព្រោះក្បាលមនុស្ស មិនអាចកាត់ លក់បានទេ តែបើគេចង់ពិគ្រោះយោបល់ជាមួយខ្ញុំច្បាស់ណាស់ ខ្ញុំផ្តល់យោបល់ជូន តែធ្វើតាម ឬ មិនធ្វើជាសិទ្ធិរបស់គេ។ មួយចំនួនចោទខ្ញុំថា មានល្បិច ខ្ញុំចង់សួរទៅវិញថា តើអ្នកនិយាយជាមួយ ខ្ញុំ គេត្រូវការល្បិចមែនទេ? ហើយអ្នកមួលបង្កាច់ថា ប្រពន្ធនិងកូនដ៏កំសត់របស់ខ្ញុំថា ជាភរិយា និង ជាកូនរបស់មេដឹកនាំវៀតណាម តើនេះជាល្បិច ហើយថោកទាបទេ ? » សម្តេចបន្តថា « យើងជា មនុស្សដូចគ្នា បើគេមួលបង្កាច់ប្រពន្ធ កូន ម្តាយ ក្មួយ ឬ ខ្លួនយើងផ្ទាល់ (ប្រសិនជានារី) ថាជា ស្រី ខូច ស្រីសំផឹង ស្រីមិនបរិសុទ្ធ តើយើងខឹងទេ? (រឿងនេះមិនទាន់ចប់ត្រឹមនេះទេ ប្រសិនបើគ្មាន ដំណោះពីខាងអ្នកចោទ) ពួកអ្នកមិនអាចធ្វើភ្លេចបានទេ។ ខ្ញុំទទួលស្គាល់នូវសម្លេង និង ខ្លឹមសារ ដែលខ្ញុំបាននិយាយជាមួយ ឯកឧត្តម កឹម សុខា ហើយតែត្រង់ ឯកឧត្តម កឹម សុខា ទទួលស្គាល់ ឬ អត់សុំសួរគាត់ផ្ទាល់»។
អត្ថបទ ៖ ចំណាន (116)




0 comments:

Post a Comment