Friday, June 30, 2017

សម្តេច ស ខេង ស្នើឱ្យក្រសួងប្រៃសនីយ៍ ជំរុញការផ្សព្វផ្សាយតាមទូរស័ព្ទ និងពិនិត្យឡើងវិញអំពី...

News New : កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ផងដែរ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាស ទី១ ឆ្នាំ២០១៧នេះបានបង្ហាញថា ក្រុមការងារបានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើសចំនួន ១៦៩,៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤គ្រឿង និង ធ្វើការពិន័យចំនួន ១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០រៀល។
របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹង បានបន្ដយ៉ាងសកម្មដោយរកឃើញអ្នកបើកបរមាន ជាតិស្រវឹងចំនួន ២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៧៧នាក់ (អ្នក បើករថយន្ដ ២២នាក់ និងអ្នកបើកម៉ូតូ ១៥៥នាក់) ។ ការត្រួតពិនិត្យសារធាតុញៀនលើកអ្នកបើកបរ ចំនួន ១៦២នាក់ រកឃើញសារធាតុញៀន ចំនួន ២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន ១៨នាក់។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០១៧ នេះ មានចំនួន ១,៨ ៨៣លើក បណ្ដាលអោយយប់ ៩១៩នាក់ និងរបួស ២,៩៨២នាក់ ដែលស្លាប់ភាគច្រើន នៅរាជធានី ភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល៨០នាក់ និងខេត្តបន្ទាយមានជ័យ ៦៨នាក់ ដែលបង្កឲ្យមានជាគ្រោះ ថ្នាក់នេះ រួមមាន ៖ ការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្ដាំ ១២ % ស្រវឹង ១១% វ៉ាជែង ១០% បត់ ១០% កត្កាយានយន្ដ ៣% ងងុយ ១% និងកត្កាផ្លូវ ១%។

បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ គឺ កើនឡើង ១៦លើក ហើយអ្នកស្លាប់កើន ១១ នាក់ តែអ្នករងរបួសថយ ២៨២នាក់។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ បើប្រើប្រៀបធៀបរយៈពេល ៦ខែ ដើមឆ្នាំ២០១៧ នេះ បើធៀបនឹងរយៈពេល ៦ខែដើមឆ្នាំ២០១៦ គឺអ្នកស្លាប់តែ ៦នាក់ទេ ចាត់ ទុកថា លទ្ធផលដែលយើងបានខិតខំធ្វើនេះ គឺវាស្ថិតនៅដដែលវាអត់មានអីប្រែប្រួលទេ ។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន ៖ ការបើកបរលើសល្បឿនកំណត់ ៣៦% មិនគោរសិទ្ធិ ១៦% មិន ប្រកាន់ស្តាំ ១២% ស្រវឹង ១១% វ៉ាជែង ១០% បត់ ១០% កត្តាយានយន្ត ៣% ងងុយដេក ០១% និង កត្តាផ្លូវ ០១%។ នៅក្នុងចំណោមអ្នកស្លាប់ ៩១៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន ៦៩៦នាក់ ស្មើ ៧៦% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៥៧១នាក់ ស្មើ ៨២% ហើយសម្តេចក្រឡាហោម ក៏បានលើកឡើងទាក់ទងការបើកបរលើសល្បឿន យើងត្រូវខិត ខំរកវិធានការ។ សម្តេចក្រឡាហោម បានស្នើឲ្យក្រសួងប្រៃសនីយ៍ ទូរគមនាគមន៍ ជម្រុញការផ្សព្វ ផ្សាយតាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវសាធារណៈ និងពិនិត្យឡើង វិញ ការបំពាក់ផ្លាកសញ្ញា គ្រឿងសញ្ញា និម្មិតសញ្ញា គឺ ដើម្បីដោះស្រាយនូវការកកស្ទះ និងបន្ថយ ល្បឿន ព្រមទាំងដាក់ភ្លើងបំភ្លឺចំណាំងផ្លាតនៅរបាំងបែងចែកទ្រូវផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធយើង ធ្វើច្រើន ប៉ុន្តែវាមិនស្របជាមួយនឹងកំណើនយានយន្ត ពិសេសនៅរាជធានីភ្នំពេញ៕






សម្រួលអត្ថបទ ៖ ទូច វណ្ណ:
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ


0 comments:

Post a Comment