Friday, June 16, 2017

ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ណាក់ ស្រីណា ក្រសោបបានតំណែងជាតួឯក ក្នុងរឿង...

News New : ស្ងាត់ៗពិធីការិនីរូបស្រស់ របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ណាក់ ស្រីណា ស្រាប់តែក្រសោបបានតំណែងជាតួឯក ក្នុងខ្សែភាពយន្តភាគរឿង " មរតកចុកឈាម " របស់ផលិត កម្មមហាហង្ស ដែលគ្រោងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ខណៈមានការអះអាង ថា រឿងនេះ គ្រោងចំណាយទុនជាង ១០ម៉ឺនដុល្លារ ។

នៅក្នុងពិធីក្រុងពលីរឿង " មរកតចុកឈាម" នៅគេហដ្ឋានរបស់ថៅកែផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ថ្ងៃទី១៦ មិថុនា ម្សិលមិញនេះ។ កញ្ញាណាក់ ស្រីណា ដែលជាតួឯកស្រី បានថ្លែងអោយ ដឹងថា នាងពិតជាសប្បាយ និងរំភើបចិត្តជាខ្លាំង នៅពេលបានក្លាយជាតួឯកនៅក្នុងរឿងនេះហើយ នាងនឹងប្រឹងប្រែងសម្ដែងឲ្យបានល្អបំផុតដោយមិនអោយទស្សនិកជនខកបំណងទេ។នាងថា រឿង នេះ នាងសម្ដែងជាតួអង្គកំសត់សោកសង្រេងខ្លាំងជាមួយនឹងឆាកជីវិតតស៊ូក្នុងនាមជាស្ត្រី ។

ស្រីណា បានឲ្យដឹងថា ក្រៅពីអាជីពជា ពិធីការិនី នាងក៏ធ្លាប់សម្ដែងភាពយន្តជាតួឯក បានចំនួន ៥ រឿង មកហើយ នេះជាលើកទី១ ដែលនាងសម្ដែងអោយផលិតកម្មមហាហង្ស និង បានសម្ដែង ប៉ះ ជាមួយតួឯកប្រុសលោក ហង្ស សម្បើមស័ក្ដ ខណៈដែលនាងរំពឹងថា ខ្លួននឹងទាញបានប្រជាប្រិយ ភាពលេចធ្លោមួយកម្រិតថែមទៀតតាមរយៈខ្សែភាពយន្តភាគមួយនេះ។

លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស  បានថ្លែងឲ្យដឹងថា មូលហេតុ ដែលជ្រើសរើស ស្រីណា ជាតួឯកនៅក្នុងរឿង "មរតកចុកឈាម" ដោយសារតែនាងមានរូបសម្រស់ទាក់ទាញ មាន ទេពកោសល្យសម្ដែងល្អ និងមានត្រេមុខ ដែលក្រុមផលិតករចង់បាន ។ លោកបញ្ជាក់ថា រឿងនេះ ជារឿងបែបមនោសញ្ចេតនា កំសត់ជ្រាលជ្រៅ សោកសង្រេងខ្លាំង  និង ឆ្លុះបញ្ចាំងពីឆាកជីវិតតស៊ូ របស់ស្ដ្រី ។ ហើយរឿងនេះ គ្រោងផលិត ៤៥ភាគ ជាមួយគម្រោងចំណាយទុនជាង ១០ម៉ឺនដុល្លារ ត្រៀមដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅអំឡុង ៣ខែ ខាងមុខនេះ។

រឿង "មរតកចុកឈាម" មានការចូលរួមសម្ដែងដោយកញ្ញា ណាក់ ស្រីណា លោក ហង្ស សម្បើម ស័ក្ដិ លោក ហម ឈរ៉ា លោក លឹម រដ្ឋា អ្នកនាង ចាន់ តារាទី អ្នកនាងប៉េងប៉ោង កញ្ញា ផា ភួង និង តារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀត៕




អត្ថបទ ៖ សុខ ស៊ីឡាង
ប្រភព ៖ TNM TV ONLINE

0 comments:

Post a Comment