Monday, May 29, 2017

ក្មេងឈាមរាវម្នាក់ បើកស្កុបពីបោះពួយលឿនជ្រុលទៅបុកបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង

News New :  ម៉ូតូស្កុបពីមួយគ្រឿងបើកបរដោយយុវជនឈាមរាវ បោះពួយលឿនជ្រុលដូចហោះ បានជ្រុលបុកអ្នកដើរថ្មើរជើងម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតឡើង។ គ្រោះថ្នាក់ចរាចរនេះ បាន កើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទី ព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើ កំណាត់ផ្លូវលេខ ៣៨០ ត្រង់ចំណុចភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្ត កណ្ដាល ។

ម៉ូតូបង្កម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BE-7903  បើកបរដោយយុវជនឈ្មោះ ម៉ៅ ម៉ូ អាយុ១៩ឆ្នាំ រស់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន ឃាត់ខ្លួន រួមដំណើរជាមួយនឹងមិត្តភ័ក្រម្នាក់ទៀត ឈ្មោះ ជា គួ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា យុវជនខាងលើ បើកម៉ូតូឌុបគ្នាបោះពួយល្បឿនលឿនពីត្បូងទៅជើង លុះ មកដល់ចំណុចកើតហេតុ ដោយសារគ្រប់គ្រងដៃចង្កូតលែងបាន ក៏ជ្រុលទៅបុកបុរសម្នាក់ ដើរថ្មើរ ជើង មានឈ្មោះ វ៉េង ម៉េងឃាង អាយុ ៥៦ឆ្នាំ រស់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យបោកដួលស្លាប់ភ្លាមៗនៅកន្លែង។ ចំណែកយុវជនទាំង ២នាក់ គ្រាន់តែរបួសបន្តិចបន្ទួច ។

ក្រោយកើតហេតុអ្នកបើកបរម៉ូតូបង្កត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនមកអធិការនគរបាល ស្រុក។ រីឯវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្តាល ៕

អត្ថបទ ៖ សារ៉ន

0 comments:

Post a Comment